ក្រុមហ៊ុនឱសថធំរបស់បារាំង Sanofi ដំណើរការនៅកម្ពុជាអស់ ២៥ ឆ្នាំ រកបានរាប់លានដុល្លារ
- 2018-01-15 05:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនឱសថធំរបស់បារាំង Sanofi ដំណើរការនៅកម្ពុជាអស់ ២៥ ឆ្នាំ រកបានរាប់លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុនឱសថបារាំង សាណូហ្វីកម្ពុជា (Sanofi Cambodia) បានប្រារព្ធខួប ២៥ ឆ្នាំសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា កាលពីថ្ងៃសុក្រ ១២ មករា សប្ដាហ៍មុន។
ក្រុមហ៊ុនឱសថរបស់បារាំង និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឱសថធំជាងគេរបស់ពិភពលោកមួយនេះ បានដំណើរការនៅកម្ពុជាតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ តាមរយៈការិយាល័យតំណាង Roussel Uclaf ហើយក្រោយមក ក្លាយជាក្រុមហ៊ុន សាណូហ្វី (កម្ពុជា) នៅថ្ងៃទី២៦ មេសា ២០១២។
"ជាក្រុមហ៊ុនថែទាំសុខភាពនាំមុខគេនៅកម្ពុជា បេសកម្មយើង គឺត្រូវធ្វើឲ្យមានការផ្លាស់ប្ដូរដល់ជីវិតរបស់នៅរបស់ប្រជាជនកម្ពុជា ១៦ លាននាក់ ដោយបន្តបង្កើនលទ្ធភាពប្រើប្រាស់វេជ្ជសាស្ត្រ និងសេវាកម្មសុខភាពឲ្យបានគ្រប់គ្រាន់។ ២៥ ឆ្នាំមកនេះ យើងបានបង្ហាញផលិតផល និងសេវាកម្មតាមបណ្តាខេត្ត-ទីក្រុង ហើយមានតួនាទីរឹងមាំក្នុងទីផ្សារកម្ពុជា"។ នេះបើតាមការឲ្យដឹងរបស់អ្នកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) នាយកគ្រប់គ្រងសាណូហ្វីកម្ពុជា។
ក្រុមហ៊ុនដែលនាំមុខផ្នែកឱសថសាស្ត្រមួយនេះ ជាដៃគូចម្បងជាមួយក្រុមវេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ឆ្មប រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងដៃគូប្រជែង ដោយមានផលិតផលឱសថ/គ្រឿងសម្អាងជាង ៨០ មុខ និងថ្នាំបង្ការ ២០ មុខ។ ក្រុមហ៊ុនបានលើកកម្ពស់ដំណោះស្រាយថែរក្សាសុខភាព ព្រមទាំងការព្យាបាល ដោយនាំយកផលិតផលច្នៃប្រឌិតថ្មីដែលត្រូវនឹងតម្រូវការទីផ្សារ។ ក្រុមហ៊ុនមានផលិតផលចម្រុះបំផុត រាប់ចាប់ពី Ethical, Consumer Healthcare និង Vaccine business។
អ្នកស្រីបន្តថា៖ "យើងបានបង្កើតចំណូលឲ្យក្រុមហ៊ុនរហូតដល់ ២០ លានដុល្លារ ជាមួយបុគ្គលិក ១១០ នាក់ដែលមានជំនាញរឹងមាំ។ ធនធានមនុស្សជាផ្នែកធំបំផុតសម្រាប់ភាពជោគជ័យ ២៥ ឆ្នាំមកនេះ និងជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុន"។
ក្រៅពីនេះ ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមជាច្រើន ក្នុងនោះមាន ការបរិច្ចាគឈាម យុទ្ធនាការអប់រំ ការប្រមូលថវិកា ការឧបត្ថម្ភ បង្កើតព្រឹត្តិការណ៍តូចធំដែលមានទំហំទឹកប្រាក់ចាប់ពី ១ លានដុល្លារឡើង៕