ក្មេងស្រីឈ្នះស្បែកជើងមាសជូនគ្រាប់បាល់ដល់ក្មេងស្រីកម្ពុជា
- 2018-03-22 04:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីឈ្នះស្បែកជើងមាសជូនគ្រាប់បាល់ដល់ក្មេងស្រីកម្ពុជា
ចន្លោះមិនឃើញ
កីឡាការិនី ស្រីរ័ត្ន ដែលបានឈ្នះស្បែកជើងមាសក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេជួយក្រុមនារីខេត្តបាត់ដំបងឈ្នះជើងឯកនៃព្រឹត្តិការណ៍ប្រកួតលីគនារីឆ្នាំ២០១៨ដែលទើបបញ្ចប់ទៅកាលពីចុងសប្តាហ៍កន្លងទៅនេះបានជូនគ្រាប់បាល់ដែលនាងរកបានដល់ក្មេងស្រីទាំងអស់នៅក្នុងប្រទេសកម្ពុជា។
តាមរយៈផេក SALT Academy – Cambodia ស្រីរ័ត្នបាននិយាយថា នាងសូមជូនគ្រាប់បាល់ដែលស៊ុតចូលជួយដល់ក្មេងស្រី និងស្ត្រីទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ក្មេងស្រី និងស្ត្រីមានសិទ្ធិលេងកីឡាផ្សេងៗ និងចូលរួមសកម្មភាពទាំងអស់ក្នុងសង្គម ហើយធ្វើអ្វីៗបានដូចបុរសដែរ។
នៅលើផេកដដែលនាងបាននិយាយថា ៖«ខ្ញុំពិតជារីករាយខ្លាំងណាស់សម្រាប់ការប្រកួតថ្ងៃនេះ និង បានជួយឲ្យក្រុមឈ្នះការប្រកួតនេះ។ ប៉ុន្តែវាមិនមែនម្នាក់ដែលឈ្នះការប្រកួតនេះទេ គឺពួកយើងធ្វើការងារជាក្រុម និងយើងតែងតែនៅទីនោះទាំងអស់គ្នា រហូតដល់ឈ្នះការប្រកួត។ ខ្ញុំមានមោទនភាពសម្រាប់ក្រុមទាំងមូលដែលបានបង្ហាញការលេងយ៉ាងល្អសម្រាប់ថ្ងៃនោះ។
ស្រីរ័ត្នបានអរគុណដល់អង្គការសលត៍ដែលបានបង្កើតឱកាសឲ្យនាង ក៏ដូចជាក្មេងស្រីផ្សេងៗទៀតឲ្យបានសិក្សាអប់រំ និងបណ្តុះបណ្តាលក្មេងស្រីក្នុងវិស័យបាល់ទាត់។ ក្រុមបាល់ទាត់នារីខេត្តបាត់ដំបងបានឈ្នះជើងឯកលីគនារីដែលឆ្នាំទី១ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺដោយលទ្ធផល ៣-១ ក្នុងការប្រកួតចុងក្រោយនៅទីលានបាល់ទាត់ជាតិមេមត់៕