Smalling ដើរ​លេង​ទាត់​សី​ធ្វើ​មិន​ដឹង​នៅ​វៀតណាម ក្រោយ​មិន​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទៅ​លេង World Cup

  • 2018-06-07 12:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ដែល​នឹង​ត្រូវ​លេង​ក្នុង World Cup នៅ​រុស្ស៊ី​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ខ្សែ​ការពារ Chris Smalling បាន​មក​ដើរ​លេង​កម្សាន្ត​លំហែ​នៅ​ប្រទេស​​ថៃ និង​វៀតណាម។ ក្រៅ​ពី​ភ្លក់​ម្ហូប​ កីឡាករ​ក៏​បាន​ចូល​រួម​កម្សាន្ត​សកម្មភាព​មួយ​ចំនួន​ ក្នុង​នោះ​រួម​មាន​ការ​ទាត់​សី​ជាមួយ​ពលរដ្ឋ​នៅ​ទី​ក្រុង​ហាណូយ វៀតណាម។

ប្រភព៖ Instagram @smalling

ក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​ចុង​ក្រោយ ខ្សែ​ការពារ​បិសាច​ក្រហម​បាន​បង្ហោះ​រូប​ថត​ចំនួន​ច្រើន​សន្លឹក​គួរ​សម​ក្នុង​បណ្ដាញ​សង្គម ដើម្បី​បង្ហាញ​ពី​ដំណើរ​កម្សាន្ត​ខ្លួន​នៅ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​ពីរ។

ប្រភព៖ Instagram @smalling

នៅ​ថៃ កីឡាករ​បាន​ទៅ​លេង​ភាគ​ខាង​កើត​ប្រទេស​ថៃ នៅ​កោះ Kood ហើយ​ក៏​បាន​សាក​ម្ហូប​នៅ​ទី​នោះ។ នៅ​ទី​នោះ Smalling ក៏​បាន​ទៅ​លេង Pai Canyon។ បន្ថែម​ពី​លើ​នេះ ខ្សែ​ការពារ​ក៏​បាន​សាកល្បង​ជិះ​រ៉ឺម៉ក​កង់​បី។ ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​នេះ Smalling បាន​និយាយ​ត្អូញត្អែរ​ក្នុង​ន័យ​កំប្លែង​ ថា​រ៉ឺម៉ក​ប្រភេទ​នេះ​មាន​ទំហំ​តូច បើ​ធៀប​នឹង​មាឌ​ខ្លួន។

ចេញ​ពី​ថៃ កីឡាករ​បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​រដ្ឋធានី​ហាណូយ វៀតណាម។ នៅ​ទី​នោះ Smalling ក៏​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​អំពី​ ខ្លួន​ទាត់​សី​ជាមួយ​ពលរដ្ឋ​វៀតណាម​នៅ​តាម​ដង​ផ្លូវ។ បើ​យោង​តាម​វីដេអូ​ដដែល ខ្សែ​ការពារ​រូប​នេះ​បាន​ធ្វើ​បាន​ល្អ​ក្នុង​ការ​ទាត់​សី​ទៅ​វិញ​ទៅ​មក។

សូម​បញ្ជាក់​ផង​ដែរ កាល​ពី​ខែ​មុន​ Smalling មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដែល​នឹង​ត្រូវ​ទៅ​រុស្ស៊ី​ឡើយ។ អវត្តមាន​នេះ​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា អាច​បណ្ដាល​មក​ពី​លោកគ្រូបង្វឹក Gareth Southgate ចង់បាន​កីឡាករ​ការពារ​មួយ​ចំនួន​ដូច​ជា John Stones, Harry Maguire និង Eric Dier ដោយពួកគេ"ពូកែ​បង្កើត​ចង្វាក់​លេង​ជាង"។

Smalling លេង​បាន​សរុប ៤៦ ប្រកួត​ឲ្យ​បិសាច​ក្រហម​ក្នុង​រដូវ​កាល​នេះ ហើយ​ស៊ុត​ចូល​បាន ៤ គ្រាប់។

សូមទស្សនាវីដេអូ Smalling ទាត់សីនៅវៀតណាម៖៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី