ទំនាក់​ទំនង​របស់ Justin និង​ Selena ពេល​នេះ​ពិត​ជា​ខុស​ប្លែក​ពី​មុន​ខ្លាំង

  • 2018-01-28 04:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Justin Bieber និង Selena Gomez ទើប​តែ​ទាក់​ទង​គ្នា​វិញ​អស់​រយៈ​ពេល​ប្រមាណ​ជា​២​ខែ​ ហើយ​ទំនាក់​ទំនង​របស់​ពួក​គេ​ពេល​នេះ​ពិត​ជា​ខុស​ពី​មុន​ខ្លាំង។

តារា​ទាំង​ពីរ​មាន​ទំនាក់ទំនង​យ៉ាង​ច្របូកច្របល់​តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ ដែល​ធ្វើ​ឲ្យ​ពួក​គេ​បែក​គ្នា​ និង​ត្រលប់​មក​រក​គ្នា​វិញ​ជា​ច្រើន​លើក​ច្រើន​សារ​។ ពួក​គេ​បាន​​ចំណាយ​ពេល​ជាមួយ​គ្នា​យ៉ាង​ច្រើន​បន្ទាប់​ពី​ Selena បាន​បែក​គ្នា​ពី The Weeknd កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ ដោយ​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​គួរ​ឲ្យ​កត់​សម្គាល់​ ដូច​ជា​ថើប​គ្នា​នៅ​ទី​សាធារណៈ​ជា​ដើម។

ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន E!News ថា៖ "Justin និង​​ Selena កំពុង​តែ​ស្រលាញ់​គ្នា​ខ្លាំង​ណាស់។" អីចឹង​តើ​មាន​អ្វី​ខ្លះ​ផ្លាស់​ប្ដូរ​ចំពោះ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ?

១. Justin ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​ជាមួយ Selena ច្រើន​ជាង​មុន

ប្រភព​មួយ​របស់ E!News បាន​បញ្ជាក់​ថា សម្រាប់​ពេល​នេះ​ Justin បាន​ផ្លាស់​ប្ដូរ​ចរិត​ខ្លួន​យ៉ាង​ច្រើន​ពេល​នៅ​ក្បែរ​ Selena ដោយ​ធ្វើ​ខ្លួន​ជា​សុភាព​បុរស​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង​ច្រើន​ជាង​មុន​។ តារា​វ័យ ២៣​ឆ្នាំ​រូប​នេះ​ក៏​បង្ហាញ​អារម្មណ៍​ស្រលាញ់​ទៅ​កាន់ Selena ច្រើន​ជាង​មុន​ នេះ​បញ្ជាក់​ថា​ Justin ធំ​ដឹង​ក្ដី​ហើយ ។

២.​ ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ពិត​ជា​ជិតស្និទ្ធ​ជាង​មុន

ប្រភព​ដដែល​នោះ​បាន​បញ្ជាក់​ថា ពួក​គេ​សុទ្ធ​តែ​រវល់​រៀង​ខ្លួន ប៉ុន្តែ​នៅ​តែ​ឆ្លៀត​ពេល​ដើរ​លេង​ជាមួយ​គ្នា ហើយ​ប្រសិន​ជា​អ្នក​ទាំង​ពីរ​រវល់​កិច្ចការ​រៀង​ខ្លួន ក៏​ពួក​គេ​នៅ​តែ​ឆ្លៀត​ពេល​និយាយ​ទូរស័ព្ទ​ឬ និយាយ Skype ជាមួយ​គ្នា​គ្រប់​ពេល​ផង​ដែរ។

៣. Justin ចង់​ឲ្យ​ស្នេហា​នេះ​រីក​ចម្រើន​ខ្លាំង​ជាង​មុន​

Justin ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ដើម្បី​ឲ្យ​ទំនាក់​ទំនង​ពួក​គេ​កាន់​តែ​ល្អ និង​ចង់​មាន​អនាគត​វែង​ឆ្ងាយ​ជាមួយ Selena។

៤. Selena និង​ម្ដាយ

ម្ដាយ​របស់ Selena អ្នក​ស្រី Mandy Teefey មិន​ពេញ​ចិត្ត​ទេ​ ដែល Selena ទាក់​ទង​ជាមួយ Justin ម្ដង​ទៀត​ប៉ុន្តែ​នៅ​ពេល​នេះ​ អ្នកស្រីសុខ​ចិត្ត​មិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​ជម្រើស​នៃ​ការ​រស់​នៅ​របស់​កូន​ស្រី​ខ្លួន។

៥. Justin និង​ម្ដាយ

សម្រាប់​ពេល​នេះ Justin ពិត​ជា​ជិតស្និទ្ធ​នឹង​ម្ដាយ​ខ្លួន​ខ្លាំង ដោយ​ចំណាយ​ពេល​ខ្លះៗ​ជាមួយ​គ្នា និង​បង្ហាញ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​គេ​ឲ្យ​ដឹង​ពី​ក្ដី​ស្រលាញ់​ដែល​ខ្លួន​មាន​ចំពោះ​ម្ដាយ។

ពេល​នេះ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​រវល់​នឹងការងារ​សិល្បៈរៀងៗខ្លួន ប៉ុន្តែ​ប្រសិន​ជា​ពួក​គេ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​គ្នា​របៀប​នេះ​ក្នុង​រយៈ​ពេល​យូរ​ ពួក​គេ​អាច​វិវឌ្ឍ​ទំនាក់​ទំនង​ ថែមទាំងអាច​រៀប​ការ​ជាមួយ​គ្នា​ផង​ក៏​មិន​ដឹង៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ