ដាច់​បាយ​បណ្តើរៗ​ អ្នក​ប្រកប​របរ​បញ្ចូល​បទ​ចម្រៀង​ទូរសព្ទ​

  • 2018-03-12 04:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រកប​របរ​បញ្ចូល​បទចម្រៀង ទូរសព្ទ​កំពុង​ត្អូញត្អែរ​ពី​ការ​រក​ចំណូល​ធ្លាក់​ចុះ។

លោក ឡៃ អៀវ ជា​អ្នក​ប្រកប​របរ​​បញ្ចូល​បទ​ចម្រៀង​ជាង ២ ទៅ ៣​ឆ្នាំ​ នៅ​ម្ដុំ​ផ្សារ​ទួល​សង្កែ​បាន​ប្រាប់ Sabay ថា​ ពីមុន​លោក​អាច​រកចំ​ណូល ពី​ការ​បញ្ចូល​បទ​ចម្រៀង​មួយ​ថ្ងៃ ២០ ទៅ ៣០ ដុល្លារ​ គួប​ផ្សំ​ជាមួយ​អ៊ុត​ទូរសព្ទ ដោះ​លេខ​កូដ​និង​បញ្ចូល​កម្មវិធី​ផ្សេងៗ។

លោក​ថា ឥលូវ​​អ្នក​មាន​ទូរសព្ទ​ទំនើប​ៗ​ច្រើន គេ​ចេះប្រើកម្មវិធី​បញ្ចូល​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង ធ្វើ​ឲ្យ​របរ​រក​បាន​មិន​សូវ​ដូច​មុន។

ងាក​មក​លោក វាស្នា ជា​អ្នក​ធ្លាប់​ប្រកប​របរ​នេះ​ដែរ​ បាន​ប្រាប់​ថា​ពី​មុន​លោក​បញ្ចូល​បទ​ចម្រៀង​ដែរ​ តែ​ឥលូវ​ឈប់​ហើយ​ ព្រោះ​គ្មាន​អ្នក​មក​បញ្ចូល​ទៀត​ទេ ភាគ​ច្រើន​មាន​តែ​អ្នក​មក​អ៊ុត​ទូរសព្ទ បុក​ប្រូ​គ្រាម បញ្ចូល​កម្មវិធី បង្កើត Facebook និង​ជួល​ជុល​ទូរសព្ទតិចតួច​ប៉ុណ្ណោះ។

លោក​បន្ត​ថា​ ពី​មុន​បញ្ចូល​បទ​ចម្រៀង​បាន​ថ្លៃ ដោយ​គិត​លើ​ទំហំ GB ដោយ​មួយ 1GB បាន ៤ពាន់ ទៅ៥ពាន់​រៀល តែ​ដល់​ពេល​ឥលូវ​ 1GB បាន​តែ ២ពាន់​ ភាគ​ច្រើន​មានតែអ្នក​ធ្វើ​ការ​រោង​ចក្រ​បញ្ចូល​រឿង​ភាគ។ ពេល​ខ្លះ​រក​តែ​អ្នក​មក​បញ្ចូល​ក៏​គ្មាន​ផង ព្រោះ​គេ​មាន​ស្មាតហ្វូន​ទំនើប​ៗ​ប្រើ​ច្រើន ជាពិសេស​អុីនធឺណិត​ធូរ​ថ្លៃ​បើក​មើល YouTube លេង Facebook បាន​សេរី​ មិន​បាច់​ពិបាក​បញ្ចូល​បទ​ចម្រៀង​ដូច​មុន​ នាំ​តែពេញ​ទូរសព្ទដើរយឺត។

ចំណែក​ឯ​លោក ទ្រី ជា​អាជីវករ​អ្នក​លក់​ទូរសព្ទ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​ ក៏បាន​ប្រាប់ដែរ​ថា​ អ្នក​ប្រកប​របរ​បញ្ចូល​បទ​ចម្រៀង​គ្មាន​អ្នក​បញ្ចូល​ទៀត​ទេ បើ​ចង់​មើល​បទ​ចម្រៀង និង​រឿង​ បញ្ចូល​តែកាត់​ទូរសព្ទ​តែ ១ដុល្លារ​មើល​បាន​រាប់​ម៉ោង និង​អាច Download ខ្លួន​ឯង​យក​មក​ទុក​មើល​បាន​ពេល​ក្រោយ​បាន​ទៀត។

លោក​ថា អ្នក​បញ្ចូល​បទ​ចម្រៀង​ឥលូវ​ងាក​មក​ធ្វើ​ជា​ជាង​ទូរសព្ទ ព្រោះ​អាច​រក​ប្រាក់​បាន​ច្រើន​ជាង ចំណែក​អ្នក​ខ្លះ​ទៅ​រក​ការ​ងារ​ផ្សេង​ធ្វើ។ បើ​នៅ​មាន មាន​តែ​អ្នក​អ៊ុត​ទូរសព្ទ ដោះ​លេខ​កូដ បង្កើត Apple ID, Facebook ប៉ុណ្ណោះ​តែ​ចំណូល​មិន​សូវ​បាន​ច្រើន​ដូច​មុន​ឡើយ។

មិន​ខុស​ពី​អ្នក​ប្រកប​របរ​ខាង​ជា​ជាង​អ្នក​អ៊ុត​ទូរសព្ទ កុំព្យូទ័រ នៅ​ម្ដុំ​វិទ្យាល័យ​សន្ធរ​មុខ​មួយរូប សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​មក​កាន់ Sabay ដែរ​ថា​ អ្នក​ប្រើ​ទូរសព្ទ​បច្ចុប្បន្ន​លែង​បញ្ចូល​បទ​ចម្រៀង​តាម​ទូរសព្ទ​ទៀត​ហើយ ព្រោះ​មាន​ស្មាតហ្វូន ល្អៗ​ប្រើ​ប្រាស់​អីុនធឺណិត​បាន​ស្រួល​ អាច​មើល​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​​បាន​លឿន។

លោក​បន្ត​ថា​រាល់​ថ្ងៃ​លោក​អ៊ុត​តែ កុំព្យូទ័រ​ ទូរសព្ទ ដោះ​លេខ​កូដ និង​ជួស​ជុល​ទូរសព្ទ​​ខ្លះៗ​​ប៉ុណ្ណេះ ព្រោះ​ភាគ​ច្រើន​អ្នក​មក​រក​លោក​មិន​ដែល​មាន​អ្នក​បញ្ចូល​បទ​ចម្រៀង​ឡើយ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី