អតីតអាជ្ញាកណ្តាល ថោង ច័ន្ទកិត្យា បើកភោជនីយដ្ឋានថ្មីដើមទុនក៏ច្រើន
- 2018-03-16 04:52:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអាជ្ញាកណ្តាល ថោង ច័ន្ទកិត្យា បើកភោជនីយដ្ឋានថ្មីដើមទុនក៏ច្រើន
ចន្លោះមិនឃើញ
អតីតអាជ្ញាកណ្តាលបាល់ទាត់កម្ពុជាដ៏ល្បីលោក ថោង ច័ន្ទកិត្យាបានបើកភោជនីយដ្ឋានថ្មីមួយទៀត បន្ទាប់ពីដំណើរការអាហារដ្ឋានមួយកន្លែងនៅក្នុងរាជធានីភ្នំពេញរយៈប៉ុន្មានឆ្នាំមកហើយ។
លោក ថោង ច័ន្ទកិត្យា បានប្រាប់ថា ភោជនីយដ្ឋានថ្មីរបស់លោកនៅព្រែកកំពឹស ជិតទូរទស្សន៍ TV 5 ទើបដំណើរការបានប៉ុន្មានថ្ងៃនេះទេ។ ការរៀបចំតុបតែងលម្អផ្សេងៗមិនទាន់រួចរាល់ ហើយបុគ្គលិកក៏មិនទាន់មានគ្រប់ដែរ។ ប្រហែលជាដល់ថ្ងៃចូលឆ្នាំថ្មី ប្រពៃណីខ្មែរទើបអាចរួចរាល់។ យ៉ាងណា ៣ទៅ៥ថ្ងៃទើបបើកដំណើរការនេះក៏មានភ្ញៀវបណ្ដើរៗដែរ។
អតីតអាជ្ញាកណ្តាលរូបនេះឲ្យដឹងទៀតថា ដោយសារដីដែលឪពុកម្តាយចែកឲ្យនៅទំនេរ ហើយផ្លូវក៏ងាយស្រួលធ្វើដំណើរទៅ ព្រមទាំងមិនសូវឆ្ងាយពីភ្នំពេញផងនោះទើបលោកសម្រេចបើកភោជនីយដ្ឋាននេះឡើង។ លោកបានបញ្ជាក់ថា ដើមទុនក្នុងការដំណើរការហាងថ្មីនេះអស់ជិត៥ម៉ឺនដុល្លារអាមេរិក។
លោកប្រាប់ថា ភោជនីយដ្ឋានថ្មីរបស់លោកចាប់បើកទទួលភ្ញៀវពីម៉ោង៩រហូតដល់ល្ងាច ខណៈអាហារដ្ឋាននៅភ្នំពេញចាប់បើកពេលល្ងាច ដូច្នេះលោកអាចមានពេលវេលាទៅមើលការខុសត្រូវបាន ប៉ុន្តែលោកហត់នឿយបន្តិច។
ពាក់ព័ន្ធនឹងអាជីពអាជ្ញាកណ្តាលវិញ លោក ថោង ច័ន្ទកិត្យា បាននិយាយថា លោកមិនចោលអាជីពមួយនេះឡើយ។ អាជីពអាជ្ញាកណ្តាលបានធ្វើឲ្យមហាជនបានស្គាល់រូបលោករហូតដល់សព្វថ្ងៃ។ ថ្វីបើលោកបានឃ្លាតឆ្ងាយពីលើទីលានមួយរយៈពេលមែន ប៉ុន្តែលោកបន្តកិច្ចការផ្សេងៗ ដូចជាធ្វើជាគ្រូបណ្តុះបណ្តាលអាជ្ញាកណ្តាល កិច្ចការអាជ្ញាកណ្តាលហ្វូតសាល និងការងារអាជ្ញាកណ្តាលផ្សេងៗទៀត។
លោកជាអាជ្ញាកណ្តាលបាល់ទាត់កម្ពុជាដ៏ល្អម្នាក់ដែលមានបទពិសោធច្រើនទាំងការកាត់សេចក្តីជាតិ និងអន្តរជាតិ។ លោកបានចូលនិវត្តពីអាជីពអាជ្ញាកណ្តាលបាល់ទាត់អន្តរជាតិហើយ ប៉ុន្តែនៅតែធ្វើអាជ្ញាកណ្តាលសម្រាប់ការប្រកួតក្នុងស្រុក។ ភូមិស្រែខ្ញុំជាភោជនីយដ្ឋានទី២ បន្ទាប់ពីលោកបានអាហារដ្ឋានទី១ឈ្មោះ FC House ពីរបីឆ្នាំហើយនៅផ្លូវ៣១០ ក្នុងរាជធានីភ្នំពេញ៕