iPhone X ​អាច​ត្រូវបិទមិនឲ្យចូលទឹក​ដី​កូរ៉េខាងត្បូង ប៉ុន្តែ​​ប្រហែល Samsung ជួយ​បាន

  • 2018-09-12 06:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​iPhone X, 8, 8 Plus រួម​ទាំង​ iPad បួន​ម៉ូដែល​ទៀត ​​កំពុង​ប្រឈម​នឹង​ការ​ហាម​​​ឃាត់​មិន​ឲ្យ​នាំ​ចូល​ទឹក​ដី​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​សារ​ករណី​ល្មើស​សិទ្ធ​ប៉ាតង់​មួយ។ សមត្ថកិច្ច​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​​មិន​ទាន់​មាន​សេចក្ដី​សម្រេច​នៅ​ឡើយ​ទេ ប៉ុន្តែ​ Apple ទំនង​ជា​នឹង​ទទួល​រង​ការ​ពិន័យ​បែប​នេះ។

យ៉ាងណាក្ដី​ Apple ប្រហែល​ជា​អាច​ត្រូវ​ Samsung ដែល​ជា​គូ​ប្រជែង​ និង​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ ជួយ​សង្គ្រោះ​បាន​ពី​ករណី​មួយ​នេះ។

​​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាង​ត្បូង​ ហៅ​កាត់​ថា​ KAIST បាន​អះអាង​ថា​ខ្លួន​មាន​កាន់​កាប់​​នូវ​ប៉ាតង់​ទាក់​ទង​នឹង​ទម្រង់​បច្ចេកវិទ្យា​ Transistor ដែល​ប្រើ​ប្រាស់​លើ​បន្ទះ​ឈីប​​ស៊េរី A របស់​ Apple។ ដូច​នេះ​ហើយ​ KAIST ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​ Apple ថា​បាន​ល្មើស​​​ប៉ាតង់​របស់​ខ្លួន។

ដោយ​ឡែក​ Apple បាន​អះអាង​ដែរ​ថា​ប៉ាតង់​ដែល​ KAIST ​​កំពុង​កាន់​កាប់​គឺ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​​នោះ​ទេ ហើយ​នេះ​ជា​​ការ​អះអាង​​មួយ​ដែល​ Samsung ឯកភាព​​។ គួរ​ដឹង​ថា​ Samsung ក៏​កំពុង​តែ​មាន​រឿង​ក្ដី​ក្ដាំ​ជា​មួយ​នឹង​ KAIST លើ​បញ្ហា​ដូច​គ្នា​នេះ​ដែរ។

​​ក្រសួង​ពាណិជ្ជកម្ម​ ឧស្សាហកម្ម ​និង​ថាមពល​របស់​កូរ៉េ​ខាង​ត្បូង​ ​បាន​និយាយ​ថា​ ៖ "កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​​ពី​ការ​ចោទ​ប្រកាន់​របស់​ KAIST ដែល​ថា​ Apple រំលោភ​ប៉ាតង់​របស់​ខ្លួន។ រយៈពេល​​នៃ​ការ​ស៊ើបអង្កេត​​បាន​អូស​បន្លាយ​ពីរ​លើក​មក​ហើយ​ ហើយ​ការ​កំណត់​ចុង​ក្រោយ​ទំនង​ជា​នឹង​បាន​ផល​ប្រយោជន៍​ដល់​ KAIST។ នេះ​មាន​ន័យ​ថា​ការ​នាំ​ចូល iPhone X, 8, 8 Plus និង iPad បួន​ទៀត​អាច​នឹង​ត្រូវ​ហាម​ឃាត់"។

​​​ក្រសួង​ក៏​បាន​បញ្ជាក់​ដែរ​ថា​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​វិវាទ​​នៅ​ក្នុង​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ដែល​ជាប់​ទាក់​ទង​នឹង​ក្រុមហ៊ុន​ Samsung ទោះ​បី​ជា​​ការ​ស៊ើបអង្កេត​នៅ​ពេល​នេះ​ផ្ដោត​សំខាន់​លើ Apple ក្ដី។ "នេះ​ក៏​ព្រោះ​តែ​ Samsung បាន​បញ្ជូន​ភស្តុតាង​​ដើម្បី​បដិសេធ​ពី​វត្តមាន​នៃ​ប៉ាតង់​ (របស់​ KAIST) ដែល​អាច​ធ្វើ​ឲ្យ​ប៉ាតង់​ក្លាយ​ជា​មោឃៈ​”។ នេះ​ជា​ការ​បក​ស្រាយ​បន្ថែម​របស់​ក្រសួង​​ខាង​លើ។

​​​​​ដូច​នេះ​មាន​ន័យ​ថា​ ប្រសិន​បើ​ Samsung ទទួល​បាន​ជ័យ​ជម្នះ​លើ​ការ​ប្ដឹង​ផ្ដល់​នេះ Apple ក៏​​អាច​នឹង​ឈ្នះ​ដូច​គ្នា៕ ​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម