កំណើន​ចំនួន​អ្នកម្តាយ​វ័យជំទង់ បង្ក​ក្តីបារម្ភ​ដល់អនាគត​កុមារតូចនៅ​កម្ពុជា​

  • 2018-05-31 09:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គ​កា​រមនុស្ស​ធម៌​មួយ​បាន​លើក​ឡើង​ថា​ការ​កើន​ឡើង​ចំនួន​អ្នក​ម្តាយ​វ័យជំទង់​ក្នុង​ប្រ​ទេស​កម្ពុជា​កំពុង​ក្លាយ​ជា​ក្តីបារម្ភមួយ​សម្រាប់​កូនតូច​របស់​អ្នក​ទាំង​នោះ​ដែល​អាច​ប្រ​ឈម​នឹង​ហានិភ័យ​ផ្សេង​ៗដោយសារតែ​ម្តាយ​វ័យក្មេង​មិន​មាន​បទពិសោធន៍ ជំនាញ និង​សន្តិសុខ​ហិរញ្ញវត្ថុ​ដើម្បី​ចិញ្ចឹម​បីបាច់​កូនឲ្យបាន​ល្អ​។​

(កុមារីម្នាក់​ដើរ​លក់​ផ្កា​តាម​ផ្លូវ​មួយក្នុង​រាជធានីភ្នំពេញ)

​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​ចេញ​​ផ្សាយ​នៅ​រសៀល​នេះ របស់​អង្គការ Save the Children ស្តីពី​របាការណ៍​"ការបញ្ចប់នូវកុមារភាព៖ កុមារជាច្រើនមិនត្រូវបានរាប់បញ្ចូល"​លើក​ឡើង​ថា​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​​ចំនួន​អ្នក​ម្តាយ​វ័យជំទង់​នៅ​កម្ពុជា​បាន​កើនឡើង​ពី​៨ភាគរយ​ទៅ​១២​ភាគរយ​នៃ​កុមារី​​វ័យ​ជំទង់​ទាំង​អស់​។

ក្នុង​សេចក្តីប្រ​កាសព័ត៌មាន​សរសេរ​បន្តថា៖ «អង្គការ Save the Children កំពុង​[ជំរុញ]​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ការ​គាំទ្រ​និង​ការអប់រំ​ដែល​កុមារ​វ័យ​ជំទង់​ត្រូវ​ការ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ដោយ​មាន​ព័ត៌​មាន​គ្រប់​គ្រាន់​ពាក់​ព័ន្ធ​នឹង​សុខភាព​ផ្លូវ​ភេទ​និង​​​សុ​ខភាព​​​បន្តពូជ​​របស់​ពួកគេ​ ​និង​ឲ្យ​រាជ​រដ្ឋាភិបាល​ធានា​នូវ​ការ​វិនិយោគ​កាន់​តែច្រើន​ឡើង​លើកម្មវិធី​ថែទាំ​ អប់រំនិងអភិវឌ្ឍន៍កុមារ​តូច ​ដើម្បីធានា​ថាកុមារ​ទាំង​អស់អាច​ទទួល​បាន​សេវា​ដែល គាំទ្រ​ការ​រៀនសូត្រ​និង​ការអភិវឌ្ឍដំបូង​​របស់ពួក​គេ»។​​

ចំនួន​អ្នក​ម្តាយ​វ័យជំទង់កើន​ឡើង​កំពុង​ធ្វើឲ្យមាន​គ្រោះ​ថ្នាក់​ដល់​សុខុមាលភាព​របស់​កុមារ​តូច​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្តីប្រ​កាស​ព័ត៌​មាន​ដដែល​។ ប្រ​ភព​ដដែល​ឲ្យ​ដឹងថា​កុមារ​នៅ​កម្ពុជា​ច្រើនជាង​៣០ភាគរយ​មាន​ភាព​ក្រិស​ក្រិន ​កុមារ​ម្នាក់​ក្នុងចំណោម​ប្រាំនាក់​បាត់​បង់​ឱកាស​សិក្សា​ និង​មាន​២០ភាគរយ​​បាន​ប្រ​ឡូក​ក្នុង​ពល​កម្ម​កុមារ។

លោកស្រី អេលីហ្សាបេត ភៀស  នាយិកាអង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា​ទំនង​ជា​ចង់​សំដៅថា​អ្នកម្តាយ​វ័យជំទង់​មិន​ទាន់មាន​សមត្ថភាពគ្រប់គ្រាន់​ក្នុង​ការ​ថែទាំងកូនតូច​របស់​ខ្លួន​ឲ្យមាន​សុខភាពល្អ និង​ជំរុញ​កូន​ឲ្យ​បានទទួលការ​អប់​រំ។ នេះ​បើ​តាម​សេចក្តីប្រ​កាសព័ត៌មាន។

​ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​បាន​ដកស្រង់​សម្តី​របស់លោក​ស្រី​យ៉ាង​ដូចនេះ​ថា៖​«ភាព​ជាក់​ស្តែង​បែប​នេះ​មិន​ត្រឹម​តែ​ធ្វើ​[ឲ្យ]ម្តាយ​វ័យ​ក្មេង​ទាំង​នោះ​បាត់​បង់​នូវ​កុមារ​ភាព​របស់​ពួក​គេ​នោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​អនាគត​កូន​របស់​ពួក​គេស្ថិត​ក្នុង​ហានិភ័យ​ផងដែរ​។ ​​ដោយ​សារ​តែ​​ភាពវ័យក្មេង​និង​ការ​រើស​អើង​ពីសង្គម​ដែល​ពួក​គេ​តែង​តែជួប​ប្រទះ​ញឹក​ញាប់ ​អ្នក​ម្តាយ​វ័យ​ជំទង់​ មិន​មាន​បទពិសោធន៍ ជំនាញ ការ​ទទួលបាន​សេវា​ ឬសន្តិ​សុខ​ហិរញ្ញវត្ថុ​ដែល​ត្រូវ​ការ​ដើម្បីផ្តល់​ការ​ថែ​ទាំល្អ​បំផុត​ដល់​កូនៗ​របស់​ពួកគេ​។ នេះ​មានន័យថា​ប្រទេស​កម្ពុជា​ត្រូវការ​ការវិនិយោគ​បន្ថែម​ទៀត​មិន​ត្រឹម​តែក្នុង​ការ​កាត់​បន្ថយ​ការ​មាន​ផ្ទៃពោះ​របស់​កុមារីវ័យ​ជំទង់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នៅក្នុង​កម្មវិធី​អប់រំ​និង​អភិវឌ្ឍន៍​កុមារតូច​ដែល​មានលក្ខណៈ​ពេញលេញ​ ដើម្បី​ធានាថា​ទារក​ទើបនឹង​កើត​ទាំង​នេះ​មិន​ជួប​ការ​លំបាក​តាំង​ពី​កើត​នោះ​ទេ»។​

លោក​ស្រី​បន្តថា​អ្នកម្តាយ​វ័យ​ក្មេង​ទាំងនេះ​ភាគច្រើន​ស្ថិត​ក្នុង​សហគមន៍​ងាយ​រងគ្រោះ និង​ស្ថិត​នៅ​ក្នុង​សហគមន៍​ក្រី​ក្រ ជនបទ​ដែល​ថា​មិន​សូវ​បានទទួល​អត្ថប្រ​យោជន៍ពី​ការ​រីកចម្រើន​របស់​សង្គម​ដូច​កុមារីវ័យ​ជំទង់​ស្រករៗ​គ្នា​ផ្សេង​ទៀត​។ លោកស្រី​បន្ថែមថា៖ « ដោយ​សារ​គុណ​វិបត្តិ​នៃ​ការ​ត្រៀម​លក្ខណៈ​មិន​បាន​ត្រឹម​ត្រូវ​សម្រាប់​ភាព​ជា​ឪពុក​ម្តាយ​នេះ​ហើយ​ ដែល​ធ្វើឲ្យ​គុណវិបត្តិនោះ​ត្រូវ​បាន​ធ្លាក់​បន្ត​ទៅឲ្យ​ទារក​ទើប​នឹង​កើត​របស់​ពួក​គេ​ទៀត»។

ទាក់​ទង​នឹង​ការលើកឡើងនេះ​ Sabay មិនទាន់អាចទាក់ទង​អ្នកនាំពាក្យ​ក្រ​សួង​អប់រំ ឯកឧត្តម រស់​ សាលីន បានភ្លាមៗ ដើម្បី​ពន្យល់​ពី​ការ​អប់​រំបញ្ហា​សុខភាព​ផ្លូវ​ភេទ និង​សុខភាព​បន្តពូជ​របស់​កុមារ​វ័យជំទង់នៅតាម​សាលា​រៀន​បាន​នៅឡើយ​ទេ​នៅ​រសៀលនេះ ដោយ​ទូរសព្ទ​ចូល​តែពុំមាន​អ្នកទទួល។​​​​

​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​របាយការណ៍នេះ​ដែល​បាន​ចាត់​ថ្នាក់​ប្រទេស​ទៅ​តាម​កម្រិត​ធ្ងន់​ឬស្រាល​នៃបញ្ហា​ប្រឈម​របស់​កុមារភាព​ ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ ២​លំដាប់​ថ្នាក់​មក​នៅ​លេខ​រៀងទី​១១៩ ក្នុង​ចំណោម​ប្រទេស​ចំនួន១៧៥ ដែល​បាន​យកមក​ធ្វើការ​វិភាគ​។ ចំណែក​ឯប្រទេសថៃ នៅលេខរៀង​៨៥ វៀតណាម៩៦ ហ្វីលីពីន ១០៤ និង​ប្រទេស​ឥណ្ឌូណេស៊ី១០៥ ខណៈ​ដែល​ប្រទេស​ចិន​បាន​កើន​ឡើង​មួយ​លំដាប់​ថ្នាក់​មក​នៅ​លេខ​រៀង​ទី៤០​វិញ​។

បើ​តាម​ប្រ​ភព​ដដែល​កុមារ​ជាង​១​ពាន់​លាន​នាក់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ដែល​ញាំញី​ដោយភាព​ក្រីក្រ​ ២៤០ លាននាក់​នៅ​ក្នុង​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយ​ជម្លោះ​និង​ភាពងាយរងគ្រោះ និងកុមារីចំនួន​ជាង ៥៧៥ លាន​នាក់​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ​លើ​ភាព​​លម្អៀង​ផ្នែក​យេនឌ័រ៕​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី