រ៉ាប៊ី និយាយពីបទ"មាន់ស្រែ" នៅទឹកដីអាមេរិក
- 2018-03-30 09:58:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ាប៊ី និយាយពីបទ"មាន់ស្រែ" នៅទឹកដីអាមេរិក
ចន្លោះមិនឃើញ
ពេលនេះម្ចាស់បទ"មាន់ស្រែ" របស់ផលិតកម្មថោន គឺកញ្ញា រ៉ាប៊ី កំពុងតែមានវត្តមានលើទឹកដីអាមេរិក ដោយនាងរ៉ាប៊ីបានចេញទៅជិត១សប្ដាហ៍ហើយ តារាស្រីរូបនេះនឹងត្រូវច្រៀងនៅទីនោះ ក្រោយចូលឆ្នាំខ្មែររួចបានត្រឡប់មកស្រុកកំណើតវិញ។ នាងបានប្រាប់ថា បទ"មាន់ស្រែ" នៅលើទឹកដីអាមេរិកមានការគាំទ្រ មិនចាញ់នៅស្រុកខ្មែរឡើយ គ្រាន់តែមកដល់ភ្លាម បងប្អូនខ្មែរនៅទីនោះ បានស្នើនាងច្រៀង ព្រមទាំងបង្រៀនរបៀបរាំច្រើនកុះករ។
រយៈពេលប៉ុន្មានថ្ងៃដែល រ៉ាប៊ី ទៅដល់ទឹកដីអាមេរិកនេះ នាងទើបតែបានឡើងច្រៀងតែ១លើកប៉ុណ្ណោះ ដោយធ្វើនៅ រដ្ឋមូនីសេតា កាលពីថ្ងៃសៅរ៍កន្លងទៅ។ ក្នុងនោះការច្រៀងនោះ មិនទាន់មានលក្ខណៈទ្រង់ទ្រាយធំឡើយ គឺលក្ខណៈជប់លៀងធម្មតាសិនប៉ុណ្ណោះ។ រ៉ាប៊ី ថា ការច្រៀងដែលមានបងប្អូនខ្មែរទៅចូលរួមច្រើន ប្រហែលជានៅ១សប្ដាហ៍ទៀត បច្ចុប្បន្នម្ចាស់ Sponsor កំពុងតែរៀបចំពេលវេលា និងទីកន្លែងឲ្យបានច្បាស់លាស់។
តាមគម្រោងរយៈពេលនៃការច្រៀងនៅលើទឹកដីមហាអំណាចជាលើកដំបូងនេះ រ៉ាប៊ី ប្រាប់ថា នាងត្រូវច្រៀងចំនួន១២រដ្ឋ ហើយក្នុងនោះ នាងនឹងត្រូវចូលរួមការច្រៀងមហោស្រពធំមួយក្នុងអំឡុងចូលឆ្នាំខ្មែរនេះ ដោយកម្មវិធីនោះ មានប្រទេសជាច្រើនចូលរួម ហើយនឹងមានទស្សនិកជនរាប់ម៉ឺននាក់ចូលរួម។
រ៉ាប៊ី លើកឡើងថា បងប្អូនខ្មែរនៅទឹកដីអាមេរិកពិតជាចង់សប្បាយខ្លាំងណាស់ឲ្យតែឮភ្លេង ដឹងតែពីឡើយរាំហើយ ជាពិសេសបទ"មាន់ស្រែ"របស់នាងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់បានឲ្យនាងបង្រៀនពីរៀបរាំបទ "មាន់ស្រែ" ដើម្បីត្រៀមចូលរួមរាំកម្មវិធីធំដែលត្រូវធ្វើថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។
រ៉ាប៊ី បានលើកឡើងទៀតថា នាងពិតជាសប្បាយចិត្តជាខ្លាំងនៅ ពេលដែលបទចម្រៀងរបស់ខ្លួន ទទួលការគាំទ្រ ទាំងក្នុងប្រទេស និងក្រៅប្រទេសបែបនេះ។ ក្រៅពីបទចម្រៀងល្បីមួយបទនេះ នាងបានប្រាប់ថា ខ្លួនបានត្រៀមបទចម្រៀងជាច្រើនបទផ្សេងទៀត ជាពិសេសបទ រាំវង់ រាំក្បាច់ សារាវ៉ាន់ ជាដើម ដើម្បីបម្រើអារម្មណ៍ បងប្អូនខ្មែរនៅទីនោះ។
តារាស្រីមានកំណើតមកពីខេត្តបាត់ដំបងរូបនេះនិយាយថា នាងមិនអាចបន្តច្រៀងនៅលើទឹកដីអាមេរិកទៀតឡើយ បន់ឲ្យតែដល់ថ្ងៃកំណត់ នឹងហោះមកស្រុកខ្មែរវិញភ្លាមៗ បើទោះបីជា មានការស្នើសុំឲ្យពន្យារពេលច្រៀងឲ្យបានច្រើនថ្ងៃថែមទៀតក្ដី ត្បិតអីនៅស្រុកខ្មែរ មានក្រុមហ៊ុនជាច្រើនណាស់បានស្នើចង់បាននាងទៅច្រៀងឲ្យ ប៉ុន្តែដោយនាងជាប់កុងត្រានៅអាមេរិកបែបនេះ គឺមិនអាចប្រកែកបានឡើយ។
សម្រាប់ការចេញទៅច្រៀងនៅក្រៅប្រទេស នេះជាលើកទី១ហើយ របស់ រ៉ាប៊ី បន្ទាប់ពីតារាស្រីរូបនេះ បានបោះជំហានចូលក្នុងផលិតកម្មថោនជិត២ឆ្នាំមកនេះ។ ការចេញទៅច្រៀងនៅទឹកដីអាមេរិកនេះតាមគម្រោងនាងត្រូវចេញទៅច្រៀងជាមួយលោក ប៊ុត សីហា ប៉ុន្តែដោយម្ចាស់ពាន The Voice Cambodia រដូវកាលទី១រូបនេះ ជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវគ្រឿងញៀន លោកមិនទទួលបានទិដ្ឋាការក្នុងការចេញទៅ តាមការគ្រោងទុកនោះឡើយ៕
Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចុច ទីនេះ។