ដៃវែង​ ជើង​វែង​ ជា​ហេតុ​ធ្វើ​ឲ្យ​ លន​ បញ្ញា​ មាន​ប្រៀប​ជាង​ដៃគូ​ប្រកួត​ស្ទើរ​គ្រប់​ពេល​

  • 2018-09-04 06:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​ និង​មាន​កាយសម្បទា​វែង​ៗ​ លន​ បញ្ញា​ នៅ​ពេល​ប្រកួត​ម្ដងៗ​ហាក់​មាន​ប្រៀប​ខ្លាំង​លើ​ដៃគូ​ប្រកួត​ ខណៈ​រាង្គកាយ​អំណោយផល​នេះ​ហើយ​ ធ្វើ​ឲ្យ​ជើង​ខ្លាំង​រូប​នេះ​បាន​ឡើង​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ទៀត​នៃ​ពាន​រង្វាន់​ TV5។​

កីឡាករ លន​ បញ្ញា

កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ ខាង​លើ​បង្ហាញ​ទម្រង់​ប្រកួត​នៅ​តែ​ល្អ​ មិន​ថា​ការ​ប្រកួត​មិត្តភាព​ ឬ​ប្រកួត​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​នា​កន្លង​មក​ក៏​ដោយ។​ ជាក់​ស្ដែង​ការ​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ សេន​ កុសល​ កាល​ពី​ថ្ងៃ​សៅរ៍​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ គឺ​ បញ្ញា​ មិន​សូវ​ជា​ពិបាក​ រួម​ទាំង​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​ទៀត​ផង​។ ពោល​ឈរ​វ៉ៃ​ឆ្ងាយ​បាន​ល្អ​ ខណៈ​ការ​ដៃគូ​ចង់​តបត​វិញ​ក៏​មិន​សូវ​ដល់​នោះ​ទេ។​ ចំណែក​ស្នៀត​បោះ​ជង្គង់​ បត់​កែង​ស្ដាំ​ និង​ចាប់​វ៉ៃ​ជង្គង់​ គឺ​ល្អ​ និង​បាន​ពេញៗ​រហូត​អាជ្ញាកណ្ដាល​រាប់​ សេន​ កុសល​ ម្ដង​ផង​ដែរ​នៅ​ក្នុង​ដើម​ទឹក​ទី២។​

លន​ បញ្ញា(ក្រហម)

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ខ្លី​ពី​ លន​ បញ្ញា​ ប្រាប់​ថា​ សេន​ កុសល​ ដែល​ជា​ដៃគូ​រូប​នេះ​ ចំណុច​ខ្សោយ​នា​ការ​ប្រកួត​ជា​មួយ​ខ្លួន​នោះ​ គឺ​មិន​សូវ​ចេះ​បិទ​ ប្រហែស​ឲ្យ​វ៉ៃ​ចូល​ច្រើន​ពេក​រហូត​ដល់​អស់​ស៊ុហ្វ​មុន​ចប់​ការ​ប្រកួត​៣ទឹក​នេះ​ទៅ​ទៀត។​

កីឡាករ លន បញ្ញា

រំលឹក​ដែរ​ថា​ កីឡាករ​ លន​ បញ្ញា​ ជា​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ។​ ជើង​ខ្លាំង​រូប​នេះ​បច្ចុប្បន្ន​មាន​កម្ពស់​រហូត​ដល់​ទៅ​ ១ម៉ែត្រ​៧៨​ ខណៈ​អាយុ​ប្រហែល​២០​ឆ្នាំ​ប៉ុណ្ណោះ។​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ពិន្ទុ​ សេន​ កុសល​ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ៥​ បាន​ឡើង​ទៅ​ជុំ​ទី៣​បន្ត​ទៀត​នៃ​ពាន​រង្វាន់​ទម្ងន់​ ៦០​គីឡូក្រាម​ផង​ដែរ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​