មុខងារ​ពិសេស​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ពណ៌​អេក្រង់​ អ្នក​ចូលចិត្ត​ចុច​ទូរសព្ទ​ពេលយប់

  • 2018-05-06 02:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេក្រង់​ទូរសព្ទ​បញ្ចេញ​ពន្លឺ​ពណ៌​ខៀវ​ពេល​ថ្ងៃ​មិន​អី​ទេ​ តែ​ពេល​យប់​អាច​ប៉ះពាល់​ដល់​ការ​គេង​ ដោយ​ដាស់​ខួរក្បាល​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ងងុយ​។

លើ​ iOS, Android និង​ Window 10 មាន​មុខងារ​អាច​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ពណ៌​អេក្រង់​ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​គឺ​ធ្វើ​ឲ្យ​អេក្រង់​មាន​លក្ខណៈ​ស្រទំ​។

លើ​ iPhone ឬ iPad

ប្រាកដ​ថា​ iPhone ឬ​ iPad ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់​ពី​ iOS 9.3 ឬ​ខ្ពស់​ជាង​នេះ​។ ចូល​ទៅ​កាន់​ Settings > Display & Brightness > ចុច​លើ​ Night Shift ។ ត្រង់​ផ្ទាំង​ Night Shift មាន​ជម្រើស​ច្រើន​។

ចុច​លើ​ប៊ូតុង​ក្បែរ Scheduled នឹង​ឃើញ​ជម្រើស​ From To អាច​ចុច​លើ​ប្រអប់​នោះ​ ដើម្បី​កំណត់​ម៉ោង​បើក​ដំណើរការ​មុខងារ​ និង​បិទ​តាម​ពេលវេលា​ ដោយ​បើក​មុន​ពេល​ចូល​គេង​ និង​បិទ​ពេល​ភ្ញាក់​។

ក៏​មាន​ជម្រើស​ស្វ័យប្រវត្តិ​ Sunset to Sunrise ដែល​នឹង​បើក​មុខងារ​នេះ​ពេល​ថ្ងៃ​លិច​ និង​បិទ​ពេល​ថ្ងៃ​រះ​។ បើ​មិន​ឃើញ​ជម្រើស​នេះ​មាន​លើ​អេក្រង់​ អាច​ត្រលប់​ទៅ​កាន់​ Settings > Privacy > Location Services > អូស​ចុះ​ក្រោម​ចុច​ត្រង់​ System Services > បើក​ជម្រើស​ Setting Time Zone។

ជម្រើស​ Manually Enable Until Tomorrow នឹង​បើក​ដំណើរការ​មុខងារ​ធ្វើ​ឲ្យ​អេក្រង់​ឡើង​ស្រទំ​ រហូត​ដល់​ថ្ងៃ​ថ្មី​ទើប​បិទ​។

មួយ​វិញ​ទៀត​ ក៏​អាច​គ្រប់គ្រង​លើ​សីតុណ្ហភាព​ពណ៌​ ឬ​កម្រិត​ស្រទំ​របស់​មុខងារ​ Night Shift ដោយ​ចុច​រំកិល​ប៊ូតុង​មូល​នៅ​កណ្ដាល​ទៅ​កាន់​ More Warm ឬ Less Warm អាច​លេង​បាន​រហូត​ត្រូវ​ចិត្ត​។

មុខងារ​ Night Shift ក៏​អាច​បើក​ដំណើរការ​ពី​ Control Center របស់​ iOS device ដោយ​ចុច​លើ​អេក្រង់​អូស​ឡើង​លើ​ ត្រង់​ប៊ូតុង​កែ​ពន្លឺ​អេក្រង់​ ចុច​សង្កត់​ឲ្យ​ជាប់​ នឹង​មាន​ជម្រើស​ អាច​ចុច​បើក​ ឬ​បិទ​មុខងារ​ Night Shift បាន។​

លើ​ Android Device

Google បាន​បន្ថែម​មុខងារ​ Night Mode ទៅ​កាន់​ជំនាន់​ Android Nougat ជួយ​ធ្វើ​ឲ្យ​អេក្រង់​ស្រទំ​ងាយស្រួល​មើល​។ ដោយ​ចូល​ទៅ​កាន់​ Settings > Display > Night Light រួច​បើក​ ឬ​បិទ​ ជាមួយ​នឹង​ជម្រើស​មួយ​ចំនួន​ស្រដៀង​នឹង​ Night Shift ដែរ​ ដូចជា​ កំណត់​ម៉ោង​បើក​មុខងារ​ និង​បិទ​, បើក​បិទ​ ពេល​ថ្ងៃ​លិច​ ថ្ងៃ​រះ​ និង​បើក​ដំណើរការ​រហូត​ដល់​ថ្ងៃ​ថ្មី​។

មួយ​វិញ​ទៀត​ក៏​អាច​ប្រើ​កម្មវិធី​ជំនួយ​ក្រៅ​ផង​ដែរ​ ដូចជា​ Blue Light Filter, sFilter និង​ Twilight។

លើ​ Device ប្រើ​ Windows 10

លើ​ Windows 10 មាន​ជម្រើស​កែប្រែ​កម្រិត​ពណ៌​ពន្លឺ​ធ្វើ​ឲ្យ​អេក្រង់​មាន​ពណ៌​ស្រទំ​បាន​ហៅថា​ Night light តែ​ប្រាកដ​ថា​ប្រព័ន្ធ​បាន​ធ្វើ​កំណែ​ទម្រង់​ចុង​ក្រោយ​ (Creators Update)។

អាច​ពិនិត្យ​មើល​ដោយ​ ចុច​ Mouse ស្ដាំ​លើ​ប៊ូតុង​ Start ដើម្បី​បង្ហាញ​ Power Menu បើ​ឃើញ​ Settings ក្នុង​ Menu មាន​ន័យ​ថា​បាន​ធ្វើ​កំណែទម្រង់​ចុង​ក្រោយ​ តែ​បើ​នៅ​ឃើញ​ Control Panel ក្នុង​បញ្ជី​ មាន​ន័យ​ថា​មិន​ទាន់​បាន​ធ្វើ​កំណែទម្រង់​ទេ​។

ចុច​លើ​ប៊ូតុង​ Start > Settings > System > ត្រង់​ផ្ទាំង​ System មាន​ Setting ដំបូង​ Display > នៅ​ខាង​ស្តាំ​ ចុច​ប៊ូតុង​ក្រោម​ Night light ដើម្បី​បើក​មុខងារ​ Night light mode ក្រោយ​មក​កម្រិត​ពន្លឺ​ពណ៌​អេក្រង់​នឹង​ផ្លាស់ប្ដូរ​មក​ស្រទំ​ ឬ​អាច​កែប្រែ​កំណត់​មុខងារ​ Night light បន្ថែម​ ចុច​លើ​ពាក្យ​ Night light settings ក្នុង​នោះ​ក៏​មាន​ប៊ូតុង​ Turn on now ផង​ដែរ​ អាច​ចុច​បើក​ពី​ទី​នោះ​បាន​។

លើ​ផ្ទាំង​នោះ​អាច​កែ​កម្រិត​ស្រទំ​ ដោយ​ចុច​ប៊ូតុង​រំកិល​ត្រង់​ Color temperature at night។ អាច​កំណត់​ពេលវេលា​បើក​បិទ​ ដោយ​ចុច​ប៊ូតុង​ Schedule night light ដោយ​មាន​ជម្រើស​ពីរ​ កំណត់​បើក​បិទ​ថ្ងៃ​លិច​ ថ្ងៃ​រះ​ ឬ​តាម​ម៉ោង​ជាក់លាក់​។

មុខងារ​កំណត់​ថ្ងៃ​លិច​ ថ្ងៃ​រះ​ (Sunset to Sunrise) មុន​នឹង​អាច​ប្រើ​បាន​ដំបូង​ត្រូវ​បើក​ដំណើរការ​ Location Services ក្នុង​ Window ដោយ​ចុច​លើ​ពាក្យ​ Location Settings > ចុច​បើក​ Location service។

ការ​កំណត់​ម៉ោង អាច​ចុច​ប៊ូតុង ​Set hours > ចុច​លើ​ពេលវេលា​នៅ​ខាងក្រោម​ Turn on កំណត់​ពេល​មុខងារ​ Night light បើក​ដំណើរការ​ > ចុច​លើ​ពេលវេលា​នៅ​ខាងក្រោម​ Turn off កំណត់​ពេល​មុខងារ​ Night light បិទ​ដំណើរការ​។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី