កាន់តែងាយស្រួលហើយ! វីង ពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសថៃ
- 2019-05-10 04:00:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែងាយស្រួលហើយ! វីង ពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសថៃ
ចន្លោះមិនឃើញ
បន្ទាប់ពីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសថៃ តាមរយៈដៃគូសហការផ្ទេរប្រាក់របស់ខ្លួន គឺក្រុមហ៊ុន ឌី ម៉ាន់នី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារឯកទេសវីង ដែលចុះកាលបរិច្ឆេតថ្ងៃទី ០៨ ខែឧសភា ២០១៩។
ការដាក់ឲ្យដំណើរការសេវាកម្មថ្មីនេះ គឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ របស់ ក្រុមហ៊ុន ឌី ម៉ាន់នី សម្រាប់សេវាកម្មទទួលប្រាក់ ដែលផ្ទេរពីប្រទេសកម្ពុជា។ សេវាកម្មថ្មីនេះ ត្រូវបានគេរំពឹងថានឹង ផ្តល់ជាលទ្ធភាពជាច្រើនសម្រាប់បុគ្គល និងម្ចាស់អាជីវកម្មជាជនជាតិថៃ ដែលបើកដំណើរការអាជីវកម្មរបស់ពួកគេ និងមានតម្រូវការក្នុងការការផ្ញើប្រាក់ទៅវិញទៅមករវាងប្រទេសថៃ និងកម្ពុជា។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ គឺជាជោគជ័យមួយទៀតនៅក្នុងប្រវត្តិសាស្ត្រ នៃសេវាផ្ទេរប្រាក់អន្តរជាតិ ហើយវាក៏បានបង្ហាញថា អតិថិជនវីងអាចធ្វើប្រតិបត្តិការរឹតតែច្រើនឡើងៗ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលមានលទ្ធភាពផ្សារភ្ជាប់អ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជា ទៅផ្នែកផ្សេងៗ នៃពិភពលោក។ ។
លោក ម៉ាឡូឡូស មានប្រសាសន៍បន្តទៀតថា “តាមរយៈភាពងាយស្រួល នៃកម្មវិធីស្មាតហ្វូនវីង ប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាញ ដែលរស់នៅក្នុងប្រទេសនឹងអាចផ្ទេរប្រាក់ទៅប្រទេសថៃ ភ្លាមៗ ហើយអ្នកទទួលនឹងអាចដកប្រាក់បាននៅតាមសាខាណាមួយរបស់ Sawadeeshop ក៏ដូចជាធនាគារដៃគូទាំង៣១ របស់ក្រុមហ៊ុន ឌី ម៉ាន់នី នៅក្នុងប្រទេសថៃ។
លោក Aswin Phlapongphanich នាយកប្រតិបត្តិក្រុមហ៊ុន Sawasdeeshop តំណាងក្រុមហ៊ុន ឌី ម៉ាន់នី មានប្រសាសន៍ថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ បង្ហាញថាវាពិតជាមានកំណើននៃតម្រូវការផ្ទេរប្រាក់រវាងប្រទេសទាំងពីរ ហើយវាគឺជាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន ឌី ម៉ាន់នី ក្នុងការចាប់ដៃគូជាមួយវីងក្នុងការផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាព សម្រាប់ប្រជាជនថៃទាំងអស់ ក្នុងការផ្ទេរប្រាក់ទៅកាន់ប្រទេសថៃ។
លោក Aswin Phlapongphanich មានប្រសាសន៍ថា "យើងសង្ឃឹមថាការចាប់ផ្តើមសេវាកម្មថ្មីនេះ នឹងជួយដល់កំណើននៃវិនិយោគរបស់ថៃនៅកម្ពុជា ដែលនឹងនាំមកនូវការងារកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា និងកំណើនផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស" ។ សេវាកម្មថ្មីនេះ ត្រូវបានរំពឹងថានឹងផ្តល់នូវលទ្ធផលវិជ្ជមានដូចគ្នានឹងសេវាកម្មមុនៗដែរ (ផ្ទេរប្រាក់ពីប្រទេសថៃទៅកាន់ប្រទេសកម្ពុជា) ។
អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរសព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូននូវការរួមបញ្ជូលហិរញ្ញវត្ថុ ទៅកាន់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្ដាញធនាគារ ដោយអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរសព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QRកូដ ព្រមទាំងសេវាផ្ទេរប្រាក់អន្តរជាតិពីជាង ២០០ប្រទេសទូទាំងពិភពលោក។
ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់ ១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៦ ០០០ កន្លែងនៅទូទាំងប្រទេស។ វីង បានចងសម្ព័ន្ធភាពជាមួយ អាជីវករជាង ៣០ ០០០ កន្លែង និងក្រុមហ៊ុនអន្តរជាតិរួមមាន Mastercard និងក្រុមហ៊ុនWorldRemit។ លើសពីនេះទៀត សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗ អាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយសម្រួលដល់ប្រព័ន្ធនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។
អំពី ក្រុមហ៊ុន ឌី ម៉ាន់នី
ក្រុមហ៊ុន ឌី ម៉ាន់នី គឺជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ដំបូងបង្អស់នៅប្រទេសថៃ លើសេវាផ្ទេរប្រាក់អន្តរជាតិ និងសេវាប្តូរប្រាក់ជាមួយទីតាំង ៤កន្លែង នៅទីក្រុងបាងកក សំរោង និងម៉ាហាចៃ។ ក្រុមហ៊ុន ឌី ម៉ាន់នី ផ្តល់ជូនសេវាផ្ទេរប្រាក់អន្តរជាតិទៅកាន់ 180 ប្រទេស និងរូបិយប័ណ្ណចំនួន 34 នៅក្នុងសាខារបស់ខ្លួនហើយពង្រីកសេវាកម្មរបស់ខ្លួន តាមរយៈគេហទំព័រ និងកម្មវិធីទូរសព្ទ។ កម្មវិធីទូរសព្ទ ឌី ម៉ាន់នី DeeMoney គឺជាដំណោះស្រាយចំណាយដ៏មានប្រសិទ្ធិភាពបំផុត និងភាពទូលំទូលាយសម្រាប់ការផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសជាច្រើន៕