​ជើង​ខ្លាំង​វ័យ​ក្មេង ៣ ​រូប​​កំពុង​ល្បី​​ខ្លាំង​លើ​ឆាក​អន្តរជាតិ​​នៅ​ចុង​ឆ្នាំ​២០១៧

  • 2017-12-27 03:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​កម្ពុជា​ចំនួន ៣ រូប​កំពុង​ល្បី​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​របស់​កម្ពុជា​កំពុង​តាម​ដាន​រាល់​ការ​ប្រកួត​​របស់​គេ​។ ដើម្បី​ជម្រាប​ជូន​ប្រិយមិត្ត​ថ្ងៃ​នេះ Sabay សូម​លើក​យក​​ចំណុច​​ចាប់​អារម្មណ៍​របស់​អ្នក​ទាំង​បី​គឺ​ ឡៅ ចិត្រា និង​ ពេជ្រ ម្ទេស​ខ្មាំង ​​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​លើ​​ឆាក​ប្រយុទ្ធ Khmer Thai Fight ខណៈ ធឿន ធារ៉ា ​បាន​ក្លាយ​ជា​គូ​ឯក​ក្នុង​កម្មវិធី Max Muay Thai នា​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ ​ខាង​មុខ​នេះ។

១-​ឡៅ ចិត្រា៖ កើត​នៅ​ខេត្ត​កំពង់​​ស្ពឺ​មាន​អាយុ ១៨ ឆ្នាំ​កម្ពស់​ ១.៧០ ធ្លាប់​ប្រកួត​បាន ៥៥​ដង​ឈ្នះ៤៩ ចាញ់ ៤ ដង​និង​ស្មើ​២​ដង។ ​ចំណុច​​គួរឲ្យ​ចាប់​អារម្មណ៍​របស់​កីឡាករ​រូប​នេះ​គឺ​ដណ្ដើម​បាន​មេដាយ​​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី២៩ នៅ​ម៉ាឡេស៊ី​។ ​ចំណុច​មួយ​ទៀត​គឺ​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​​​មក​ពី​ប្រទេស​រុស្ស៊ី​​​ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​​ Khmer Thai Fight ។ ​

ឡៅ ចិត្រា

២​-​ពេជ្រ ម្ទេស​ខ្មាំង ​៖ កីឡាករ​រូប​នេះ​មាន​អាយុ ២២​ឆ្នាំ​ធ្លាប់​ប្រកួត​បាន ៨៨​ដង​​ក្នុង​នោះ​​ឈ្នះ ៨១​ដង​ស្មើ​ ២ និង​ចាញ់ ៥ ដង​​​ជា​កូន​អ្នក​​ស្រុក​ស្អាង​ខេត្ត​កណ្ដាល។ ចំណុច​ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​​បាន​បង្ហាញ​ពី​​ភាព​អស្ចារ្យ​របស់​ខ្លួន​គឺ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី​ក្នុង​ប្រភេទ​កីឡា​ប្រដាល់​សកល។ ​​ក្នុង​ឆ្នាំ​២០១៧​នេះ​ដែរ​អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​ បាន​បង្កើត​កំណត់​ត្រា​ល្អ​មួយ​ក្នុង​ព្រឹត្តិការណ៍​ Khmer Thai Fight ដោយ​ផ្ដួល​កីឡាករ​ប្រេស៊ីល​ឲ្យ​សន្លប់​នៅ​ទឹក​ទី​១។

ពេជ្រ ម្ទេស​ខ្មាំង

៣​-​ធឿន ធារ៉ា ៖ កម្ពស់​ ១,៧០ អាយុ ១៩ ឆ្នាំ ​ជា​​អ្នក​ស្រុក​ពាមរ​ ខេត្ត​ព្រៃវែង។ ​ធ្លាប់​ឡើង​សង្វៀន​សរុប​ចំនួន ២៥ ដង​ឈ្នះ ២៤​ដង ចាញ់១ម្ដង​ក្នុង​នោះ​ធ្លាប់​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន ១១​លើក។ ក្រៅ​ពី​ឡើង​សង្វៀន​ក្នុង​ស្រុក​កីឡាករ​រូប​នេះ​​​ធ្លាប់​ឡើង​សង្វៀន​នៅ​លើ​ទឹក​ដី​ថៃ ចំនួន ៧​លើក​​រួច​មក​ហើយ ដោយ​ក្នុង​ឈ្នះ​ ៥ ស្មើ ១ និង​ចាញ់​១។ ​ចំណុច​ដែល​គូ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​គឺ​ផ្ដួល អ៊ុំ ចំរើន នៅ​ទឹក​ទី​៣ ក្នុង​ការ​ប្រកួត​ថ្នាក់​​ជាតិ រួម​ទាំង​យក​ឈ្នះ រឿង សោភ័ណ្ឌ ​ដោយ​ពិន្ទុ​ ហើយ​ក៏​បាន​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧។ លើស​ពី​នេះ​រូប​គេ​បា​ន​ក្លាយ​ជា​គូ​ឯក​ក្នុង​ព្រឹត្តិការណ៍​ល្បី​របស់​ថៃ Max Muay Thai ​ទៀត​ផង៕

ធឿន ធារ៉ា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​