DJ ៣ រូបមានប្រវត្តិជូរចត់ វិវត្តន៍ខ្លួនពីប្រាក់ខែ៥០ ទៅរាប់ពាន់ដុល្លារ
- 2018-03-08 23:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJ ៣ រូបមានប្រវត្តិជូរចត់ វិវត្តន៍ខ្លួនពីប្រាក់ខែ៥០ ទៅរាប់ពាន់ដុល្លារ
ចន្លោះមិនឃើញ
DJ កម្មវិធីវិទ្យុ ៣រូបដែលមាន ឈ្មោះបោះសំឡេងខ្លាំង ប៉ុន្តែប្រាក់ខែដំបូងរបស់អ្នកទាំង៣ ត្រឹមតែ៥០ ទៅ៦០ដុល្លាប៉ុណ្ណោះ។ ពេលវេលាកន្លងតែប៉ុន្មានឆ្នាំប៉ុណ្ណោះ អ្នកទាំង៣វិវត្តន៍ខ្លួនរហូតទទួលបានចំណូលគុណដល់ទៅជិត៤០ដងក្នុងមួយខែ បើធៀបកាលពីមុន។ តើ DJទាំង៣រូប មានការខិតខំ និងជួបឧបសគ្គយ៉ាងខ្លះ ទើបអាចទទួលបានជោគជ័យដូច្នេះ?
១. ពុយប៉ាណាពុយនុយ
DJ ពុយ មានឈ្មោះដើម អេង គីរី ជាកូនទោលក្នុងគ្រួសារមួយ នៅស្រុកស្អាង ខេត្តកណ្ដាល។ បុរសសំឡេងស្អករូបនេះជាអតីត DJ ដ៏ល្បីនៅស្ថានីយវិទ្យុ Cool FM ដែលតែងតែផ្តល់សំណើចឲ្យប្រិយមិត្តសើចសប្បាយដោយសារវោហារមិនចេះរីងស្ងួត។ DJ ពុយមានខ្សែជីវិតពិតសោកសៅខ្លាំងណាស់ ដោយកាលពីកុមារភាពលោកមិនបានទទួលភាពកក់ក្ដៅពីម្ដាយឪពុកឡើយ ព្រោះអ្នកទាំងពីរបានលែងលះគ្នាតាំងពីលោកមិនទាន់កើត។ លោក គីរី ត្រូវបានជីដូន និងជីតាខាងម្តាយជាអ្នកចិញ្ចឹមបីបាច់ ចំណែកឯម្តាយឪពុកលោកវិញ ក៏ទៅកសាងគ្រួសារថ្មីរៀងៗខ្លួន។
ចំពោះការសិក្សាវិញ លោកមិនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនោះទេ។ DJ កម្សត់រូបនេះជាអតីតអ្នកបើកឡានឲ្យគេ ធ្លាប់ដាច់បាយ ដោយគ្មានប្រាក់ទិញអាហារទៀតផង។ DJ ពុយបានចាប់ផ្តើមអាជីពជាពិធីករកម្មវិទ្យុចុងឆ្នាំ២០១១ ដែល ប្រាក់ខែដំបូងត្រឹមតែ៥០ដុល្លារប៉ុណ្ណោះ។ ភាពអាប់អួរនៃជីវិតDJ ម្នាក់នេះបានកន្លងផុតហើយពេលនេះលោក មានជីវភាពល្អប្រសើរ ដោយអាចរកចំណូលបានចន្លោះពី ១ ៥០០ ដុល្លារ ទៅ ២ ០០០ ដុល្លារ អាចនិយាយបានថាគុណ៤០ដងនឹងប្រាក់ខែចាស់។ ប្រាក់ចំណូលទាំងនេះលោកទទួលបានពីការងារពិធីករក្នុងកម្មវិធីទូរទស្សន៍ ខួបកំណើត និងកម្មវិធីផ្សេងៗទៀត។
**២. DJ Na ga**
លោក ម៉ាក តុលា ហៅ DJ Na ga មានស្រុកកំណើតក្នុងស្រុកស្អាង ខេត្តកណ្ដាល ក្នុងគ្រួសារមួយដែលមានឪពុកជាមន្ត្រីរាជការ និងម្តាយជាស្រ្តីមេផ្ទះ។ លោកជាកូនទី ៣ក្នុងចំណោមបងប្អូន៥នាក់ ដែលសិក្សាបានរៀនត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ។ បើទោះជាយ៉ាងណា DJ Na ga នៅតែឈរក្នុងលំដាប់ DJ ល្បីនៅក្នុងប្រទេសកម្ពុជា កន្លងមកលោកជាបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី Cambodian DJ Champion ក្នុងឆ្នាំ២០១៥។
អតីត DJ វិទ្យុ ៩៨ FM រូបនេះបានប្រាប់ថា លោកធ្លាប់បម្រើការងារក្នុងស្ថានីយវិទ្យុមួយក្នុងដើមឆ្នាំ២០១០ ដោយទទួលបានប្រាក់ខែ៦០ដុល្លារ ធ្វើការក្នុងមួយថ្ងៃ៤ម៉ោង តែលោកសប្បាយចិត្តនឹងធ្វើវា។ សម្អាងលើបទពិសោធការងារជា DJ ជិត១០ឆ្នាំ លោក ម៉ាក តុលា អាចរកចំណូលបានលើសមុនជាង១០ឯណោះ ដោយមិនគិតថវិកាដែលបានមកពីអាជីពថ្មីជាតារាសម្តែង។ អតីតអ្នកចម្រៀងរ៉េបម្នាក់នេះ បច្ចុប្បន្នកំពុងបម្រើការងារជា DJ ក្នុងក្លឹបកម្សាន្តមួយក្នុងរាជធានីភ្នំពេញ។ មានទៅអន់អ្វី DJ ម្នាក់នេះមានគម្រោង ទៅសម្ដែងនៅក្រៅប្រទេសទៀតផង។
៣.VJ Joey
លោក អ៊ុក សុជាតិ ហៅ VJ Joey ជាពិធីករកម្មវិទ្យុដ៏មានប្រជាប្រិយមួយរូបរបស់វិទ្យុ ដូនពេញ។ VJ រូបសង្ហាម្នាក់នេះមានអ្នកបាត់ដំបង និងជាកូនទី៤ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់ ។ VJ Joey ចាប់ផ្ដើមតស៊ូក្នុងជីវិតតាំងពីក្មេង ព្រោះគ្រួសារក្រីក្រ លោកត្រូវលាងចានឲ្យគេដើម្បីបានប្រាក់សិក្សាបន្តរហូតដល់ចប់ថ្នាក់ទី១២។
ក្រោយពីរៀនចប់ លោកក៏បានទៅចាប់ជំនាញជាជាងទង និងអ្នកជុសជុលវិទ្យុ។ ដោយក្តីស្រលាញ់ការងារជាពិធីករលោកក៏បានចូលចូលរួមប្រកួតក្នុងកម្មវិធីជ្រើសរើសពិធីករវិទ្យុមួយនៅឆ្នាំ២០១១ និងបានចាប់អាជីពនេះតាំងពីពេលនោះមក។ លោកបានប្រាប់ថាប្រាក់ដែលទទួលបានដំបូងគឺ ៦០ ដុល្លារក្នុងមួយខែ ដោយកាលនោះលោកជិះម៉ូតូ ទៅនិយាយកម្មវិធីវិទ្យុ មួយថ្ងៃ២ម៉ោង តាំងពីភ្នំពេញដល់ ម្តុំព្រែកហូរ ខេត្តកណ្តាល។
ពេលនេះ VJ Joey អាចទទួលបានចំណូលខុសពីមុន ជាង១០ដង ព្រោះលោកបានវិវត្តន៍ខ្លួនពីពិធីករវិទ្យុទៅជាពិធីករក្នុងទូរទស្សន៍វិញ ពេលនេះលោកកំពុងធ្វើជាពិធីករកម្មវិធីមួយ នៅស្ថានីយទូរទស្សន៍ PNN៕