Google ចេញមុខប្រាប់បុគ្គលិក កុំបារម្ភពីគម្រោងសហការអភិវឌ្ឍបច្ចេកវិទ្យាដ្រូនពិឃាដ
- 2018-04-13 06:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google ចេញមុខប្រាប់បុគ្គលិក កុំបារម្ភពីគម្រោងសហការអភិវឌ្ឍបច្ចេកវិទ្យាដ្រូនពិឃាដ
ចន្លោះមិនឃើញ
អ្នកដឹកនាំរបស់ Google Cloud លោកស្រី Diane Greene បានប្រាប់ទៅកាន់បុគ្គលិកខ្លួនថា ក្រុមហ៊ុនមេ Google កំពុងធ្វើសេចក្ដីព្រាងស្ដីពីក្រមសីលធម៌របស់ក្រុមហ៊ុន ក្នុងការសហការជាមួយរដ្ឋាភិបាល ដែលផ្ដោតសំខាន់ជាមួយមន្ទីរបញ្ចកោណ។ ការធ្វើឡើងនេះ គឺដើម្បីធានាដល់បុគ្គលិករបស់ខ្លួន និងឈរលើគោលការណ៍មិនជួយផលិតអាវុធយុទ្ធភណ្ឌ ក្នុងជួរកងទ័ពឡើយ។
គួរបញ្ជាក់ផងដែរថា នៅសប្ដាហ៍មុននេះ បុគ្គលិក Google ជាង ៣ ០០០ នាក់បានផ្ញើញត្តិទៅកាន់ CEO របស់ខ្លួនគឺលោក Sundar Pichai ឲ្យដកខ្លួនចេញពីគម្រោង Maven ដែលកំពុងអភិវឌ្ឍដ្រូនឲ្យចេះសម្គាល់រូបភាពក្នុងវីដេអូ។ ការបារម្ភរបស់បុគ្គលិកនេះ គឺខ្លាចការផ្ដល់បច្ចេកវិទ្យានេះទៅដល់ដៃពួកទាហាន អាចឲ្យគេមានលទ្ធភាពបង្កើតជាដ្រូនពិឃាដ ដែលអាចសម្លាប់មនុស្សយ៉ាងរង្គាលបាន។
លោកស្រី Greene ក៏បានពោលពីការសោកស្ដាយផងដែរថា Google គួរតែចេញគោលការណ៍ក្រមសីលធម៌នេះតាំងពីមុនការសហការជាមួយមន្ទីរបញ្ចកោណ តាំងតែពីខែមិនាមកម្ល៉េះ។
ក្នុងពេលជាមួយគ្នានេះ ខាង Defense One បានរាយការណ៍មកថា Google កំពុងស្នើពីគម្រោងប្រើប្រាស់ Cloud ជាមួយមន្ទីរការពារជាតិរបស់អាមេរិក ដែលមានតម្លៃរហូតដល់ ១០ ពាន់លានដុល្លារឯណោះបើសិនជាការចរចាបានសម្រេច។ យ៉ាងណាមិញ Google មិនបានបញ្ចេញមតិអ្វីពាក់ព័ន្ធនឹងរឿងនេះឡើយ៕
ចុចអាន៖