បុគ្គលិក​​ជាង ៣ ០០០ នាក់ ទ្រាំ​លែង​បាន ស្នើ​​មេ Google ដក​ខ្លួនពី​គម្រោង​សម្ងាត់​មួយ​

  • 2018-04-05 08:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​របស់​ Google បាន​ផ្ញើ​ញត្តិ​មួយ​ទាមទារ​ឲ្យ​លោក Sundar Pichai ដែល​ជា CEO របស់ Google ដក​ខ្លួន​ចេញ​ពី​គម្រោង Maven របស់​មន្ទីរ​បញ្ចកោណ (The Pentagon)។ មាន​បុគ្គលិក​មិន​តិច​ជា ៣ ១០០ នាក់​ឡើយ​ដែល​ស្នើ​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​មួយ​នេះ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​ពី គម្រោង​សិក្សា​ពី​ការ​ធ្វើ AI ដ៏​ធំ​មួយ​នេះ។

កាល​ពី​ខែ​មុន Google បាន​ថ្លែង​ស្ដី​ពី​ការ​ផ្ដល់​ជា​ជំនួយ និង​ប្រភព​ស្វែងរក ដល់​មន្ទីរ​ការពារ​ជាតិ​ក្នុង​គម្រោង​ការ Maven។ Maven ជា​គម្រោង​ការ​មួយ ដែល​ចង់​សិក្សា​និង​បង្កើត​ជា AI ដែល​អាច​វិភាគ​រូបភាព​ដែល​ថត​បាន​ដោយ Drone។ គម្រោង​ការ​នេះ​ចាប់​ផ្ដើម​ឡើង​តាំង​តែ​ពី​ ខែ​មេសា ឆ្នាំ​មុន​មក​ម៉្លេះ ប៉ុន្តែ Google ទើប​តែ​បាន​ប្រកាស​ក្នុង​ការ​ចូល​ដៃ​ជួយ​ដល់​គម្រោង​ការ​នេះ​នា​ខែ​មុន​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​សន្និសីទ​កាសែត អ្នក​នាំ​ពាក្យ​របស់ Google បាន​ប្រាប់​​និយាយ​ថា គេ​អនុញ្ញាត​ឲ្យ​មន្ទីរ​ការពារ​ជាតិ អាច​ចូល​មើល​ទិន្នន័យ​ក្នុង TensorFlow software ដែល​ជា​កម្មវិធី open-sourced ប្រើប្រាស់ Machine Learning ដែល​អាច​ឲ្យ​វា​យល់​ថា​រូប​ភាព​នោះ​ជា​អ្វី។

នៅ​ក្នុង​ញត្តិ​ដែល​បាន​ផ្ញើ​ទៅ CEO Google នោះ​បុគ្គលិក​បាន​ទាមទារ​ឲ្យ Google ដក​ខ្លួន​ចេញ​ពី​គម្រោងការ Maven និង​ត្រូវ​ពង្រឹង​គោលការណ៍​ខ្លួន​ឡើង​វិញ អំពី​ការ​ចូល​រួម​ជាមួយ​សកម្មភាព​នានា​ដែល​មាន​ទាំង​ទង​នឹង​ផ្នែក​យោធា។ ញត្តិ​នោះ​ក៏​បាន​សរសេរ​ឡើង​ថែម​ទៀត​ថា ​ "ការ​ចុះ​កុងត្រា​ធ្វើ​រឿង​នេះ​វា​ធ្វើ​ឲ្យ​អាប់​អោន​ ដល់​កេរ្តិ៍​ឈ្មោះ​របស់ Google ហើយ​ក៏​បំពាន​គោល​ជំហរ​របស់​ក្រុមហ៊ុន​ដែរ។ ការ​ជួយ​បង្កើត​បច្ចេកវិទ្យា​នេះ​សម្រាប់​យោធា នឹង​អាច​មាន​លទ្ធផល​អាណោចអាធ័ម​កើត​ឡើង ហើយ​ក្រុមហ៊ុន​នឹង​មិន​អាច​ទទួល​យក​វា​បាន​ឡើយ" ។

ទាក់​ទិន​ទៅ​នឹង​បញ្ហា​ប្រគល់​ញត្តិ​ចេញ​នេះ អ្នក​តំណាង​ខាង Google បាន​ចេញ​មក​ថ្លែង​ថា "ការ​ចូល​រួម​ក្នុង​ការ​បង្កើត​បច្ចេកវិទ្យា​របស់​យោធា​នេះ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មិន​សប្បាយ​ចិត្ត ហើយ​ពួក​យើង​យល់​ច្បាស់​ពី​បញ្ហា​នេះ។ ប៉ុន្តែ​ពួកយើង​គ្រាន់​តែ​ចង់​បញ្ជាក់​ថា បច្ចេកវិទ្យា​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ជួយ​ជីវិត​មនុស្ស​នៅ​ក្នុង​ស្ថានការណ៍​ដែល​គ្រោះថ្នាក់​ប៉ុណ្ណោះ" ។

ជុំ​វិញ​បញ្ហា​នៃ​គម្រោង Maven មិន​ថា​បុគ្គលិក​ Google ឬ​ក៏​សាធារណជន​ឡើយ​សុទ្ធ​តែ​មាន​កង្វល់​ពី​រឿង​នេះ ព្រោះ​ថា ប្រសិន​បើ​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា AI សម្រាប់ Drone ដែល​មាន​បំពាក់​អាវុធ​នោះ វា​អាច​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ធំ​សម្បើម ដែល Drone ទាំង​នោះ​ជា​ឃាតក​ឈាម​ស្រស់​តែ​ម្ដង ហើយ​វា​អាច​បង្កការ​គំរាមកំហែងដល់​មនុស្ស​ជាតិ​ទាំង​មូល​ក៏​ថា​បាន៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ