​Xiaomi ប្រុង​ជះ​លុយ​ទិញ​ GoPro ឆាប់ៗ​

  • 2018-04-13 08:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi ជា​ក្រុមហ៊ុន​ផលិត​​ស្មាតហ្វូន​ធំ​ជាង​គេ​​ក្នុង​លោក​លំដាប់​ទី​ ៥។ ក្រៅ​ពី​ស្មាតហ្វូន​ ក្រុមហ៊ុន​នេះ​ក៏​ផលិត​កុំព្យូទ័រ​យួរដៃ​, ឧបករណ៍​តាមដាន​សុខភាព, នាឡិកា​វៃ​ឆ្លាត​, ​សម្ភារៈ​គេហដ្ឋាន​វៃ​ឆ្លាត, Drone និង​ផលិតផល​ដទៃ​ទៀត​ជា​ច្រើន។ ការ​ចេញ​ផ្សាយ​ថ្មី​មួយ​ពី​សារព័ត៌មាន​ Bloomberg ​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ចិន​មួយ​នេះ​​កំពុង​ពិចារណា​លើ​ការ​ទិញ​ក្រុមហ៊ុន​ GoPro ទៀត​ផង។

GoPro បង្កើត​ឡើង​ដោយ​លោក​ Nick Woodman នៅ​ក្នុង​ឆ្នាំ​ ២០០២ ដោយ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ជំនាញ​លើ​ការ​ផលិត​កាមេរ៉ា​ប្រភេទ​ Action។ យ៉ាងណាក្ដី​​ក្រុមហ៊ុន​នេះ​បាន​ជួប​ប្រទះ​នឹង​​បញ្ហា​សេដ្ឋកិច្ច​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ នៅ​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​នេះ​បាន​ជម្រុះ​បុគ្គលិក​អស់​ជិត​ ៦០០ ​នាក់។ នៅ​ខែ​កុម្ភៈ​ឆ្នាំ​នេះ​ ក្រុមហ៊ុន​ក៏​បាន​បោះបង់​ចោល​ជំនួញ​ផលិត​ Drone ផង​ដែរ។ លោក​ Woodman ក៏​ធ្លាប់​បាន​លើក​ឡើង​​ពី​បំណង​លក់​ក្រុមហ៊ុន​កាល​ពី​ថ្មីៗ​នេះ​ដែរ។

លោក​ Woodman បាន​លើក​ឡើង​ដូច​នេះ​ថា ៖ "ប្រសិន​បើ​មាន​ឱកាស​​បញ្ចូល​ GoPro ជា​មួយ​ក្រុមហ៊ុន​ធំ​ដែល​ជួយ​ដល់​ជំនួញ​​របស់​យើង​ និង​ផ្ដល់​ការ​បណ្ដាក់​ទុន​ដែល​ប្រសើរ...យើង​​នឹង​ស្វាគមន៍​ឱកាស​នេះ​”។

ពេល​ GoPro ​ដាក់​លក់​ហ៊ុន​ជា​សាធារណ​នៅ​ឆ្នាំ​ ២០១៤ ក្រុមហ៊ុន​នេះ​មាន​តម្លៃ​ជាង​ ១០ ពាន់​លាន​ដុល្លារ។ យ៉ាងណាក្ដី​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​នេះ​បាន​​ធ្លាក់​ចុះ​អស់​ប្រមាណ​ ៣៨% នៅ​ឆ្នាំ​ ២០១៨ ហើយ​តម្លៃ​លើ​ទីផ្សារ​នា​ពេល​នេះ​មាន​ត្រឹម​ប្រមាណ​ ៧០០ លាន​ដុល្លារ​ប៉ុណ្ណោះ។

មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​ការ​​ជួញ​ដូរ​រវាង​ GoPro និង Xiaomi នៅ​ឡើយ​ទេ។ ប៉ុន្តែ​គេ​​ជឿ​ថា​ GoPro អាច​នឹង​លក់​បាន​ក្នុង​តម្លៃ​ខ្ទង់​ ១ ពាន់​លាន​ដុល្លារ៕​​​​

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម