Grab ទើបមកដល់កម្ពុជាមិនបានប៉ុន្មានផង វាយលុកដល់សេវាម៉ូតូកង់បី និងម៉ូតូឌុបទៀត
- 2018-04-13 06:59:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Grab ទើបមកដល់កម្ពុជាមិនបានប៉ុន្មានផង វាយលុកដល់សេវាម៉ូតូកង់បី និងម៉ូតូឌុបទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុនតាក់ស៊ីGrab ដែលទើបឈានជើងចូលទីផ្សារកម្ពុជាកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ បានពង្រីកសេវាដឹកជញ្ជូនរបស់ខ្លួនបន្ថែមទៀតរហូតដល់សេវាមូតូឌុប សេវ៉ាមូតូងក់បីឥណ្ឌាសម្រាប់ទីក្រុងភ្នំពេញ និងម៉ូតូកង់បីខ្មែរសម្រាប់ខេត្តសៀមរាប ដោយអះអាងថាដើម្បីផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរ។
កាលពីធ្នូឆ្នាំ២០១៧ ក្រុមហ៊ុនតាក់ស៊ីមួយនេះបានដាក់ឲ្យដំណើរការសេវារថយន្តតាក់ស៊ី លុះដល់ខែមីនា ឆ្នាំ២០១៨ ក៏បានដាក់ឲ្យដំណើរការសេវាម៉ូតូឌុប( GrabBike )មួយទៀត។ សម្រាប់ដើមខែមេសានេះ ក្រុមហ៊ុនក៏បានដាក់ឲ្យដំណើរការសេវាមូតូកង់បីឥណ្ឌា( Grab TukTuk )សម្រាប់ទីក្រុងភ្នំពេញ និងរ៉ឺម៉កកង់បីខ្មែរ(GrabRemorque)សម្រាប់ខេត្តសៀមរាប។
ឆ្លើយតបទៅនឹងសំនួររបស់ Sabay នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា លោក Yee Wee Tang លើកឡើងថាការដាក់ឲ្យដំណើរប្រភេទមធ្យាបាយដឹកអ្នកដំណើរបន្ថែមនេះគឺដើម្បីផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរ។ ចំពោះការដាក់ឲ្យដំណើរការមូតូកង់បីឥណ្ឌានៅទីក្រុងភ្នំពេញ លោកថាមធ្យោបាយប្រភេទនេះកំពុងតែពេញនិយមនៅទីក្រុងភ្នំពេញ និងថាចំណែកនៅសៀមរាបវិញក្រុមហ៊ុនដាក់ឲ្យដំណើរការម៉ូតូកង់បីខ្មែរ ក៏ដោយសារនៅទីនោះមានការពេញនិយមច្រើនក្នុងការធ្វើដំណើរតាមមធ្យោបាយមួយនេះ។
ថ្វីត្បិតតែនៅរាជធានីភ្នំពេញក្រៅពីសេវារបស់ក្រុមហ៊ុនGrab នេះក៏មានដែរក្រុមហ៊ុនដឹកអ្នកដំណើរដោយប្រើប្រព័ន្ធApp ផ្សេងច្រើនទៀតតែលោក Yee Wee Tang ចាត់ទុកថាការប្រកួតប្រជែងជារឿងល្អមួយ ដែលនាំឲ្យមានការច្នៃប្រឌិតថ្មី និងធ្វើឲ្យតម្លៃធ្វើដំណើរកាន់តែអាចទទួលយក និងទុកចិត្តបាន រួមជាមួយនឹងសុវត្ថិភាពកាន់តែខ្ពស់។
សម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារវិញលោកថាការទុកចិត្តបាន តម្លៃសមរម្យ និងសុវត្ថិភាព រួម ជាមួយនិងការផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនពីក្រុមហ៊ុន ជាមធ្យោបាយមួយក្នុងការទាក់ទាញអតិជនឲ្យប្រើប្រាស់Grab កាន់តែច្រើន។
លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសមាជិកអ្នករត់តាក់ស៊ី រ៉ឺម៉ក និងម៉ូតឌុបជាង១ ០០០ នាក់ លើកឡើងថាសមាជិករបស់លោកប្រហែល៣០ភាគរយបានប្រើប្រាស់ App របស់ក្រុមហ៊ុនមួយចំនួន។ លោកថាការរីកចម្រើននៃក្រុមហ៊ុនApp ហៅតាក់ស៊ី ឬរ៉ឺម៉កនេះ ស្របទៅតាមសម័យកាលជៀនលឿននៃបច្ចេកវិទ្យា ម្យ៉ាងទៀតលោកថាបានជួយច្រើនដល់អ្នករត់តាក់ស៊ី ឬរ៉ឺម៉ក ងាយស្រួលក្នុងការទទួលបានអតិថិជនជាងមុុន ជាពិសេសគឺមិនបាច់បង់ថ្លៃចំណតរង់ចាំភ្ញៀវដូចមុន។
ទោះបីជាមានចំណុចវិជ្ជមានបែបនេះក្តី ក៏លោកថានៅមានដែរចំណុចអវិជ្ជមាន ដោយថាក្រុមហ៊ុនខ្លះបានកាត់ភាគរយច្រើនពេកពីម្ចាស់រ៉ឺម៉កធ្វើឲ្យអ្នករត់រ៉ឺម៉កទទួលបានកម្រៃតិច។ ដោយមើលឃើញពីចំណុចនេះលោកស្នើឲ្យក្រុមហ៊ុនទាំងនោះពិចារណាលើចំណុចនេះ ឡើងវិញ។
ងាកមកក្រុមហ៊ុន Grab វិញ ក្រៅពីការខិតខំពង្រីកសេវាដឹកជញ្ជូនរបស់ខ្លួនឲ្យកាន់តែប្រសើរ ក្រុមហ៊ុនមួួនេះ ក៏បានទិញរាល់មុខជំនួយទាំងអស់របស់ Uber រួមទាំងសេវាហៅតាក់ស៊ីនៅក្នុងប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម។ ជំនួសពីការលក់នេះ ក្រុមហ៊ុន Uber នឹងកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន Grab ចំនួន27.5% ហើយនាយកប្រតិបត្តិ Uber លោក Dara Khosrowshahi នឹងចូលរួមជាគណៈគ្រប់គ្រងរបស់ Grab ផងដែរ។
គួរបញ្ជាក់ដែរថាក្រុមហ៊ុនប្រើ «app» សម្រាប់ហៅមធ្យោបាយដឹកជញ្ជូននេះមិនមែនមានតែក្រុមហ៊ុនGrab នេះមួយទេដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ សេវាហៅម៉ូតូកង់បីតាមរយៈ Pass App Ugo711 CamGo ជាដើម បាននិងកំពុងធ្វើប្រតិបត្តិការលើសេវាប្រហាក់ប្រហែលគ្នានេះនៅកម្ពុជា៕