ស្ទះ​ចរាចរណ៍​រាប់​ម៉ោង​លើ​ភ្នំ​អេវើរ៉េស​ត្រង់​ "តំបន់​មរណៈ" ធ្វើ​ឲ្យ​មនុស្ស​ដួល​ស្លាប់​បន្ត​បន្ទាប់

  • 2019-05-25 09:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្ទះ​ចរាចរណ៍​នៃ​អ្នក​ឡើង​ភ្នំ​អេវើរ៉េស ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​​លើ​ផែនដី​នេះ​ ​នៅ​ត្រង់​ចំណុច "តំបន់​មរណៈ" បាន​ធ្វើ​ឲ្យ​មនុស្ស​៤​​នាក់​ទៀត​ហើយ​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ AFP។

អ្នកឡើងភ្នំតម្រង់ជួរនៅលើភ្នំអេវើរ៉េសកាលពីថ្ងៃពុធ

ប្រទេស​នេប៉ាល់​បាន​ចេញ​សំបុត្រ​​ឡើង​ភ្នំ ចំនួន​៣៨១ ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​រដូវ​ឡើង​ភ្នំ​​នា​និទាឃ​រដូវ​នេះ​ ដែល​សំបុត្រ​ឡើង​ភ្នំ​​កម្ពស់ ៨ ៨៤៨​ម៉ែត្រ ​នេះ​​ក្នុង​ម្នាក់​ថ្លៃ ១១ ០០០ ដុល្លារ (ជាង​១​ម៉ឺន​ដុល្លារ)។

​តំបន់​មរណៈ ឬ Death zone របស់​ភ្នំ​អេវើរ៉េស​រាប់​ចាប់​ពី​កម្ពស់​ ៧ ៩០០ ម៉ែត្រ​ឡើង​ទៅ​ ជា​តំបន់​ដែល​ខ្វះ​អុកស៊ីហ្សែន និង ត្រជាក់​ឡើង​កក។

​​​​​មនុស្ស​ស្លាប់​៤​នាក់​​បន្ថែម​ទៀត ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​​សរុប​កើន​ដល់​៨​នាក់​ហើយ​​នៅ​​ក្នុង​ដំណើរ​ផ្សង​គ្រោះថ្នាក់​​លើ​ភ្នំ​អេវើរ៉េស។ អ្នក​ឡើង​ភ្នំ​ជនជាតិ​អាមេរិច អូទ្រីស ឥណ្ឌា និង អៀរឡង់​ស្ថិត​ក្នុង​ចំណោម​៨​នាក់​ ដែល​បាន​ស្លាប់​ក្នុង​រយៈពេល​១​សប្តាហ៍។

Kalpana Das វ័យ ៥២ ឆ្នាំ​បាន​ស្លាប់​នៅ​ពេល​មនុស្ស​ជា​ច្រើន​តម្រង់​ជួរ​ពេល​ទៅ​ជិត​ដល់​កំពូល​ភ្នំ ជនជាតិ​ឥណ្ឌា​ម្នាក់​ទៀត​ឈ្មោះ Nihal Bagwan អាយុ ២៧ ឆ្នាំ​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ត្រឡប់​ពី​កំពូល​ភ្នំ​មក​វិញ។

មគ្គុទ្ទេសក៍​នេប៉ាល់​អាយុ ៣៣ ឆ្នាំ​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ឯ​ដំណាក់​​ដំបូង (base camp) កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ដំណាក់​ទី​៣ ក្រោយ​ធ្លាក់​ខ្លួន​ឈឺ។ ប្រភព​ខាង​លើ​បន្ត។

AFP បន្ថែម​ថា​បុរស​ម្នាក់​ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ជាប់​គាំង​ក្នុង​ចរាចរណ៍​អស់​រយៈពេល​ជាង ១២ម៉ោង និង អស់​កំលាំង។

មគ្គុទ្ទេសក៍​​ម្នាក់​ឈ្មោះ Arun Treks​ បាន​និយាយ​ថា​ Anjali Kulkarni វ័យ​៥៥​ឆ្នាំ​ដែល​ស្ថិត​ក្នុង​ក្រុម​របស់​ខ្លួន​បាន​ស្លាប់ ដោយសារ​តែ​មនុស្ស​ជា​ច្រើន​​កក​ស្ទះ​នៅ​ជិត​កំពូល​ភ្នំ​ដែល​ជា "តំបន់​មរណៈ" ​ទើប​បណ្ដាល​ឱ្យ​មាន​សោកនាដកម្ម​យ៉ាង​ដូច្នេះ​។ កាល​ពី​សបា្ដហ៍​មុន​ អ្នក​ឡើង​ភ្នំ​ជនជាតិ​អៀរឡង់​ម្នាក់​បាន​បាត់ខ្លួន​បន្ទាប់​ពី​គាត់​បាន​រអិល​ធ្លាក់​ចុះ នៅ​​ពេល​ឡើង​ជិត​​ដល់​កំពូល​ភ្នំ ហើយ​ត្រូវ​បាន​គេ​សន្មត​ថា​បាន​ស្លាប់​បាត់​ហើយ។

រដ្ឋាភិបាល​នេប៉ាល់​បាន​ប្រែក្លាយ​​ភ្នំ​អេវើរ៉េស​ទៅ​ជា​អាជីវកម្ម ដែល​អាច​រក​ចំណូល​បាន​ចាប់​តាំង​ពី​បុរស​ជនជាតិ​នូវែលហ្សេឡង់ Edmund Hillary និង Tenzing Norgay អ្នក​ឡើង​ភ្នំ​កូនកាត់​ឥណ្ឌា​នេប៉ាល់​បាន​ឡើង​ដល់​កំពូល​ភ្នំ Everest ដំបូង​នៅ​ឆ្នាំ ១៩៥៣៕

អាន៖ អ្នក​ចិត្តសាស្ត្រ​កំណត់​ ៧​ប្រភេទ​នៃ​ស្នេហា និង ប្រភេទ​​ចុង​ក្រោយ ​​​មាន​មនុស្ស​តិច​តួច​ដែល​ធ្លាប់​មាន

អាន៖ មនុស្ស​១០​ប្រភេទ​ដែល​ទំនង​ជា​នឹង​រស់​នៅ​​ក្នុង​ជីវិត​តែ​ម្នាក់​ឯង​រៀង​រហូត​

ប្រភព៖ www.afp.com   ប្រែ​សម្រួល៖ សុខ លាងហ៊ត