បញ្ជាក់​លក្ខខណ្ឌ​ទិញ​​​ខុនដូ​តម្លៃ​ទាប សម្រាប់អ្នក​មាន​ចំណូល​ក្រោម​​៥០០ដុល្លារ

  • 2017-12-25 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​គម្រោង​អភិវឌ្ឍ​លំនៅឋាន​បែប​ខុនដូ​តម្លៃមធ្យម​ជាង ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារ​ ​ដែល​វា​ពិសេស​​សម្រាប់​​ប្រជាជន​មាន​ចំណូល​ទាប​ ​៥០០ដុល្លារ ​អាច​រស់នៅ​ទីក្រុង​។ ​សហ​ស្ថាបនិក​នៃ​គម្រោង​ក្រុមហ៊ុន​​ Arakawa ​បាន​បញ្ជាក់​ប្រាប់​​ថា ​​លក្ខខណ្ឌ​នៃការ​ទិញ​ខុនដូតម្លៃ​ទាប​ គឺ​មិន​​ចាំបាច់​បង់​ប្រាក់​កក់​មុន​ទេ​ ​ប៉ុន្តែ​ត្រូវបើក​គណនី​ធនគារ​ រួច​ដាក់​ប្រាក់​សន្សំ​នៅក្នុង​ធនាគារ​នោះ​​រយៈពេល​៣ឆ្នាំ​។ ​ក្រោយ​ទទួលបាន​ប្រាក់​សន្សំ​ប្រមាណ​ ៣០ ទៅ ៤០​ភាគរយ​ នៃ​តម្លៃ​បន្ទប់​ហើយ​ ​អតិថិជន​ត្រូវខ្ចី​ពី​ធនាគារ​បន្ថែម​ ដើម្បី​បង្គ្រប់​សម្រាប់​ការ​ទិញ​លំនៅឋាន​នេះ​។

(រូបគម្រោងទាំងស្រុង)

​លោក អៀង សុធារ៉ា ​សហ​ស្ថាបនិក​នៃ​លំនៅឋាន​ Arakawa ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​អំពី​ដំណើរការ​សាងសង់ និង​នីតិវិធី​ ក្នុងការ​សន្សំ​ប្រាក់ ដើម្បី​ទិញ​លំនៅឋាន​ Arakawa កាលពី​ថ្ងៃទី​២៣ ខែធ្នូ​​​ថា​ ​គោល​បំណង​នៃ​កម្មវិធី​គឺ ​ដើម្បី​ពន្យល់​ទូទៅ​ពាក់ព័ន្ធ​នឹង​លំនៅឋាន Arakawa ​ដូចជា​ឥទ្ធិពល​ផ្លូវច្បាប់​នៃ​ដី​កម្មសិទ្ធិ ​ដែល​ពាក់ព័ន្ធ​ដល់​ម្ចាស់​កម្មសិទ្ធិ​ជំនាន់​ក្រោយ​ រួម​នឹង​ការពន្យល់​ ពី​ការងារ​ពាក់ព័ន្ធ​នឹង​ធនាគារ​ ដូចជា​នីតិវិធី​ នៃ​ការបង់ប្រាក់​ជាដើម​។

​លំនៅដ្ឋាន​ខាង​លើចែកជា​ ២ប្រភេទ​ ​ដោយ​ទី១ ​មានផ្ទៃក្រឡា​ ២២.៦៧ម៉ែត្រការ៉េ​ ​មាន​បន្ទប់​គេង​​មួយ​​ ​និងទី២ មាន​ផ្ទៃក្រឡា​ ៤៦.៤៧​ម៉ែត្រការ៉េ​​ ​មាន​បន្ទប់​គេង​ពីរ។ ​លំនៅដ្ឋាន​នីមួយៗ​ មាន​ចង្រ្កាន​បាយ ​បន្ទប់ទឹក ​ទីធ្លា​ខាង​មុខ​ ​ដោយ​ឡែក​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ ​​ក្រុមហ៊ុន​នឹង​ផ្ដល់​ជូន​ដូចជា​ ​បង្គន់​អនាម័យ​ ​ចានឡាបូ​(ចានលាងដៃ) និង​ជើង​ចង្ក្រាន​នៅផ្ទះបាយ​ ។ នៅពេលឆាប់ៗខាងមុខ ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់លំនៅឋានគំរូ ដើម្បីឲ្យសាធារណៈជនចូលទស្សនា។ នេះបើយោងតាមការអះអាងរបស់ម្ចាស់គម្រោងខាងលើ។

(​លោក អៀង សុធារ៉ា ​សហ​ស្ថាបនិក​នៃ​លំនៅឋាន​ Arakawa)

គួរ​រំលឹក​ថាលំនៅឋាន​នេះ ជា​ប្រភេទ​អគារ​សហ​កម្មសិទ្ធិ សាងសង់​លើ​ផ្ទៃ​ដី​​ទំហំ ១៣ ៦៨០​ម៉ែត្រ​ក្រឡា ក្រោមទុន​វិនិយោគ​ប្រមាណ ៧០​លាន​ដុល្លារ។ លំនៅឋាន​​​បែប​ខុនដូ​នេះ ស្ថិតនៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ​ (ក្រោយ​មន្ទីរ​ពេទ្យ Royal Phnom Penh)៕

ចុចអានបន្ថែម

អត្ថបទ៖ ស៊ិន សាវ៉េត