ហេតុអ្វីពេលប៉ះទង្គិចគ្នា មានករណីខ្លះអ្នកបើកបរតឹងសសៃ ក ដាក់គ្នា?
- 2018-07-03 07:39:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីពេលប៉ះទង្គិចគ្នា មានករណីខ្លះអ្នកបើកបរតឹងសសៃ ក ដាក់គ្នា?
ចន្លោះមិនឃើញ
ស្ថានភាពចរាចរណ៍ចង្អៀត កកស្ទះ ការបើកបរមិនគោរពច្បាប់ចរាចរណ៍ ជាអ្វីដែលអ្នកធ្វើដំណើរបានជួបប្រទះឬបានឃើញស្ទើររាល់ថ្ងៃ។ ជាមួយគ្នានោះដែរក៏មានបញ្ហាប៉ះពារគ្នានៅពេលធ្វើដំណើរហើយពេលខ្លះបានបង្កជាហិង្សាដោយពាក្យសម្តីដាក់គ្នាទៀតក៏មាន។
អ្នកធ្វើការទាក់ទងនឹងផ្នែកសីលធម៌សង្គមលើកឡើងថាការបាត់បង់សីលធម៌របស់អ្នកបើកបរមួយចំនួនធ្វើឲ្យបាត់បង់នូវកាយវិការគោរពគ្នានៅពេលមានការប៉ះពារគ្នា និងនៅពេលធ្វើដំណើរ។
បើនិយាយដល់ចំណុចនេះទំនងជាមានមិនតិចដែរនៅពេលមានការប៉ះពារគ្នាពេលធ្វើដំណើរហើយមានទំនាស់ពាក្យសម្តីនឹងគ្នាជាជាងការដោះស្រាយដោយសន្តិវិធី និងការអធ្យាស្រ័យ។
អ្នកបើកបរខ្លះបើទោះបីជាភ្លើងក្រហមហើយក៏ដោយក៏នៅតែឆ្លៀតរុលទៅមុខដែរ និងមានពេលខ្លះថែមទាំងស៊ីផ្លេឲ្យអ្នកដែលមកពីផ្លូវមានភ្លើងបៃតងជៀសឬបន្ថយល្បឿនក៏មាន។
អ្វីទាំងអស់នេះលោក ប៉ា ចន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា មានប្រសាសន៍ថាជាដើមចមនៃទំនាស់ពាក្យសម្តីពេលមានគ្រោះថ្នាក់ចរាចរណ៍ ឬការប៉ះពារគ្នាបន្តិចបន្តួចក្តី។ លោកបន្តថាអ្នកបើកបរខ្លះបានបើកបរដោយរុលឬជែងទៅមុខដោយមិនបានគោរពច្បាប់ឬគោរពអ្នកធ្វើដំណើរផ្សេងទៀត ដែលចំណុចនេះលោកថាជារឿងអសីលធម៌មួយ។
បុគ្គលដែលមិនមានសីលធម៌ក្នុងខ្លួន លោកថាងាយបំពានច្បាប់ពេលបើកបរជាងអ្នកដែលប្រកាន់ខ្ជាប់សីលធម៌ក្នុងខ្លួន។ មិនតែប៉ុណ្ណោះលោកថាថែមទាំងអាងនូវអំណាចដោះស្រាយបញ្ហានៅពេលមានការប៉ះទង្កិចគ្នាផងដែរ។ លោកឲ្យដឹងទៀតថាអ្នកខ្លះក៏បន្ទន់ឥរិយាបថវិញនៅពេលដែលភាគីម្ខាងទៀតមិនបានខ្លាចរអារនឹងពាក្យសម្តី ឬអំណាចដែលបានអាងនោះ។
លោក ប៉ា ចន្ទរឿន បន្ថែមយ៉ាងនេះថា៖ «នៅប្រទេសគេដូចនៅថៃអី ទោះបីស្ទះចរាចរណ៍ក៏ជនជាតិគេបើកបរមានសណ្តាប់ធ្នាប់ មានវិន័យ មានជួរ មានផែន មិនដូចអ្នកបើកបរនៅភ្នំពេញយើងខ្លះគឺគាត់ចេះតែរុលទៅប្រជ្រៀតគ្នា ធ្វើម៉េចឲ្យតែទៅបាន...មិនត្រឹមតែអត់គោរពច្បាប់ទេ អត់ទាំងសីលធម៌ទៅទៀត កាលណាបាត់បង់សីលធម៌ មនុស្ស ច្បាប់ក៏លែងខ្លាច ឲ្យតែឆ្លៀតបាន មិនថាភ្លើងស្តុបលឿងឬក្រហមទេ គាត់ជាន់បានឆ្លៀតបានគាត់ទៅហើយ»។
ហិង្សាពាក្យសម្តីកើតចេញពីការប៉ះពារគ្នាពេលធ្វើចរាចរណ៍នេះក៏ទំនងកើតចេញពីសុខភាពផ្លូវចិត្តរបស់អ្នកបើកបរមួយចំនួនដិតដាមដោយហិង្សា ដែលថានាំឲ្យអ្នកបើកបរជ្រើសយកការជជែកបែបតឹងសសៃ ក ជាជាងជជែកដោយសន្តិវិធី។ លោក ប៉ា ចន្ទរឿន បន្ថែម។ លោកបន្តថា៖ «មិនគិតថាទង្វើណាខុសទង្វើណាត្រូវទេគាត់ថាបើខ្លួនគាត់ខ្លាំងជាង គាត់ធំជាងគេ គាត់សម្លុតគេបាន គាត់ធ្វើហើយ អត់បែងចែកថាពេលប៉ះហ្នឹងអ្នកណាគាត់ខុសអ្នកណាត្រូវ ខុសទទួលខុស លែងមែនហើយ គាត់គិតតែថាគាត់សម្លុតបានគាត់សម្លុតហើយ ...តែបើពាក្យសម្តីហ្នឹងមិនអាចបង្ក្រាបដៃគូម្ខាងទៀតបានទេ គឺគាត់ឈានទៅដល់ការផ្សាះផ្សា»។
បរទេសភាគច្រើនតែងសរសើរប្រជាពលរដ្ឋខ្មែរថាមានប្រពៃណីថ្លៃថ្នូរ ទន់ភ្លន់ អធ្យាស្រ័យ សីលធម៌ល្អជាដើម តែលោកថាអ្វីទាំងនេះមានខ្លះបានធ្លាក់ចុះក្រោយពីប្រទេសមួយនេះបានឆ្លងកាត់នូវសង្គ្រាមរាំរ៉ៃ ដែលធ្វើឲ្យការអអប់រំពីគុណតម្លៃជាមនុស្ស និងសីលធម៌បានធ្លាក់ចុះបន្តិចវិញ។
«សីលធម៌ដូចជាធាតុដទៃទៀតក្នុងសង្គម បើយើងមិនបណ្តុះ ថែទាំទេ វានឹងបាត់ចំណែកណាមួយ ឬក្រិន...ប្រទេសជាតិយើងមានការរីកចម្រើនខាងសេដ្ឋកិច្ច សម្ភារៈ យើងមើលជាទូទៅ តែទាក់ទងនឹងស្មារតីរបស់ខ្មែរយើងវិញ ទាក់ទងនឹងការអប់រំពីគុណតម្លៃ ពីសីលធម៌សង្គម មានតិចតួចណាស់ ទោះបីជាមានមុខវិជ្ជាសីលធម៌ ពលរដ្ឋនៅតាមសាលារៀន...ទាល់តែយើងនាំគ្នាលើកតំកើងតម្លៃវាឡើងវិញ ចាប់ផ្តើមតាំងពីគ្រួសារ សាលារៀន ស្ថាប័នសាសនា និងសារព័ត៌មាន ដើម្បីឲ្យប្រជាជនបានដឹង នឹងគិតទាំងអស់គ្នា»។
ងាកមកសីលធម៌អ្នកបើកបរវិញ លោក ប៉ា ចន្ទរឿន ថាអ្នកបើកបរត្រូវចេះគោរពច្បាប់ មានសីលធម៌ក្នុងខ្លួន ចេះគោរពជីវិតអ្នកដទៃ និងត្រូវចេះសង្រួមអារម្មណ៍ពេលមានការប៉ះពារគ្នានៅលើដងផ្លូវ ដើម្បីបានដល់ការអធ្យាស្រ័យគ្នា៕