អព្ភូត​ហេតុ​មាន​មែន! ស្ត្រី​ម្នាក់​សន្លប់​រយៈពេល ៤ ខែ បានដឹង​​ខ្លួន​ក្រោយ​ស្ដាប់​បទ​របស់ Jay Chou

  • 2018-05-12 03:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​មក​ពី​ខេត្ត Hubei នៃ​ប្រទេស​ចិន បាន​សន្លប់​បាត់បង់​ស្មារតី​កាល​ពី​ចុង​ឆ្នាំ​មុន​នេះ បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​ ក្រោយ​បាន​ស្ដាប់​បទ​ចម្រៀង​ "Rosemary” របស់​តារា​ចម្រៀង​ដ៏​ល្បី​ Jay Chou។

ស្ត្រី​ម្នាក់​​វ័យ ២៤ ឆ្នាំ ដែល​ឈ្មោះ​មិន​ត្រូវ​បាន​បង្ហាញ បាន​សន្លប់​បាត់បង់​ស្មារតី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោយ​ខួរក្បាល​លែង​ដំណើរការ​ដោយ​សារ​កង្វះ​អុកស៊ីហ្សែន នេះ​បើ​តាម​​សារព័ត៌មាន Wuhan Evening News។ ស្ថានភាព​ជំងឺ​របស់​នាង ត្រូវ​បាន​ឲ្យ​ដឹង​ថា​មាន​សភាព​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន រហូត​ដល់​ចង្វាក់​បេះដូង​របស់​នាង​ឈប់​ដើរ​រហូត​ដល់​ទៅ ៣​ដង ហើយ​ក្រលៀន និង​​សួត​របស់​នាង​ទទួល​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ផង​ដែរ។

គិលានុបដ្ឋាយិកា​ដែល​ទទួល​មើល​ថែ​នាង​ម្នាក់​ឈ្មោះ Peng Keling បាន​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​ជួយ​នាង​ឲ្យ​ដឹង​ខ្លួន​ឡើង​វិញ ដោយ​ការ​ចាក់​ចម្រៀង, និយាយ​រឿង​កំប្លែង រួម​ទាំង​អាន​ព័ត៌មាន​កម្សាន្ត​ផ្សេង​ឲ្យ​នាង​ស្ដាប់​ដើម្បី​ឲ្យ​មាន​ស្មារតី​ឡើង​វិញ។

នៅ​ថ្ងៃ​មួយ គិលានុបដ្ឋាយិកា​រូប​នេះ​មាន​គំនិត​មួយ លោក​បាន​និយាយ​ថា៖ "ខ្ញុំ​ស្ដាប់​បទ​ចម្រៀង​របស់ Jay Chou ពេល​ខ្ញុំ​ធំ​ដឹង​ក្ដី ដូច្នេះ​ខ្ញុំ​គិត​ថា​ប្រហែល​នាង​ក៏​ចូលចិត្ត​ស្ដាប់​ដូច​ខ្ញុំ​ដែរ"។ លោក​បាន​ចាក់​បទ​ចម្រៀង​នោះ​ដដែល​ៗ​អស់​រយៈពេល ៣​ខែ។

ក្រោយ​មក​ ក្នុង​ខែ​មីនា អភូតហេតុ​បាន​កើត​មាន​ឡើង ស្ត្រី​រូប​នោះ​អាច​កម្រើក​ជើង​របស់​នាង​បាន​តាម​ចង្វាក់​ភ្លេង​បទ "Rosemary” របស់​តារា​ចម្រៀង Jay Chou។

ក្រោយ​ពេល​នាង​អាច​បើក​ភ្នែក​បាន ស្ត្រី​នេះ​អាច​ធ្វើ​តាម​អ្វី​ដែល​គ្រូពេទ្យ​រូប​នោះ​បញ្ជា​ឲ្យ​នាង​ធ្វើ​បាន​ទាំង​អស់។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា៖ "ក្រុម​គ្រូពេទ្យ​ទាំង​អស់​បាន​មក​ជុំវិញ​គ្រែ​របស់​នាង ខណៈ​ខ្ញុំ​នៅ​បន្ត​ច្រៀង​ចម្រៀង​ដែល​នាង​ចូលចិត្ត។ ហើយ​នៅ​ពេល​ខ្ញុំ​សួរ​នាង​ថា​សំឡេង​ខ្ញុំ​ច្រៀង​យ៉ាង​ម៉េច​ដែរ នាង​និយាយ​តិច​ៗ​ថា មិន​អន់​នោះ​ទេ"។

ក្រោយ​ពេល​បាន​ដឹង​ខ្លួន​ឡើង​វិញ នាង​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​បន្ទប់​សម្រាក​ទូទៅ​វិញ​៕ ​

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា