អ៊ីស្រាអែល និងប្រទេសផ្សេងទៀតប្រើបច្ចេកវិទ្យាបែបណា ដើម្បីប្រយុទ្ធនឹង COVID-19?

  • 2020-03-24 06:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ Top10VPN បាន​បង្ហាញ​អំពី​តំបន់ចំនួន ១០ ដែល​ប្រើ​ប្រាស់​វិធីសាស្ត្រ​តាមដាន​ទូរសព្ទ​របស់​ពលរដ្ឋ​ ​ដើម្បី​ជា​ការ​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ​១៩។

១. ប្រទេស​កូរ៉េ​ខាង​ត្បូង

​កូរ៉េ​ខាង​ត្បូង​ជា​អ្នក​ចាប់​ផ្ដើម​មុន​គេ​​ក្នុង​ការ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ចាប់​ទីតាំង​របស់​ពលរដ្ឋ​តាម​រយៈ​ទូរសព្ទ​របស់​ពួក​គេ ដើម្បី​បង្កើត​ជា​កម្មវិធី​​ផែនទី​មួយ​សម្រាប់​កូវីដ​១៩។ ពលរដ្ឋ​នឹង​ទទួល​បាន​សារ​ជា​ដំណឹង​ នៅ​ពេល​ឆ្ពោះ​ទៅ​ដល់​ទីតាំង​ណា​មួយ​ដែល​មាន​អ្នក​ឆ្លង​កូវីដ​១៩​បាន​ទៅ​ដល់។ រដ្ឋាភិបាល​កូរ៉េ​ក៏​នឹង​ផ្ញើ​សារ​ជា​បន្ត​បន្ទាប់​ដល់​ពលរដ្ឋ​ នៅ​ពេល​មាន​ករណី​​ឆ្លង​ថ្មី ដោយ​​មាន​ប្រាប់​អំពី​ទី​កន្លែង​ដែល​អ្នក​ឆ្លង​ថ្មី​បាន​ទៅ​ដល់ និង​អ្នក​ដែល​​គេ​ធ្លាប់​មាន​ទំនាក់ទំនង​ជា​មួយ​ទៀត​ផង។

កម្មវិធី​ផែនទី​របស់​កូរ៉េ​គឺ​មាន​ផ្ដល់​ព័ត៌មាន​ជាក់​លាក់​តែ​ម្ដង ដូច​ជា​​ការ​ផ្ញើ​សារ​​ប្រាប់​ថា "​អ្នក​ផ្ទុក​កូវីដ​១៩​ម្នាក់ បាន​​មាន​វត្តមាន​នៅ​ហាង​ខារ៉ាអូខេ Magic Coin នៅ Jayang-dong នៅ​ពាក់​កណ្ដាល​យប់​នា​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ" និង​ "មាន​ស្ត្រី​វ័យ​ខ្ទង់ ៦០ ឆ្នាំ​ម្នាក់​បាន​តេស្ត​វិជ្ជមាន​កូវដី​១៩។ ចុច​លើ​តំណ​ភ្ជាប់​នេះ​ដើម្បី​មើល​នូវ​ទីតាំង​ដែល​ស្ត្រី​រូប​នេះ​ធ្លាប់​ទៅ​ដល់ មុន​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​” ជា​ដើម។

២. អ៊ីរ៉ង់​

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ប្រើ​ប្រាស់​កម្មវិធី​ប្រមូល​ទិន្នន័យ​អំពី​ទីតាំង​របស់​អ្នក​ប្រើ​ប្រាស់ ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​​កូវីដ​១៩។

នៅ​ថ្ងៃ​ទី ៣ ខែ​មីនា មាន​សារ​មួយ​ត្រូវ​បាន​ផ្ញើ​ទៅ​ពលរដ្ឋ​អ៊ីរ៉ង់​រាប់​លាន​នាក់ សុំ​ឲ្យ​ពួក​គេ​​ដំឡើង​កម្មវិធី​ឈ្មោះ​ថា​ AC19 ​មុន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ឬ​មណ្ឌល​សុខភាព។ កម្មវិធី​នេះ​អាច​ឲ្យ​ពួក​គេ​ដឹង​​ថា​ខ្លួន​ទំនង​ជា​មាន​ឆ្លង​កូវីដ​១៩​ឬ​អត់ តាម​រយៈ​ការ​​សួរ​ចំនួន​មួយ​ចំនួន ជា​មួយ​ចម្លើយ​ "មាន​ឬ​គ្មាន"។ យ៉ាងណាក្ដី​កម្មវិធី​បាន​លុប​ចេញ​ពី Google Play Store ដោយ​ Google លើក​ហេតុផល​ថា​​កម្មវិធី​មាន​​​ការ​អះអាង​លើស​ពី​ការ​ពិត។

៣. អ៊ីស្រាអែល​

​​​នៅ​ថ្ងៃ​ទី ១៧ ខែ​មីនា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​អនុញ្ញាត​​ឲ្យ​មាន​ច្បាប់​ដែល​អាច​ឲ្យ​មន្ត្រី​សុវត្ថិភាព​អ៊ីស្រាអែល​មាន​សិទ្ធ​​ត្រួត​ពិនិត្យ​ទូរសព្ទ​របស់​ពលរដ្ឋ​ ដោយ​មិន​បាច់​មាន​ដីកា​តុលាការ។ ច្បាប់​ថ្មី​នេះ​ក៏​តម្រូវ​ឲ្យ​ទិន្នន័យ​ទាំង​អស់​ដែល​ប្រមូល​បាន ត្រូវ​លុប​ចេញ​ក្រោយ​ពេល ៣០ ថ្ងៃ។

​​មុន​ការ​អនុញ្ញាត​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ពី​ផែនការ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​តាម​ដាន​ភេរវជន​ដែល​អ៊ីស្រាអែល​បាន​ប្រើ​កន្លង​មក​​ មក​ធ្វើ​ជា​វិធីសាស្ត្រ​ស្វែង​រក​ទីតាំង​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ដែល​ផ្ទុក​កូវីដ​១៩ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត។

៤. សិង្ហបុរី

នៅ​ថ្ងៃ​ទី ២០ ខែ​មីនា ភ្នាក់ងារ​បច្ចេកវិទ្យា​នៃ​រដ្ឋាភិបាល​សិង្ហបុរី និង​ក្រសួង​សុខាភិបាល​ បាន​ដំណើរ​ការ​កម្មវិធី​តាម​ដាន​មួយ​ឈ្មោះ Trace Together។ ការ​ចុះ​ផ្សាយ​របស់​ Straits Times បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​នេះ​អាច​ឲ្យ​​មន្ត្រី​បាន​ដឹង​ថា​នរណា​ខ្លះ​​បាន​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជា​មួយ​អ្នក​មាន​ផ្ទុក​កូវីដ​១៩។

៥. តៃវ៉ាន់

តៃវ៉ាន់​បាន​ដំណើរ​ការ​នូវ​របង​អេឡិចត្រូនិក​បាន​លឿន​បំផុត។ តាម​រយៈ​ការ​ប្រើ​ប្រាស់​សេវា​ទូរសព្ទ អាច​ឲ្យ​សមត្ថកិច្ច​បាន​ដឹង​នៅ​ពេល​មាន​នរណា​ម្នាក់​ចេញ​ពី​ផ្ទះ អំឡុង​ពេល​​​ដែល​ត្រូវ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក។

៦. អូទ្រីស

នា​​ថ្ងៃ​ទី ១៧ ខែ​មីនា​ អ្នក​តំណាង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរសព្ទ​ធំ​នៅ​​អូទ្រីស​​​គឺ Telekom Austria AG និយាយ​ថា​ខ្លួន​នឹង​ចែក​រំលែក​ទីតាំង​របស់​អ្នក​ប្រើ​ប្រាស់​ជា​មួយ​រដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​កូវដី​១៩។

៧. បែលហ្សិក​

​​រដ្ឋាភិបាល​បែលហ្សិក បាន​ប្រើ​ប្រាស់ទិន្នន័យ​ដែល​បាន​ពី​ក្រុមហ៊ុន​ទូរសព្ទ​ក្នុង​ស្រុក​តាំង​ពី​ថ្ងៃ​ទី ១១ ខែ​មីនា ដើម្បី​តាមដាន​​​ពលរដ្ឋ​ ក្នុង​ការ​កាត់​បន្ថយ​ការ​ឆ្លង និង​គ្រប់​គ្រង​​កូវីដ​១៩។

៨. អាល្លឺម៉ង់​

នៅ​ថ្ងៃ​ទី ១៨ ខែ​មីនា​ ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​អាល្លឺម៉ង់​ឈ្មោះ Deutsche Telekom និយាយ​ថា​នឹង​ចែក​រំលែក​ទីតាំង​អ្នក​ប្រើ​ប្រាស់​ជា​មួយ​រដ្ឋាភិបាល។ អ្នក​តំណាង​ក្រុមហ៊ុន​និយាយ​ថា ៖ "ជា​មួយ​ទិន្នន័យ​ដែល​មាន​ យើង​អាច​មើល​អំពី​ដំណើរ​របស់​ពលរដ្ឋ​ទូទាំង​ប្រទេស​បាន។”

៩. អ៊ីតាលី

អ៊ីតាលី​រង​​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ​នៅ​ពេល​ដែល​កូវដី​១៩​ចាប់​ផ្ដើម​ផ្ទុះ។ រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ការ​ជា​មួយ​ភ្នាក់ងារ​ផ្ដល់​សេវា​ទូរគមនាគមន៍​ដើម្បី​តាម​ដាន​ទីតាំង​ពលរដ្ឋ​​ផង​ដែរ។

​​១០. អង់គ្លេស​

ត្បិត​ថា​មិន​មាន​ការ​បញ្ជាក់​ផ្លូវ​ការ​នៅ​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​អង់គ្លេស​កំពុង​តែ​ចរចា​ជា​មួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំៗ​ដូច​ជា​ O2 និង EE ដើម្បី​អាច​ប្រើ​ប្រាស់​ទិន្នន័យ​​សម្រាប់​តាម​ដាន​ទីតាំង​ពលរដ្ឋ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង