អតិថិជន​ចេញ​សារ​ចំៗ ៦ ចំណុច​ឲ្យ Apple ល្មម​ផ្លាស់ប្ដូរ​ក្នុង​ឆ្នាំ ២០១៨

  • 2018-01-09 01:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ក្រុមហ៊ុន​អាមេរិក Apple កំពុង​ឈរ​លើ​ភាព​ជោគជ័យ​លើ​ iPhone X តែ​អតិថិជន​មួយ​ចំនួន​បាន​ទទូច​មិន​ឈប់ ដោយ​ចង់​ឲ្យ​ក្រុមហ៊ុន​លោក Tim Cook ធ្វើ​ការ​ផ្លាស់ប្ដូរ​លើ​គោលការណ៍ ៦ ចំណុច​ធំៗ។

១.មាន​កាមេរ៉ា​ភ្លោះ​គ្រប់​ម៉ូដែល:

ថ្វី​បើ Apple កាល​ពី​ចុង​ឆ្នាំ ២០១៧ បាន​ចេញ iPhone ចំនួន ៣ ម៉ូដែល មាន​តែ​ ២ ម៉ូដែល​គត់​​គឺ iPhone 8 Plus/X ដែល​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់។ បច្ចេកវិទ្យា​ទំនើប​មួយ​នេះ ត្រូវ​បាន​អតិថិជន​ទាមទារ​ក្នុង​ឆ្នាំ​ថ្មី​គួរ​តែ​បន្ថែម​លើ​ម៉ូដែល iPhone ស៊េរី​ទាប​ដូច​គ្នា (iPhone 8)។

២.គ្រឿង​សាក​ថ្ម​រហ័ស​មាន​ក្នុង​ប្រអប់​ស្រាប់:

iPhone ឆ្នាំ ២០១៧ គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស ប៉ុន្តែ​អតិថិជន​គ្រប់​រូប​ចាំ​បាច់​ត្រូវ​ទិញ​ឧបករណ៍​ជំនួយ​ពី​ខាង​ក្រៅ។ តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​យ៉ាង​តិច​ ៤៩ ដុល្លារ លើ​ខ្សែ​សាក​ប្រភេទ USB Type-C និង​ដុំ​សាក iPad ឬ MacBook ស៊េរី​ក្រោយ។ អតិថិជន​សំណូមពរ​ឲ្យ Apple គួរ​ប្រញាប់​ផ្លាស់ប្ដូរ ត្រូវ​បន្ថែម​គ្រឿង​ទាំង​អស់​មក​ក្នុង​ប្រអប់​ពី​នាយ។

៣.អាវក្រោះ​ការពារ​ទឹក​ឲ្យ​ប្រសើរ​ជាង​មុន:

iPhone 8/8 Plus និង iPhone X មាន​មុខងារ​ស្តង់ដារ IP67 អាច​ការពារ​ទឹក​ក្នុង​ជម្រៅ ១ ម៉ែត្រ រយៈ​ពេល ៣០ នាទី ប៉ុន្តែ​បើ​ធៀប​នឹង​គូ​ប្រជែង​ខ្លួន​ត្រកូល Galaxy របស់ SAMSUNG ប្រើ​ដល់​ IP68 អស់​ទៅ​ហើយ។ ជា​រឿង​សោកស្ដាយ​ដែល​ស្មាតហ្វូន​តម្លៃ ១ ពាន់​ដុល្លារ ប៉ុន្តែ​អាច​ត្រាំ​ក្នុង​ទឹក​ជម្រៅ ១ ម៉ែត្រ​កន្លះ​មិន​បាន​ដូច​ម៉ូដែល​ដទៃ។

៤.ត្រូវ​ពង្រឹង​ថាមពល​ថ្ម:

នរណាៗ​ក៏​រអ៊ូ​ពី​ថាមពល​ថ្ម​លើ iPhone ថា​ចាញ់​​ពពួក​ស្មាតហ្វូន Android ហើយ​ចំណុច​អវិជ្ជមាន​មួយ​នេះ បាន​កើត​មាន​ជាង ១០ ឆ្នាំ​មក​ហើយ។ អ្វី​ដែល​អតិថិជន​ភាគ​ច្រើន​ចង់​បាន មិន​ផ្ដោត​តែ​លើ​រូបរាង​ស្អាត កម្រាស់​ស្ដើង​មួយ​មុខ​ទេ ទៀត​សោត​ថាមពល​ថ្ម​កាន់​ពិត​ជា​រឿង​សំខាន់​បំផុត។

៥.ប្រព័ន្ធ iOS ដំណើរការ​រលូន​ជាង​មុន:

ជំនាន់ iOS 11 បាន​បង្ក​បញ្ហា​ជា​ច្រើន ទាំង​ធ្វើ​ឲ្យ​ថាមពល​ថ្ម​មិន​សូវ​កាន់ និង​ម៉ូដែល iPhone X ត្រូវ​ចាញ់​អាកាសធាតុ​ត្រជាក់។ យ៉ាងណាក្ដី​អតិថិជន​នៅ​តែ​រំពឹង​ទុក​ជំនាន់ iOS 12 នឹង​មាន​ដំណើរការ​រលូន​ជាង​នេះ។​

៦.តម្លៃ​ទូរសព្ទ​ថោក​ជាង​មុន:

បច្ចេកវិទ្យា​កាន់​តែ​អភិវឌ្ឍ​ទៅ​មុខ ជំរុញ​ឲ្យ​តម្លៃ​នៃ​ឧបករណ៍​នីមួយៗ​កាន់​តែ​ឡើង​ខ្ពស់​ជាង​មុន។ ប៉ុន្តែ​ចំពោះ iPhone X ដែល​មាន​ត្រឹម​មុខងារ​ពិសេស​ថ្មី Face ID និង Animoji មិន​ទាន់​សាកសម​ជា​ទូរសព្ទ​ដែល​គួរ​លក់​ក្នុង​តម្លៃ ១ ពាន់​ដុល្លារ​នោះ​ទេ។ ក្នុង​ឆ្នាំ​ថ្មី​អ្នក​គាំទ្រ​ក្រុមហ៊ុន​អតីត​មេ Steve Jobs បាន​ស្នើ​ឲ្យ​មាន​ការ​ទម្លាក់​ថ្លៃ iPhone ទាប​ជាង​ពេល​បច្ចុប្បន្ន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

បិទ