តោះ! ស្វែង​យល់​​ការ​ចិញ្ចឹមកូន​ជនជាតិ​អាស៊ី និង​បស្ចិមលោក​ខុស​គ្នា​ម៉េច​ខ្លះ

  • 2017-12-23 08:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​និយាយ​ដល់​ឪពុកម្តាយ​អាស៊ី ពិសេស​ចិន គេ​តែង​និយាយ​អំពី​ទម្លាប់​នៃ​ការ​ចិញ្ចឹម​កូន​តាម​បែបគ្រប់គ្រង​ទុកដាក់ តឹងរឹង និង ផ្តាច់ការ។ នេះ​បើ​តាម Global Times។

ហេតុអ្វី​បាន​ជា​ឪពុកម្តាយ​ជនជាតិចិន ឬ អាស៊ីបូព៌ា​តែង​​​មាន​វប្បធម៌​ទាំង​នេះ​ក្នុង​ការ​ចិញ្ចឹម​កូន? ការ​សិក្សា​មួយ​ដោយ​អ្នកចិត្ដសាស្ដ្រ​បាន​លើក​ឡើង​ពី​មូលហេតុ​​ទៅ​នឹង​សំនួរ​នេះ​រួម​​ការ​គ្រប់គ្រង​​ទុកដាក់​កូន​​៖ ទាំង​នៅ​សាលា ក្នុង​ជីវិត​ តម្លៃ​ផ្ទាល់​ខ្លួន និង ការ​គាបសង្កត់​តាម​របត់​ប្រពៃណី​សង្គមជា​ដើម។

៤ ចំណុច​ដែល​ឪពុក​ម្តាយ​ជនជាតិ​អាស៊ី​​ចិញ្ចឹមកូន​ ខុស​ពី​បស្ចិម​លោក៖​ ​

​ឲ្យ​តម្លៃ​​​អាស្រ័យ​ស្នាដៃ​កូនៗ

អ្នក​ស្រី Amy Chua ជនជាតិ​អាមេរិក​ដើម​កំណើត​ចិន និង ជា​សាស្រ្តាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ Yale បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា "ម្តាយខ្លា Tiger Mother”។ អ្នកស្រី​រៀបរាប់​​ពី​របៀប​ចិញ្ចឹម​កូន​ស្រី​ទាំង​២​របស់​អ្នក​ស្រី​តាម​វិធី​កំណាច ដូច​ជា​ស្តី​បន្ទោស​ថា "ខ្ជិល កំសាក មិន​ចេះ​ទទួល​កំហុស​" ជា​ដើម​នៅ​ពេល​ពួកគេ​មិន​ព្រម​ធ្វើ​កិច្ចការ​សាលា។

ឪពុកម្តាយ​កាន់​តែ​មាន​អារម្មណ៍​ថា​ ការ​គិត​របស់​ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​អនុវត្ត​របស់​កូនៗ។ ពួកគេ​កាន់តែ​​ដាក់​​សម្ពាធ​កាន់​តែ​ខ្លាំង​ និង​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ជំរុញ​កូនៗ។

ទម្លាប់​មួយ​ទៀត​របស់​ឪពុកម្តាយ​អាស៊ី​តែង​ប្រៀបធៀប​កូន​ថា​មិន​ល្អ​​ដូច​អ្នក​នេះ អន់​ជាង​អ្នក​នោះ ខណៈ​អ្នក​ជំនាញ​យល់​ថា ការ​ប្រៀបធៀប​ទាំង​នេះ​នឹង​កាន់​តែ​ដាក់​សម្ពាធ​ទៅ​លើ​ផ្លូវ​ចិត្ត​កូន ដែល​មិន​មែន​ជា​បច្ច័យ​ល្អ​ដល់​ការ​លូតលាស់​ដល់​ការ​គិត​របស់​កូនៗ​ឡើយ។

កុហកដើម្បី​ឲ្យ​ល្អ

ប្រភព​នេះ​បន្ត​ថា បើ​និយាយ​ពី​តួលេខ​កុហក គេ​រក​ឃើញ​ថា ឪពុកម្តាយ​​អាស៊ី​កុហកច្រើន​ជាង​អឺរ៉ុប។ ឧទាហរណ៍ "បើ​មិន​ញ៉ាំ​បាយ​ បោះ​​តាម​បង្អួច​ទៅ​ក្រៅ" ជា​ដើម។ ប៉ុន្តែ​បើ​និយាយ​ពី​​ពាក្យ​កុហក ដើម្បី​ជម្រុញ​លើក​ទឹក​ចិត្ត​ ឪពុកម្តាយ​​អឺរ៉ុប​ចូល​ចិត្ត​កុហកកូន​ៗ​។ ឧទាហរណ៍ "មិន​អី​ទេ​ លើក​ក្រោយ​នឹង​ធ្វើ​បាន​ល្អ​ជាង​ហ្នឹង"

​គំនាប​សង្កត់​ផ្លូវចិត្ត

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ ការ​គ្រប់គ្រង​របស់​ឪពុកម្តាយ​ច្រើន​ពេក​ អាច​នឹង​ធ្វើ​ឱ្យ​បង្អាក់​ការ​អភិវឌ្ឍ​ផ្នែក​ផ្លូវចិត្ត​របស់​កុមារ ធ្វើ​ឱ្យ​ពួក​គេ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង ឲ្យ​តម្លៃ​ខ្លួន​ឯង​ទាប។

ឪពុកម្តាយ​ជា​ច្រើន​ពិសេស​ជនជាតិ​ចិន​មាន​និន្នាការ​រៀបចំ​ទុកដាក់​​ទាំងស្រុង​នូវ​ការ​រស់នៅ​របស់​កូនៗ ដែល​នេះ​​នឹង​ក្លាយ​ជា​ទំនាក់ទំនង​មិន​ល្អ​មួយ​រវាង​ឪពុកម្តាយ និង កូនៗ។ Florrie Fei-Yin Ng សាស្ត្រាចារ្យ​ចិត្តសាស្ត្រ​នៅ​សកលវិទ្យាល័យ Chinese Hong Kong។

ទោះ​ជា​យ៉ាងណា​ក៏​ការ​ចូលរួម​របស់​ឪពុកម្ដាយ​នៅ​ក្នុង​ជីវិត​កូន ៗ មិន​មែន​តែងតែ​ជា​រឿង​អាក្រក់​នោះ​ទេ ដូច​ជា​ការ​ជ្រោមជ្រែង​របស់​ពួកគេ បាន​ជួយ​បង្កើន​ការ​សិក្សា​ដល់​កូនៗ។

កត្តាវប្បធម៌

មាន​កត្តា​មួយ​ចំនួន ដែល​ឪពុកម្តាយ​អាស៊ី​គ្រប់គ្រង​កូន​យ៉ាង​តឹងរឹង ដូច​ជា៖ ប្រពៃណី​សង្គម​ដែល​ទាមទារ​ការ​គោរព ពិសេសប្រសិន​បើ​ពួកគេ​រៀបចំ​ជីវិត​កូនៗ​ឲ្យ​បាន​ល្អប្រសើរ ឪពុកម្តាយនឹង​អាច​ពឹង​ផ្អែក​លើ​កូនៗ​បាន​វិញ​នៅ​ពេល​ពួកគេ​ចាស់ៗ​ទៅ។ ផ្ទុយ​ពី​អាស៊ី ​គោល​គំនិត​ចម្បង​របស់​ឪពុកម្តាយ​នៅ​អឺរ៉ុប​ ​​​គឺ "បណ្តុះ​គំនិត​ឯករាជ្យ​ក្នុង​ការ​គិត" ដើម្បី​ឲ្យ​កូនៗ​អាច​​រស់​នៅ​​ទោះ​ជា​គ្មាន​ពួកគេ៕

ប្រភព៖ Global Times   ប្រែ​សម្រួល៖ សុខ លាងហ៊ត