អាជីវកម្ម​​នៅ​កម្ពុជា​ ងាក​មក​ប្រើប្រាស់​បច្ចេកវិទ្យា​ រាប់​តាំង​ពី​អ្នក​រត់​​កង់​បី

  • 2017-12-20 02:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិន​តូច​ធំ​​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់​យក​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ដំណើរការ​​អភិវឌ្ឍ​អាជីវកម្ម ក្នុង​ពេល​ដែល​វិស័យ​នេះ​ក៏​កំពុង​មាន​ការ​​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក សេង សុភាព នាយក​គ្រប​គ្រងវិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ហៅ​កាត់ នីបតិច (NIPTICT) បាន​លើក​ឡើងពី​ការ​ផ្លាស់ប្តូរ​ការ​ធ្វើ​អាជីវកម្មក្នុង​ប្រទេស​កម្ពុជា រាប់​តាំង​ពី​អ្នក​ប្រកប​របរ​រត់​កង់​បី​ឡើង។

ថ្លែង​ក្នុង​កម្មវិធី Tech Startup and MSMEs Forum 2017 ដែលរៀបចំឡើង​កាល​​ពី​ម្សិលមិញ​ លោក​ សេង សុភាព បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​ការ​ធ្វើ​អាជីវកម្ម​ មក​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​អាជីវកម្ម។

"អាជីវកម្ម​តូច​ធំ​រាប់​តាំង​ពី​អ្នក​រត់​ម៉ូតូ​កង់​បី បច្ចុប្បន្ន​​ងាក​មក​ប្រើប្រាស់​បច្ចេកវិទ្យា​ ដែលនេះ​បង្ហាញការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ"។

លោក​ប្រមើល​មើល​ថា នៅ​ថ្ងៃ​អនាគត បច្ចេកវិទ្យា​នឹង​អាច​ធ្វើ​ឲ្យ​​បន្ថយ​ការ​ប្រើ​ប្រាស់​កម្លាំង​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ ដោយធ្វើ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ជំនួសវិញ​។ ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ បច្ចេកវិទ្យា​អាច​ជួយសម្រួល ដល់ដំណើរ​ការ​ងារ​ក្រុម​ហ៊ុន​អាជីវកម្ម ជំនួសដោយបច្ចេកវិទ្យារហូត​ដល់ ៤០% នៃ​ចំនួន​បុគ្គលិក​នេះ។​

លោក​ Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart បាន​ថ្លែង​ថា Smart បាន​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​​ជំរុញ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម (SME) ឆ្ពោះ​មក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល។

លោក​ថា នៅ​ដើម​ឆ្នាំនេះក្រុមហ៊ុនបាន​ប្រកាស​មូលនិធិ​​ថ្មី​ឈ្មោះ Smart Digital Innovation មាន​ទុន​វិនិយោគ​គិត​ជា​ទឹកប្រាក់​ចំនួន ៥ លាន​ដុល្លារ ដើម្បី​ជួយ​គាំទ្រ​ដល់​​អាជីវកម្ម​ទាក់ទង​នឹង​​ឌីជីថល​ ដែល​​ជា​អនាគត​ម៉ាស៊ីន​​ជួយ​​ពន្លឿន​​​កំណើន​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី​ក្រសួង​ប្រៃសនីយនិង​ទូរគមនគមន៍​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​​ដែរ​ថា ការ​ទទួល​យក​បច្ចេក​វិទ្យា​ដោយ​ SME នឹង​ជួយ​លើក​កម្ពស់ដល់​​ការ​ជំរុញ​កំណើន​អភីវឌ្ឍ​អាជីវ​កម្ម​បង្កើ​តថ្មី​ក្នុង​ស្រុក។

លោក​លើកឡើង​ពី​ការ​រីកចម្រើន​បច្ចេកវិទ្យា​ឌីជីថល​ដូចជា​សេវា​រ​ទូទាត់​ប្រាក់​​ ផ្ទេរ​ប្រាក់​តាម​ទូរសព្ទដៃ​ ហៅ​រថយន្ត​តាក់​ស៊ី ការ​កម្សាន្ត គ្រប់​គ្រង​បុគ្គលិក និង​ប្ដូរ​របៀប​របប​នៃ​ដំណើរ​ការ​ក្រុម​ហ៊ុន​ជាច្រើន​ទៀត។​

នៅ​ថ្ងៃ​អនាគត​វិស័យ​បច្ចេកវិទ្យា​មាន​ការ​រីក​ចំរើន​ស្រប​ពេល​ការ​ប្រកប​អាជីវកម្ម បែប​ប្រព័ន្ធ​អេឡិចត្រូនិក​ នឹង​មាន​ការ​កើន​ឡើង​ដែល​តម្រូវ​ឲ្យ​អ្នក​មាន​ចំណេះ​ដឹង​ធន​ធាន​មនុស្ស​ផ្នែក​នេះ​កាន់​តែ​ច្រើន។

លោក​បន្ត​ថា ការ​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​អនុញ្ញាត​ឲ្យ​​សហគ្រាស​ទាំង​អស់ មាន​ការ​ផ្លាស់ប្ដូរ​ស្វ័យប្រវត្តិកម្ម​ពង្រឹង​គោលដៅ​របស់​ខ្លួន​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ចាប់​យក​អតិថិជន​បាន​កាន់​តែ​ច្រើន ដើម្បី​បង្កើន​ប្រាក់​ចំណូល​បាន​​យ៉ាង​ឆាប់​រហ័ស និង​ធ្វើ​អាជីវកម្ម​នាំមុខ​គេ។

លោក​ក៏​មើល​ឃើញ​បញ្ហា​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ បាន​កំពុង​ប្រឈម​ទាក់​ទង​នឹង​ការ​ទទួល​បាន​ហិរញ្ញប្ប​ទាន​ ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ ​ខណៈ​ផលិតផល​​ជាច្រើន​ត្រូវ​បាន​នាំចូល​ពីប្រទេស​ជិត​ខាង។

ពេញ​មួយ​ថ្ងៃ​កាលពី​ម្សិលមិញ​នេះ ​សហ​គ្រាស​ធុន​តូច ​និង​ធម្យម ​(SME) ​ជា​ង​ ២០០​ បាន​ចូល​រួម​វេទិកា​ Tech Startup និង​ SME ដែល​បាន​រៀបចំ​ឡើង​ជា​លើ​ក​ដំបូង​​។

វេទិកា​នេះ​មាន​បំណង​ជំរុញ​អាជីវ​កម្ម​ក្នុង​ស្រុក​ឆ្ពោះ​ទៅ​សេដ្ឋ​កិច្ច​ឌីជី​ថល​ ដើ​ម្បី​ប្រកួត​ប្រជែងជា​មួយ​​កម្រិត​​ក្នុងស្រុក និង​ក្នុង​តំបន់។​

វេទិ​កា Tech Startup និង​ SME គឺជា​គំនិត​ផ្ដួច​ផ្ដើមរួម​របស់​ក្រសួង​​ប្រៃ​សណីយ៍​ និង​ទូរ​គមនា​គមន៍​ និង​ក្រសួង​ឧស្សាហ​កម្ម និង​សិប្ប​កម្ម​ សហ​ការ​ជា​មួយ​ដៃគូ​សមា​គម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា ​JCI និង​ Unido និងការ​ចូលរួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន Smart៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី