រឿងរ៉ាវខ្លះៗពាក់ព័ន្ធនឹងការចាប់ផ្ដើមល្បីខ្លាំងរបស់ Cardi B ក្នុងរយៈដ៏ខ្លី
- 2018-01-28 09:17:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវខ្លះៗពាក់ព័ន្ធនឹងការចាប់ផ្ដើមល្បីខ្លាំងរបស់ Cardi B ក្នុងរយៈដ៏ខ្លី
ចន្លោះមិនឃើញ
ក្នុងរយៈពេលតែមួយឆ្នាំតែប៉ុណ្ណោះ Cardi B បានក្លាយជាតារា Hip Hop មួយរូបដ៏ល្បីល្បាញនិងបង្ហាញខ្លួនគ្រប់ទីកន្លែង។
ជាមួយនឹងវត្តមានរបស់តារារូបនេះក្នុងកម្មវិធី Grammys Awards ចុងសប្ដាហ៍នេះ អ្នកគាំទ្រនាងពីមុនជាច្រើនស្គាល់ឈ្មោះនាងតាមរយៈកម្មវិធីទូរទស្សន៍ Reality Show ចំណងជើងថា "Love & Hip Hop: New York” នៅប៉ុស្តិ៍ទូរទស្សន៍ VH1 ប៉ុន្តែនាងក៏ចាកចេញពីកម្មវិធីនោះបន្ទាប់ពីបង្ហាញខ្លួន២រដូវកាល។ ដោយធ្លាប់មានប្រវត្តិជាអ្នករាំសិចស៊ី (Stripper) ពេលនេះតារាចម្រៀងចង្វាក់ Hip Hop ឈ្មោះពិត Balcalis Almanzar បានធ្វើឲ្យកក្រើកពិភពសិល្បៈដោយសារភាពល្បីល្បាញតាមបទ "Bodak Yellow”។
ក្នុងឱកាសចូលរួមកម្មវិធី Grammy នោះដែរ Cardi B នឹងសម្ដែងចម្រៀងជាមួយ តារាចម្រៀង Bruno Mars បទ "Finesse 'Remix'”។
នេះជាប្រវត្តិខ្លះៗ ពាក់ព័ន្ធនឹងអាជីពសិល្បៈដំបូងរបស់នាង៖
បន្ទាប់ពីចាកចេញកម្មវិធីទូរទស្សន៍មិនយូរប៉ុន្មាន ដោយមានតែចម្រៀងខ្លះៗ នៅក្នុង Mixtapes ចំនួនពីរឈ្មោះ “Gangstar Bitch Music, Vol 1 និង Vol 2” និងភាពល្បីល្បាញបន្តិចបន្តួចនៅតាមអ៊ីនធឺណិត នាងមានលទ្ធភាពចុះកុងត្រាជាមួយផលិតកម្មចម្រៀងដ៏ធំមួយគឺ Atlantic Record កាលពីខែកុម្ភៈឆ្នាំមុន។ នៅអំឡុងពេលនោះដែរ នាងត្រូវបានគេអញ្ជើញឲ្យចូលរួមសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រីទេសចរណ៍នៅថ្ងៃទី២៥ខែកុម្ភៈ ដោយចូលរួមជាមួយតារារ៉េបស្រីល្បីៗ២រូបគឺ Lil' Kim និង Remy Ma។ ទោះបីជាមិនទាន់មានបទចម្រៀងផ្លូវការណាមួយបង្ហាញខ្លួនក៏ដោយ Cardi B បានធ្វើឲ្យមនុស្សជាច្រើនកត់សម្គាល់នាងបាត់ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះនាងបានឈរឈ្មោះដណ្ដើមពានរង្វាន់ចំនួន២ នៅក្នុងកម្មវិធី BET Awards ចំពោះពាន តារាថ្មីល្អបំផុត និងតារាស្រីចង្វាក់ Hip Hop ល្អបំផុត ប៉ុន្តែនាងមិនបានឈ្នះអ្វីនោះទេ។ ប៉ុន្តែហេតុការណ៍នេះមិនបានធ្វើឲ្យនាងអាក់អន់ចិត្តនោះទេ។ ក្នុងរយៈពេលតែមួយខែក្រោយ Cardi B ត្រូវបានអញ្ជើញឲ្យចូលរួមការសម្ដែងមួយដោយRemy Ma នៅក្នុងកម្មវិធី Hot 97's Summer Jam សម្រាប់បទ "U.N.I.T.Y” របស់តារាចម្រៀង Queen Latifah ដែលធ្វើមនុស្សទូទាំងពិភពលោកចាប់ផ្ដើមចាប់អារម្មណ៍លើនាងយ៉ាងខ្លាំង ព្រោះការសម្ដែងនោះបានចូលរួមដោយតារារ៉េបជាច្រើនរូបដូចជា Lil' Kim, MC Lyte, The Lady of Rage, Young M.A. និង Queem Latifah ផ្ទាល់តែម្ដង។
ក្នុងរយៈពេលតែ ៥ថ្ងៃបន្ទាប់ពីការសម្ដែងនោះ គឺនៅថ្ងៃទី ១៦ខែមិថុនា ផលិតកម្ម Atlantic Records បានបញ្ចេញបទចម្រៀងដំបូងរបស់នាង "Bodak Yellow”។ បទចម្រៀងនេះបានបង្ហាញខ្លួនលើកដំបូង លើតារាងចម្រៀង Billboard Hot 100 ក្នុងចំណាត់ថ្នាក់លេខ ៨៥ ហើយក៏ចាប់ផ្ដើមទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតផ្ដួលតំណែងលេខ ១ របស់ Taylor Swift ចំពោះបទ "Look What You Made Me Do”។ សមិទ្ធផលនេះបានធ្វើឲ្យនាងក្លាយជាតារាហ៊ីបហបស្រីដំបូង ដែលអាចដណ្ដើមបានលេខ១ បន្ទាប់ពីតារារ៉េប Lauryn Hill ដណ្ដើមបានកាលពីឆ្នាំ ១៩៩៨។
បន្ទាប់មក Cardi B បានបង្ហាញខ្លួនក្នុងបទចម្រៀងហ៊ីបហបជាច្រើនដូចជា “Motor Sport” របស់តារារ៉េប Migos និង "No Limit” របស់ G-Easy ជាដើម។ លុះមកដល់ខែធ្នូចុងឆ្នាំ ២០១៧ នាងបានក្លាយជាតារារ៉េបស្រីដំបូងបំផុតដែលមានបទចម្រៀងបីបទនៅក្នុងតារាង Billboard Hot 100 ក្នុងចំណាត់ថ្នាក់ Top 10។ ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំងពីវិស័យសិល្បៈ Cardi B ក៏បានភ្ជាប់ពាក្យជាមួយសមាជិកក្រុមចម្រៀង Migos តារារ៉េប Offset។ ជាមួយនឹងបទចម្រៀងទី២របស់នាង "Bartier Cardi” ទើបតែបញ្ចេញនិងភាពជោគជ័យនៃបទ "Finess 'Remix'” នេះគ្រាន់តែជាការចាប់ផ្ដើមរបស់ Cardi B តែប៉ុណ្ណោះ៕
អានអត្ថបទ៖
មកមើលតារាល្បីៗសម្ញែងរាងនៅពិធីជប់លៀង Pre-Grammys ឆ្នាំ ២០១៨
ទំនាក់ទំនងរបស់ Justin និង Selena ពេលនេះពិតជាខុសប្លែកពីមុនខ្លាំង