៥យ៉ាង បញ្ជាក់ថាប្ដីជាអ្នកធ្វើការ ប្រពន្ធរកស៊ីនៅផ្ទះ ល្អជាងធ្វើការទាំងពីរនាក់

  • 2018-02-02 02:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រៀបការ​ហើយ រឿង​សំខាន់​បំផុត​សម្រាប់​ជីវិត​ប្ដី​ប្រពន្ធ គឺ​ខិតខំ​ធ្វើការ រកស៊ី​យ៉ាង​ម៉េច​ទើប​គ្រួសារ​ឆាប់​រីកចម្រើន។ ខាង​ក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​បញ្ជាក់​ថា បើ​ស្វាមី​ជា​អ្នក​ធ្វើ​ការ ចំណែក​ប្រពន្ធ​ជា​អ្នក​គ្រប់គ្រង​អាជីវកម្ម​ខ្នាត​តូច​មួយ គឺ​ជា​រឿង​ដ៏​ល្អ​បំផុត អាច​នាំ​ឲ្យ​គ្រួសារ​រីកចម្រើន​ឆាប់​រហ័ស។ ​

១. ចំណូល​គ្រួសារ​ច្រើន​ជាង​ធ្វើ​ការ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ

លោក សេរី សុភា ជា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​លើក​ឡើង​ថា ជា​រឿង​ដ៏​ល្អ​បំផុត ប្រសិន​បើ​ស្វាមី​ជា​អ្នក​ធ្វើ​ការ ចំណែក​ភរិយា​មាន​អាជីវកម្ម​ខ្នាត​តូច​មួយ ​នឹង​ធ្វើ​ឲ្យ​គ្រួសារ​រីក​ចម្រើន​​ឆាប់​រហ័ស។ លោក​និយាយ​ថា ប្ដី​ប្រពន្ធ​អាច​បង្កើន​ប្រាក់​សន្សំ​កាន់​តែ​ច្រើន ទាំង​ប្រាក់​ខែ​ និង​ប្រាក់​ចំណេញ​ពី​ការ​រកស៊ី។ ប្រសិន​បើ​ធ្វើ​ការ​ទាំង​ពីរ​នាក់​តែ​ម្ដង អាច​ត្រឹម​ម៉ា​គ្រប់គ្រាន់ តែ​មិន​ងាយ​សល់​ឡើយ។

២. អាច​ជំនួស​គ្នា​បាន​មិន​ព្រួយ​រឿង​លុយ​កាក់

មក​ដល់​ចំណុច​នេះ លោក សេរី សុភា ដដែល​បន្ត​ថា ប្រសិន​បើ​ថ្ងៃ​ណា​មួយ​ភាគី​ណា​ម្នាក់​មាន​បញ្ហា មិន​ថា​រឿង​សុខភាព​មិន​អាច​ធ្វើការ​បាន ឬ​រកស៊ី​មិន​សូវ​កាក់កប ក៏​មិន​សូវ​ព្រួយ​បារម្ភ​រឿង​លុយ​កាក់​ដែរ ព្រោះ​អាច​ជំនួស​គ្នា​បាន។ បើ​សិន​ខាង​ស្វាមី ចង់​ឈប់​សម្រាក​ពី​ការងារ​អាច​មក​ជួយ​រកស៊ី​ភរិយា​បាន ហើយ​បើ​ថ្ងៃ​ណា​មួយ​អាជីវកម្ម​ត្រូវ​ការ​ដើម​ទុន​បន្ថែម អាច​យក​ប្រាក់​ខែ​ទៅ​ជួយ​ទប់ទល់​គ្នា។ ​

៣. អាច​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​លុយ​កាក់​បាន​ល្អ

ស្វាមី​ចេញ​ទៅ​ធ្វើការ ចំណែក​ភរិយា​នៅ​ផ្ទះ អាច​មើល​ការ​ខុស​ត្រូវ​លើ​របរ​រកស៊ី និង​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​លុយ​កាក់​បាន​។ បើ​ធ្វើការ​ទាំង​ពីរ​នាក់​តែ​ម្ដង ម្នាក់​ៗ​រវល់​ការងារ​រៀង​ខ្លួន មិន​សូវ​បាន​នៅ​ផ្ទះ ដឹង​តែ​ព្រលឹម​ចេញ​ព្រលប់​ចូល គ្មាន​ពេល​មើល​ការ​ខុស​ត្រូវ​ផ្ទះ​សម្បែង​ឡើយ ជួន​កាល​មួយ​ខែ​មួយ​ខួប​មិន​ដែល​បាន​ប៉ះ​ចង្ក្រាន​ចាន​ឆ្នាំង​ផង។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត ពី​លោក សេរី សុភា។

៤. មាន​ពេលវេលា​មើល​ខុស​ត្រូវ​កូនៗ​បាន​ច្រើន

បើ​ធ្វើ​ការ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ច្បាស់​ណាស់​ប្រាកដ​ជា​យក​កូន​ផ្ញើ​ឪពុក​ម្ដាយ។ ដូច្នេះ​គ្មាន​ពេល​វេលា​ឲ្យ​កូន មើល​ការ​ខុស​ត្រូវ​ឡើយ។ ​បើ​មាន​ភរិយា​នៅ​ផ្ទះ បើ​ទោះ​ជា​រវល់​ការ​រកស៊ី​​យ៉ាង​ណា​ក៏​ដោយ តែ​ក៏​អាច​ឆ្លៀត​ពេល​ខ្លះ​មើល​ខុស​ត្រូវ​កូន​បាន​ដែរ។

៥. អាច​សម្រេច​ផែនការ​តាម​លំដាប់​លំដោយ​យ៉ាង​រលូន

កាល​ណា​ប្រភព​ចំណូល​កាន់​តែ​ច្រើន ប្ដី​ប្រពន្ធ​អាច​សម្រេច​ផែន​ការ​ដែល​គ្រោង​ទុក​តាម​ដំណាក់​កាល​បាន​យ៉ាង​រលូន​ដូចជា៖ ផែនការ​ទិញ​រថយន្ត​ថ្មី សាងសង់​ផ្ទះ​ដ៏​សមរម្យ​មួយ ឬ​គម្រោង​ដើរ​លេង​ក្រៅ​ប្រទេស​ជា​ដើម៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម