ប្រតិបត្តិការ​អូសសាឡង់​ដឹក​ខ្សាច់ចេញពី​សសរស្ពានព្រែកតាមាក់ត្រូវផ្អាក​​បណ្ដោះអាសន្ន

  • 2019-09-16 01:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រ​សួង​សាធារណការ​​ឲ្យ​ដឹងថា​ក្រសួង​និ​ង​អ្នក​បច្ចេក​ទេស​បាន​សម្រេច​ផ្អាក​ប្រតិ​បត្តិ​ការ​បណ្ដោះ​អាសន្ន​​​ក្នុង​ការអូស​សាឡង់ដែល​​បាន​​ជាប់​គឿង​នៅ​សសរ​ស្ពាន​ព្រែក​តាមាក់​ក្រោយ​ពី​បាន​ព្យាយាម​អូសចេញ​ប្រហែល​​មួយ​សប្ដាហ៍តែមិន​​បាន​សម្រេច​។

(រូបភាព៖​ក្រ​សួងសាធារណការ)

ការ​សម្រេច​ផ្អាក​ប្រតិបត្តិ​ការ​បណ្ដោះ​អាសន្ន​នេះ​ត្រូវ​បាន​ក្រ​សួង​ពន្យល់​តាម​រយៈ​សេចក្ដី​ប្រ​កាស​ព័ត៌​មាន​​របស់​ខ្លួន​ចេញ​ផ្សាយ​កាលពី​ល្ងាច​មិញ​ថា​​ក្រ​សួង និង​ក្រុម​អ្នក​បច្ចេកទេស​មិន​អាច​អូស​សាឡង់​នេះ​ចេញ​​បាន​ដោយសារ​សម្ពាធ​ទឹក​ខ្លាំង​ពេក។

ក្រ​សួង​ឲ្យ​ដឹងទៀត​ថា មន្ត្រីក្រ​សួង​បាន​សហការ​ជាមួយ​ក្រ​សួង​រ៉ែ មន្ត្រី​បច្ចេកទេស​ស្ពានថ្នល់​របស់​ចិន កងអន្តរាគមន៍​កងអង្គរក្ស​សម្តេច ហ៊ុន សែន និង​មន្ត្រី​មូល​ដ្ឋាន​ដើម្បី​អូសសាឡង់​នេះជាច្រើ​ន​សារ​​ទាំង​តាម​ផ្លូវ​ទឹក និង​ផ្លូវ​គោក តែ​ថា​មិន​អាចធ្វើ​ទៅបាន​។

ប្រ​ភព​ខាង​លើ​បន្ត​ទៀតថា​សាឡង់​ជាប់​គឿង​នៅ​នឹង​សរសរ​ស្ពាន​នេះ​មិន​បានប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សសរ​ស្ពាន និង​តួស្ពាន​ទាំង​មូល​នោះទេ​ ដែលជា​ហេតុ​នាំ ឲ្យ​មាន​ការ​សម្រេច​ផ្អាក​ប្រតិបត្តិ​ការ​ជា​​បណ្ដោះ​អាសន្នសិន​។

ក្រ​សួង​បញ្ជាក់ថា​​ប្រតិបត្តិ​ការ​នឹង​ផ្ដើមជា​ថ្មី​នៅពេល​ស្ថាន​ភាព​សម្ពាធទឹក​ធូរស្បើយ​ជាង​នេះ។ គូរ​បញ្ជាក់ថាសា​​ឡង់​ដឹក​ខ្សាច់​នេះបានជាប់​គឿង​នៅសសរស្ពាន​ព្រែកតាមាក់តាំងពី​ថ្ងៃទី​៨ ខែ​កញ្ញា ​មក​ម្លេះ៕

អត្ថបទ៖ ទូច សុខា