មានប្រាក់ចំណូលប៉ុន្មានទើបងាយសុំ Visa ទៅលេងប្រទេសជឿនលឿន?
- 2018-02-20 07:54:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានប្រាក់ចំណូលប៉ុន្មានទើបងាយសុំ Visa ទៅលេងប្រទេសជឿនលឿន?
ចន្លោះមិនឃើញ
ការស្នើសុំទិដ្ឋាការ(Visa) ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជឿនលឿនមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ មានការលើកឡើងថា ការសុំទិដ្ឋាការទៅប្រទេសទាំងនោះបាន លុះត្រាតែអ្នកស្នើសុំ មានប្រាក់ចំណូលចាប់ពី ២ពាន់ដុល្លារ ឡើង និងមានលុយតម្កល់នៅធនាគាររង្វង់ ៧ពាន់ដុល្លារ ទៅ១ម៉ឺនដុល្លារឡើង។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ Sabay ថា អ្នកមានចំណូលខ្ពស់អាចងាយស្រួល ក្នុងការស្នើសុំទិដ្ឋាការ (Visa) ទៅកាន់ប្រទេសជឿនលឿនប្រាកដមែន។ ជាក់ស្ដែងការស្នើសុំទិដ្ឋាការទៅប្រទេសកូរ៉េខាងត្បូង ស្ថានទូតបានតម្រូវឲ្យអ្នកស្នើសុំ Visa មានប្លង់ដី ប្លង់ផ្ទះ បើធ្វើការងារនៅក្រុមហ៊ុនឯកជនត្រូវបញ្ជាក់ពីមុខដំណែង និងប្រាក់បៀវត្សរ៍ទទួលបានប៉ុន្មាន។ ចំណែកអ្នករកស៊ីលក់ដូរវិញត្រូវមានប័ណ្ណប៉ាតង់បញ្ជាក់ត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលជាមធ្យមប៉ុន្មាន។
អ្នកស្រីថា ការទាមទារឯកសារទាំងនេះគឺចង់បញ្ជាក់ពីការរស់នៅក្នុងប្រទេសកំណើត ដោយស្ថិរភាព មិនបារម្ភពីការលាក់ខ្លួនរបស់អ្នកដំណើរទៅកាន់ប្រទេសនោះ។ «ចំពោះប្រទេសចិន និងកោះតៃវ៉ាន់ ការស្នើសុំទិដ្ឋាការហាក់ដូចជាផ្តល់អាទិភាពច្រើនដល់ ទីភ្នាក់ងារទេសចរ មិនតម្រូវឱ្យមានតម្កល់ប្រាក់ ឬឯកសារស្មុគស្មាញប៉ុន្មាននោះទេ។ ប៉ុន្តែបើករណីភ្ញៀវទៅលក្ខណៈផ្ទាល់ខ្លួន ទើបតម្រូវឱ្យមានបញ្ជាក់ការឯកសារច្រើនបន្តិច ពិសេសកោះតៃវ៉ាន់»។
ទន្ទឹមគ្នាដែរ លោក ធួន ស៊ីណាន ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាថា អ្នកស្នើសុំទិដ្ឋាការ(Visa)ត្រូវមានអាជីវកម្មច្បាស់លាស់ ប្រាក់ចំណូលជាក់លាក់ លុយតម្កល់នៅធនាគារជិត១ម៉ឺនដុល្លារ។ ចំពោះអ្នកស្នើសុំ Visa ទៅអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី ជាដើមត្រូវមានទាំងអ្នកធានាផងដែរ។ «ជាទូទៅការស្នើសុំ Visa ទៅប្រទេសកូរ៉េហាក់មានការផ្លាស់ប្តូរបែបបទសុំញឹកញាប់បន្តិច បើធៀបនឹងប្រទេសជប៉ុន ប៉ុន្តែយើងនៅតែអាចស្នើសុំបាន។ ចំណែកប៉ែកអឺរ៉ុបក៏ប្រហាក់ប្រហែលគ្នាដែរ»។
ទោះយ៉ាងណាទាំងអ្នកស្រី ឆាយ ស៊ីវលីន និងលោក ធួន ស៊ីណាន បានលើកឡើងថា ការភ្ជាប់ជាមួយនឹងឯកសារច្បាស់លាស់ដើម្បីស្នើសុំទិដ្ឋាការ គឺជាប្រការមួយចាំបាច់បំផុត។ សម្រាប់អ្នកស្រី លោក ធួន ស៊ីណាន អ្នកខ្លះមានលុយតម្កល់នៅធនាគារ និងមានប្រាក់បៀវត្សរ៍សមល្មមនៅតែមិនអាចសុំបានពិសេសសហរដ្ឋអាមេរិក និងអូស្ត្រាលី។ ចំណែកលោក ធួន ស៊ីណាន វិញស្ថានទូតនឹងមើលទៅលើចរន្តចេញចូលលុយនៅធនាគាររបស់យើង(Bank statement ) ព្រមទាំងដំណើរការក្រុមហ៊ុន ឬមុខរបរយើងផងដែរមុននឹងផ្ដល់ទិដ្ឋាការឲ្យ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋខ្មែរចេញដំណើរកម្សាន្តទៅក្រៅប្រទេសហាក់មានការកើនឡើងជាលំដាប់ ជាពិសេសក្នុងឱកាសបុណ្យទានធំៗ។ ទាំងនេះដោយសារតែប្រជាពលរដ្ឋខ្មែរមានប្រាក់ចំណូលកើនឡើង។ លោក ធួន ស៊ីណាន បានលើកទឹកចិត្តយុវជនកម្ពុជាចេញទៅក្រៅ និងមើលប្រទេសគេឱ្យបានច្រើន។ ទាំងការអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។ ត្រង់ចំណុចនេះមិនមែនមានន័យថា យើងយកលុយទៅចាយនៅក្នុងស្រុកក្រៅទទេៗទេ។ យើងអស់លុយ ប៉ុន្តែយើងបានមកវិញនូវចំណេះដឹងថ្មីៗមកវិញ៕