និស្សិតកម្ពុជាវ័យក្មេង១ក្រុម ឈ្នះមេដាយច្រើនសន្ធឹកក្នុងចំណោមប្រទេសទាំង១៦

  • 2018-04-21 04:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មួយ​ក្រុម​បាន​ស្ម័គ្រចិត្ត​លះបង់​ឱកាស​រីករាយ ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី ១២ ខែ​មេសា កន្លងមក ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ស្នាដៃ សិស្ស​និស្សិត​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​កម្មវិធី «គំនិត​ច្នៃ​ប្រឌិត និង​ការ​បង្កើត​ថ្មី នៃ​ផ្នែក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​អន្តរជាតិ​ប្រចាំ​ឆ្នាំ ២០១៨ (International Engineering Invention & Innovation Exhibition 2018 ដែល​ហៅកាត់​ថា i-ENVEX2018)»។  ដោយ​មាន​ការ​ដឹកនាំ​ពី​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ន័រតុន យុវជន​ទាំង​នោះ បាន​មក​ដល់​មាតុ​ប្រទេស​កាល​ពី​ម្សិលមិញ អម​ដោយ​មេដាយ និង​ពាន​រង្វាន់​ដ៏​ច្រើន​សន្ធឹក។   

លោក​សាស្រ្តាចារ្យ លុយ មិថុនា ឱ្យ​ដឹង​ថា និស្សិត​ផ្នែក កុំព្យូទ័រ​វិទ្យា​នៃ​សាកលវិទ្យាល័យ ​ន័រតុន​ចំនួន​៤ គម្រោង​ទទួល​បាន​លទ្ធផល​ល្អ ដែល​គម្រោង​ទី​១ “NU Eco Smart FAN” បាន​មេដាយ​មាស​លំដាប់​ខ្ពស់​បំផុត (Double Gold Medal) ចំនួន១ ​លិខិត​សរសើរ​ល្អ​ជាងគេ​បំផុត​ក្នុង Categories Classed E: I.C.T, Multimedia & Telecommunications, Electricity & Electronic ចំនួន១ និង​ពានរង្វាន់ i-ENVEX 2018 ល្អ​ជាងគេ​បំផុត​ចំនួន១ នឹង​ថវិកា​ចំនួន ២០០.០០ រីងហ្គីត។

លោក​ថា គម្រោង “NU Eco Smart FAN”  គឺ​ផ្ដោត​លើ​របក​គំហើញ​ថ្មី ទៅ​លើ​ការ​ផលិត​កង្ហា ដែល​អាច​វិល​បាន​មួយ​ជុំ ពោល​គឺ ៣៦០ដឺក្រេ ខណៈ​កង្ហារ​ធម្មតា​អាច​វិល​បាន​១៨០ដឺក្រេ​ប៉ុណ្ណោះ។ មាន​សមត្ថភាព​លើស​កង្ហារ​ធម្មតា​ពីរដង កង្ហារ​នេះ​ក៏​មាន​បន្ថែម​មុខងារ​ដូចជា  Temperature Mode  ដែល​អាច​វិល​ខ្លាំង ឬ​ខ្សោយ​អាស្រ័យ​លើ​អាកាសធាតុ​តាម​រយៈ​ការ​ភ្ជាប់​នឹង​ប្រព័ន្ធ Sensor រួម​ទៅ​នឹង​មុខងារ Auto Function ជាច្រើន​ទៀត។ 

គម្រោងទី២ “NU Speech Assistance”  ដោយ​ទទួល​បាន​មេដាយ​មាស ( Gold Medal) ចំនួន១ ពី​ប្រទេស​ម៉ាឡេស៊ី មេដាយ​មាស (Gold Medal) ចំនួន១ ពី​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​ជាតិ​របស់​ប្រទេស​ថៃ និង​លិខិត​សរសើរ​ល្អ​ជាង​គេ​បំផុត​ចំនួន១ ពី​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​ជាតិ​របស់​ប្រទេស​ថៃ។ គម្រោង​នេះ​ផ្ដោត​ទៅ​លើ ស្នាដៃ​ថ្មី​មួយ​របស់​យុវជន សៀក ពិសិដ្ឋ និង​កញ្ញា ស្រេន ណាស៊ីមះ និស្សិតឆ្នាំទី២  នៃ​សកលវិទ្យាល័យ​ន័រតុន ដែល​អាច​មាន​សមត្ថភាព​អាន​អក្សរ​នៅ​លើ​ក្រដាស និង​ត្រូវ​បាន​រំពឹង​ថា ជា​ជំនួយ​ច្រើន​ដល់​ជន​ពិការ​ភ្នែក។ នេះ​គឺជា​បច្ចេកវិទ្យា​ថ្មី និង​មិនទាន់​មាន​អ្នក​ធ្វើ​នៅ​ឡើយ។

គម្រោងទី៣  “NU E-Commerce” ពាន​រង្វាន់​ទទួល​បាន​មេដាយ​ប្រាក់ (Silver Medal) ចំនួន១ ពី​ប្រទេស​ម៉ាឡេស៊ី។ កម្មវិធី​នេះ​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​បញ្ច្រាស​នឹង​ទីផ្សារ online បច្ចុប្បន្ន។ បច្ចុប្បន្ន​បើ​ចង់​ទិញ​អី​ត្រូវ​រក​មើល​ជាមុន​សិន។ ប៉ុន្តែ​កម្មវិធី​នេះ បើ​សិន​ជា​ចង់​ទិញ​អ្វី​មួយ គឺ​យើង​អ្នក​ទិញ​អាច post នូវ​របស់​ដែល​ចង់​ទិញ បន្ទាប់​មក​នឹង​មាន​អ្នក​ចង់​លក់​ទាក់ទង​វិញ ដែល​នេះ​ត្រូវ​បាន​ចាត់​ទុកជា​គំនិត​បង្កើត​ថ្មី​មួយ និង​មាន Function ជាច្រើន​ទៀត។

គម្រោងទី៤  “NU Smart Announcer” ទទួល​បាន​មេដាយ​សំរឹទ្ធ ( Bronze Medal) ចំនួន១ ពី​ប្រទេស​ម៉ាឡេស៊ី ដែល​កម្មវិធី​នេះ គឺ​បង្កើត​ឡើង​ក្នុង​គោលបំណង ចែក​រំលែក​នូវ​ព័ត៌មាន(share or alert ) ខណៈ​បច្ចុប្បន្ន​មនុស្ស​ភាគច្រើន​ជឿជាក់ និង​អាច​ទទួល​បាន​ព័ត៌មាន​តាមរយៈ Notification  ប៉ុន្តែ​បើ​ប្រើ​នៅ​កន្លែង​អត់​មាន​អ៊ីនធឺណេត ឬ អត់មាន smart phone មានន័យថា អត់​អាច​ដំណើរការ​នោះទេ។ ដូច្នេះ “NU Smart Announcer” អាច​ជួយ​បាន​ច្រើន។ បន្ថែម​លើ​នេះ “NU Smart Announcer” ក៏​អាច​កំណត់​មុខងារ​ផ្ញើ​តាម​រយៈ​ទូរសព្ទ​ដៃ​ផងដែរ ទោះ​អត់​មាន​អ៊ីនធឺណេត​ ក៏​អាច​ទទួល​បាន​ព័ត៌មាន​ដែរ។

  លោក​សាស្រ្តាចារ្យ លុយ មិថុនា បាន​បន្ថែម​ថា នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​យុវជន​កម្ពុជា និង​សង្ឃឹមថា មាន​ស្នាដៃ​ថ្មីៗ ជាច្រើនទៀត​យក​ទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ។

  កម្មវិធី i-ENVEX 2018 ត្រូវ​បាន​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃទី ១៣-១៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​សាល​តាំង​ពិព័រណ៍​របស់​សាកលវិទ្យាល័យ ម៉ាឡេស៊ី ភឺលីស (University Malaysia Perlis, UniMAP) ក្នុង​នោះ​មាន ១៦​ប្រទេស​រួមមាន៖ កម្ពុជា, ហ្វីលីពិន, វៀតណាម, ថៃ, ឡាវ, រ៉ូម៉ានី, កាណាដា, សហរដ្ឋអាមេរិក, ម៉ាកាវ, បង់ក្លាដេស, ឥណ្ឌូនេស៊ី, កូរ៉េខាងត្បូង, ឥណ្ឌា, តៃវ៉ាន់, ហុងកុង, និង ចិន ដែល​រួមមាន ៤០៨ គម្រោង។

ខាងក្រោមនេះគឺ មេដាយ​ និងពាន​រង្វាន់​ដ៏​ច្រើន​ ប្អូនៗទទួលបាន៖

អត្ថបទដោយ៖ សុផល

រូបភាពផ្ដល់ឲ្យ

អត្ថបទថ្មី