រដ្ឋាភិបាលម៉ាឡេស៊ី ព្រមានទុកមុន ហាមក្រុមហ៊ុនតាក់ស៊ី Grab ឡើងថ្លៃឲ្យសោះ
- 2018-04-02 09:51:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលម៉ាឡេស៊ី ព្រមានទុកមុន ហាមក្រុមហ៊ុនតាក់ស៊ី Grab ឡើងថ្លៃឲ្យសោះ
ចន្លោះមិនឃើញ
បន្ទាប់ពី Grab បានទិញយកអាជីវកម្មក្រុមហ៊ុន Uber ក្នុងប្រទេសប្លុកអាស៊ាន មិនបានប៉ុន្មានផង រដ្ឋាភិបាលម៉ាឡេស៊ី បានចេញសេចក្ដីថ្លែងការណ៍ ពីការត្រួតពិនិត្យដ៏តឹងរ៉ឹងចំពោះក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
វិធានការនេះដើម្បីការពារប្រយោជន៍អ្នកប្រើប្រាស់ ព្រោះក្រោយពេលដែល Grab បានទិញយក Uber នឹងក្លាយទៅជាក្រុមហ៊ុនយក្សផ្តាច់មុខក្នុងមុខជំនួញសេវាធ្វើដំណើរ។
បើតាមច្បាប់ប្រកួតប្រជែងទីផ្សារសេរីរបស់ប្រទេសម៉ាឡេស៊ី នៅពេលដែលក្រុមហ៊ុនធំៗពីរឬច្រើនប្រកួតប្រជែងគ្នា ក្រុមហ៊ុនទាំងនោះនឹងផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ច្រើនដើម្បីទាក់ទាញអតិថិជនខ្លួន។ ដូច្នេះវិធានការរបស់រដ្ឋាភិបាលម៉ាឡេស៊ី គឺដើម្បីបង្ការពីការដំឡើងថ្លៃស្រេចចិត្ត និងការកាត់បន្ថយអត្ថប្រយោជន៍នានាពីអតិថិជន។
រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល លោកស្រី Nancy Shukri បានថ្លែងបន្ទាប់ពីជួបពិភាក្សាជាមួយអ្នកតំណាងខាងក្រុមហ៊ុន Grab ថា៖ "ពួកយើងនឹងមិនលេងសើចនោះទេ ហើយពួកយើងនឹងតាមដានជាប់ជានិច្ច"។
មន្រ្តីកាន់ការកំពូលក្នុងរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា៖ "បើសិនមានអីកើតឡើង ពួកយើងនឹងមានចំណាត់ការភ្លាមៗ ប៉ុន្តែ ខាងក្រុមហ៊ុន Grab បានធានាអះអាងថានឹងមិនមានរឿងបែបនេះកើតឡើងឡើយ"។
ទោះជាយ៉ាងណា លោកស្រីបញ្ជាក់ថា ការរឹតបន្តឹងនេះ មិនធ្វើឲ្យមានបញ្ហាដល់ការសហការរវាងរដ្ឋាភិបាល និងក្រុមហ៊ុន Grab ឡើយ។ ក្រុមហ៊ុន Grab បានផ្ដល់ការងារដល់អ្នកបើកតាក់ស៊ីជាង ១៤ ០០០ កន្លែង។ ខាងរដ្ឋាភិបាលនឹងរង់ចាំជួយ គាំទ្រក្រុមហ៊ុនជានិច្ច ក្នុងការជួយផ្ដល់ការងារដល់ពលរដ្ឋម៉ាឡេស៊ី៕
ចុចអាន៖