៥ ចម្លើយ ដោះស្រាយ​បញ្ហា​កើតមាន​ញឹក​អ្នក​ប្រើ Macbook

  • 2018-02-21 06:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​អ្នក​ប្រើ Macbook បាន​មួយ​រយៈ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ប្លែក​ទៅ​នឹង​ដំណើរការ​របស់​ម៉ាស៊ីន​។ មិន​បាច់​ចម្លែក​ចិត្ត​នោះ​ទេ បញ្ហា​ទាំង​នេះ ហាក់​ក្លាយ​សាមញ្ញ​សម្រាប់​អ្នក​ប្រើ Macbook ទៅ​ហើយ​។ 

តោះ ​មក​ដឹង​ពី​ដំណោះស្រាយ​បញ្ហា​កើត​មាន​ទូទៅ​ទាំង ៥ លើ Macbook។ 

១. បញ្ហា​ពេល​បើក​ប្រព័ន្ធ​

បើ Mac បើក​ដំណើរការ​ប្រព័ន្ធ​មិន​មាន​ភាព​ប្រក្រតី បើក​គាំង មិន​ចេញ​អ្វី​ទាំងអស់ អ្នក​គួរ​ចូល​ទៅ​កាន់ Safe Mode ដើម្បី​ធ្វើការ​ខ្លះ​។

ក្នុង Safe Mode ប្រព័ន្ធ MacOS ប្រើ​កម្មវិធី និង Driver តិច​តួច​បំផុត​។ វា​ក៏​ធ្វើការ​ត្រួត​ពិនិត្យ​មើល Disk និង​ជួសជុល​បញ្ហា​លើ Directory មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​បើក​គាំង​ផង​ដែរ​។ 

ដើម្បី​ចូល Safe mode អ្នក​ចុច​ប៊ូតុង​បើក Mac ធម្មតា > រួច​ចុច​ប៊ូតុង Shift ឲ្យ​ជាប់ > និមិត្ត​សញ្ញា​រូប Apple នឹង​បង្ហាញ (ប្រលែង​ដៃ​ពី​ប៊ូតុង Shift ពេល​អ្នក​ឃើញ​រូប Apple បង្ហាញ) > អ្នក​នឹង​ឃើញ​ផ្ទាំង Login។ 

អ្នក​ប្រហែល​ជា​ត្រូវ​រង់ចាំ​ប៉ុន្មាន​នាទី ដោយ MacOS ដំណើរការ​ពិនិត្យ​លើ Hard Disk។ 

ដើម្បី​ចេញ​ពី Safe Mode ចូល​ប្រើ​ប្រព័ន្ធ​ធម្មតា អ្នក​អាច​បិទ​បើក​ម៉ាស៊ីន​ដូច​រាល់​ដង តែ​មិន​បាច់​ចុច​ប៊ូតុង​អី​នោះ​ទេ​។ 

២. កម្មវិធី​ប្រើ​មិន​បាន​លើ​ប្រព័ន្ធ​ (Login Items)

បើ​អ្នក​ឃើញ​ផ្ទាំង​ពណ៌​ខៀវ​មួយ​ផ្លេត​ៗ ពេល​បើក​ប្រព័ន្ធ Mac នោះ​មាន​កម្មវិធី​ណា​មួយ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ពេល​បើក​ប្រព័ន្ធ​មិន​អាច​ប្រើ​បាន​ជាមួយ MacOS (បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ កម្មវិធី និង​ប្រព័ន្ធ MacOS កុង​គ្នា​)។ 

អ្នក​អាច​ចូល​ទៅ​កាន់ Safe Mode ឬ​ចូល​ប្រព័ន្ធ​ធម្មតា ករណី​អ្នក​ចូល​បាន​។ 

អ្នក​អាច​សាកល្បង​លុប​កម្មវិធី​មួយៗ ដើម្បី​ប្រាកដ​ថា​បញ្ហា​នឹង​បាន​ដោះស្រាយ​។ អ្នក​ចូល​ទៅ​កាន់ System Preferences > Users & Groups > ចុច​លើ​ឈ្មោះ​នៅ​ខាងឆ្វេង​ក្រោម Current User> ចុច​លើ Tab ឈ្មោះ Login Items ខាងលើ​ផ្នែក​ខាង​ស្ដាំ​។ 

អ្នក​អាច​ចុច​លើ​កម្មវិធី​ណា​មួយ រួច​ចុច​ប៊ូតុង​សញ្ញា​ដក នៅ​ខាងក្រោម > បិទ​បើក​ម៉ាស៊ីន រួច​ពិនិត្យ​មើល​លទ្ធផល​។ បើ​អ្នក​ចង់​បន្ថែម​កម្មវិធី​បាន​លុប​មក​វិញ អ្នក​អាច​ចុច​លើ​ប៊ូតុង​សញ្ញា​បូក នៅ​ផ្ទាំង​ដដែល រួច​ជ្រើសរើស​កម្មវិធី​ពី Application folder។

៣. កម្មវិធី​គាំង​

ពេល​កម្មវិធី​គាំង អ្នក​ប្រហែល​ជា​មិន​អាច​ធ្វើការ​អ្វី​បាន​នោះ​ទេ​។ អ្នក​មិន​អាច​សូម្បី​តែ​បិទ​កម្មវិធី​នោះ​តាម​ធម្មតា​ដូច​រាល់​ដង ចុច​សញ្ញា​ខ្វែង នៅ​គែម​ផ្ទាំង​។​ 

អ្នក​អាច Force Quit (បង្ខំ​បិទ​តែ​ម្ដង​)។ អ្នក​ចុច​លើ​ប៊ូតុង Command + Option + ESC > ជ្រើសរើស​កម្មវិធី​ចង់​បិទ​ > ចុច​ប៊ូតុង Force Quit។ 

៤. Mouse វិល​ជាប់​

ពេល​អ្នក​ឃើញ Mouse វិល​ជាប់ មាន​ន័យ​ថា​មាន​អ្វី​កំពុង​ដំណើរការ​ប្រើ Resources (CPU និង RAM) ច្រើន​ធ្វើ​ឲ្យ​គាំង​។ 

អ្នក​អាច​បើក​កម្មវិធី Activity Monitor > អ្នក​នឹង​ឃើញ​ចំនួន CPU និង​មេម៉ូរី ដែល​កម្មវិធី​នីមួយៗ​កំពុង​ប្រើ​។ បើ​អ្នក​ឃើញ​មាន​កម្មវិធី​ប្រើ​លើស​កម្រិត ហើយ​ចង់​បិទ អ្នក​ចុច​លើ​កម្មវិធី​មួយ​នោះ > ចុច​លើ​អក្សរ X នៅ​ជ្រុង​ខាងឆ្វេង > ជ្រើសរើស Quit ឬ Force Quit។ 

៥. ប្រើ​អ៊ីនធឺណិត​មិន​បាន​

ពេលខ្លះ MacBook អ្នក​មិន​អាច​ប្រើ​អ៊ីនធឺណិត (Wi-Fi) បាន ខណៈ​ឧបករណ៍​ផ្សេង​ភ្ជាប់​ប្រើ​បាន​ធម្មតា​។ 

អ្នក​គួរ​ភ្ជាប់​បណ្ដាញ​នោះ​ប្រើ​ម្ដង​ទៀត​ ដោយ​លុប​បណ្ដាញ​ Wi-Fi ដែល​ MacOS ចងចាំ​ទុក​។ 

នៅ​លើ​ផ្ទាំង Network ក្នុង System Preferences ចុច​លើ​ប៊ូតុង Advanced នៅ​ផ្នែក​ខាងក្រោម > អ្នក​នឹង​ឃើញ​បញ្ជី Preferred Networks > ក្នុង​នោះ​ជា បណ្ដាញ Wi-Fi អ្នក​ធ្លាប់​ភ្ជាប់​ប្រើ​ពី​មុន ហើយ MacBook ចងចាំ សម្រាប់​ប្រើ​ពេល​ក្រោយ​។ 

អ្នក​ចុច​លើ បណ្ដាញ Wi-Fi ណាមួយ > ចុច​លើ​ប៊ូតុង​សញ្ញា​ដក​ដើម្បី​លុប​ចោល​ពី​បញ្ជី​ > អ្នក​នឹង​អាច​ឃើញ​បណ្ដាញ​នោះ​ម្ដង​ទៀត រួច​បញ្ចូល​ពាក្យសំងាត់ ក្នុង​ការ​ភ្ជាប់​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន