IU និយាយ​ពី​មិត្ត​ល្អ Jonghyun ពេល​ទទួល​ពាន​ធំយប់​មិញ ស្ដាប់​ហើយ​អួល​ដើមក (វីដេអូ)

  • 2018-01-11 02:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រាង​តូច​ច្រឡឹង​ IU បាន​ឈ្នះ​ពានរង្វាន់​ដ៏​ធំ​ពី​កម្មវិធី​ Golden Disk Awards  ហើយ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ នាង​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់ទង​នឹង​ជ័យ​ជម្នះ​នេះ​ ក៏ដូចជា​ការ​បាត់បង់​មិត្ត​ល្អ​ម្នាក់​ដែល​ទើប​លា​ចាក​លោក​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ Jonghyun។

ក្រោយ​ពី​បាន​​ពាន​ធំ​ "Song Of The Year” យក​ឈ្នះ​តារា​ល្បី​ជាង ៣០រូប​មាន​ Taeyang, Taeyeon, EXO, BTS, TWICE និង​តារា​ជា​ច្រើន​ទៀត​រួច​មក IU បាន​ឡើង​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំង​ឡាយ។ ពេលនោះ​ នាង​ក៏​បាន​បញ្ចេញ​ពាក្យពេចន៍​ខ្លះ​ទាក់ទង​នឹង​ការ​បាត់បង់​មិត្ត​ដ៏​ល្អ​ Jonghyun ដែរ។ ខាងក្រោម​នេះ​សម្ដី​ទាំង​ស្រុង​របស់​ IU៖

“និយាយ​តាម​ត្រង់​ ខ្ញុំ​ពិត​ជា​ខ្លោច​ផ្សារ​ណាស់​ ខ្ញុំ​បាន​ជូន​ដំណើរ​មិត្ត​ដ៏​ល្អ​ម្នាក់​របស់​ខ្ញុំ​ទៅ​ទី​ដ៏​សែន​ឆ្ងាយ។ ខ្ញុំ​គិត​ថា​ ខ្ញុំ​យល់​បាន​ ថា​ហេតុអ្វី​គាត់​មាន​ការ​ឈឺចាប់​ និង​ជួប​ឧបសគ្គ​ច្រើន​បែប​នេះ។​ វា​មិន​មែន​ជា​អារម្មណ៍​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​នោះ​ទេ។ ខ្ញុំ​នៅ​តែ​ពិបាក​ចិត្ត​ ហើយ​ក៏​មាន​អារម្មណ៍​ថា​សោកស្ដាយ​ សុំទោស​ចំពោះ​គាត់​ច្រើន​ដែរ។ ច្បាស់​ណាស់ មិនមែន​មាន​តែ​ខ្ញុំ​ទេ​ដែល​ មាន​អារម្មណ៍​មិន​ល្អ។ ប៉ុន្តែ​យើង​ជា​មនុស្ស​ដែល​សុទ្ធ​តែ​មាន​ការងារ​រវល់​ ហើយ​តែង​មាន​គម្រោង​សម្រាប់​ខែ​ក្រោយ​ ឫ​ឆ្នាំ​ក្រោយៗ​ទៀត។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ ហើយ​ក៏​អន់​ចិត្ត​ដែរ ដែល​ធាតុ​ពិត​នៅ​ពី​ក្រោយ​យើង​ មិន​អនុញ្ញាត​ឲ្យ​យើង​រស់​នៅ​ជាមួយ​រឿង​សោកសៅ​ឲ្យ​បាន​យូរ​ទៅ​តាម​ចិត្ត​ចង់។ ការ​អបអរ​ ពេល​យើង​សប្បាយ​ចិត្ត​ យំ​ពេល​ពិបាក​ចិត្ត​ និង​ទន់​ខ្សោយ​ពេល​ឈឺ ខ្ញុំ​សង្ឃឹម​ថា​រឿង​រ៉ាវ​ធម្មជាតិ​ទាំង​នេះ​ អាច​នឹង​មាន​អ្នក​យល់​ច្បាស់​ ដោយ​មិន​ចាំ​បាច់​ប្រាប់​ ជាពិសេស​នឹង​មាន​អ្នក​ឃើញ​ពី​ការ​ឈឺចាប់​ទាំង​នោះ ដូចនេះ​សូម​កុំ​គិត​ច្រើន។ តារា គឺ​ជា​អ្នក​ដែល​លួងលោម​ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​មនុស្ស​ទាំង​ឡាយ ហើយ​ខ្ញុំ​ដឹង​ថា​ ពួកគេ​សុទ្ធ​តែ​ជា​អ្នក​អាជីព ប៉ុន្តែ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ ពួកគេ​នឹង​មើល​ថែ​ខ្លួន​ឯង​មុន​សិន​​ឲ្យ​បាន​ល្អ​ ដូច​អ្នក​ដទៃ ដូចនេះ​ពួកគេ​មិន​អាច​ចុះ​ចាញ់​ ឫ​ឈឺ​ចាប់​អំឡុង​ពេល​ដែល​ពួកគេ​ព្យាយាម​លាក់​រឿង​ពិបាក​ចិត្ត​បាន​ទេ។ ខ្ញុំ​ពិត​ជា​ជឿជាក់​ថា​ រឿង​មិន​ល្អ​នេះ​មិន​កើតឡើង​ទៀត។ ខ្ញុំ​ដឹង​ថា​ គ្រប់​គ្នា​មាន​ការងារ​រវល់​ខ្លាំង​នា​ពេល​នេះ ហើយ​ពួកគេ​ក៏​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ដែល​ឈ្នះ​ថ្ងៃ​នេះ​អាច​រីករាយ​នៅ​ថ្ងៃ​នេះ​ មុន​ចូល​គេ​ ហើយ​វា​ក៏​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ដែរ។ អរគុណ!”

ទស្សនាវីដេអូខាងក្រោម៖

នេះ​ជាពាក្យ​ពេចន៍​ដ៏​មាន​ន័យ​បំផុត​របស់​ IU ទៅ​កាន់​តារាៗ​ទាំង​អស់​ មិន​ថា​អ្នក​ជំនាន់​មុន និង​ក្រោយ​នោះ​ទេ។ ពិតណាស់ ក្នុង​នាម​ជា​តារា​ មិន​មែន​ចេះ​តែ​សើច​សប្បាយ​លើ​ឆាក ឫ​មុខ​កាមេរ៉ា​នោះ​ ទេ ផ្ទុយ​មក​វិញ​ ពួកគេ​តែង​ជួប​ប្រទះ​រឿង​រ៉ាវ​ឈឺចាប់​ជា​ច្រើន​ ក្នុង​ជីវិត ដែល​មិន​អាច​ប្រាប់​ពិភពលោក​បាន៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី