ក្រោយបែកបាក់គ្រួសារ ឡាយអិន ទទួលទានតែផ្អកប្រហុក ហើយយកសត្វធ្វើមិត្ត
- 2014-11-14 17:19:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយបែកបាក់គ្រួសារ ឡាយអិន ទទួលទានតែផ្អកប្រហុក ហើយយកសត្វធ្វើមិត្ត
ចន្លោះមិនឃើញ
"គ្មាននរណាដឹងឡើយអំពី ការរស់នៅ របស់ខ្ញុំ។ បងប្អូនឃើញក្នុងtv ថាខ្ញុំសប្បាយ តាមពិត ជីវិតរស់នៅឯកោ តែម្នាក់ឯង ហើយមិនចាកចេញពីក្នុងផ្ទះ ហើយបរិភោគ តែប្រហុក និងផ្អក"។
ឡាយអិន នៅផ្ទះបងប្អូនប្រជានេសាទ ក្នុងដំណើរទៅទិញត្រីសម្រាប់យកមកទុកលក់
ខាងលើនេះ គឺជាការបញ្ជាក់របស់ឌីជេ ឡាយអិន ដែលទើបជួបរឿងរកាំរកូសក្នុងគ្រួសារ ដោយត្រូវភរិយាប្ដឹងសុំលែងលះ ហើយបច្ចុប្បន្នលោកកំពុងរស់នៅតែម្នាក់ឯង បែកកូនៗ បែកភរិយា។ ពិធីកររូបនេះ អះអាងថា ជីវិតលោកជួបភាពកណ្ដោចកណ្ដែង ហើយពេលនេះលោកកំពុងតាមរកកូនទាំងបីរបស់លោក ដោយពឹងពរបងប្អូនឲ្យជួយ។ លោកថ្លែងខ្លីថា "កូនគឺជាជីវិត...គិតតែម្យ៉ាង គឺយកកូនឲ្យបាន"។
ទន្ទឹមនឹងដំណើរជីវិតកំពុងជួបវិបត្តិផ្លូវចិត្ត ប៉ុន្តែ ឡាយអិន បានងាកមកបើកអាជីវកម្មសមល្មមមួយថ្មីៗនេះ នោះគឺហាងលក់ត្រីធម្មជាតិ ដែលលោកអះអាងថា ជាមុខរបរកំដរជីវិតឯការបស់លោកនៅគ្រានេះ។ " ខ្ញុំស្រឡាញ់សត្វគ្រប់ប្រភេទ ពេលនេះការរស់នៅរបស់ខ្ញុំ គឺមានតែសត្វប៉ុណ្ណោះជាអ្នកកំដរជីវិត"។
លោក ឡាយ អិន និងបងប្អូនប្រជានេសាទ(រូបថត FB ឡាយអិន)
យ៉ាងណាលោកថា មួយផ្នែកមុខរបរនេះ ក៏ជាអ្វីដែលលោកស្រឡាញ់ចូលចិត្តដែរ ហើយថា លោកបានគិតពីរបរនេះយូរហើយ។
ហាងលក់ត្រីធម្មជាតិរបស់ឌីជេ ឡាយអិន មានទីតាំងនៅនឹងផ្ទះស្នាក់របស់លោកតែម្ដងនៅក្នុងបុរីមង្គលភ្នំពេញខាងក្រោយផ្សារសាំហាន់ទួលគោក មានលក់ត្រីគ្រប់ប្រភេទដូចជា ត្រី កេស ត្រីប្រា ត្រីពោ និងត្រីសម្រាប់ធ្វើប្រហុក ផ្អក។ ឡាយអិន អះអាងថា ត្រីទាំងនោះ គឺលោកទៅទិញផ្ទាល់ពីអ្នកនេសាទតែម្ដង។
កូនក៏តាមរក ជំនួញក៏ធ្វើ ឡាយអិន អះអាងថា មិនបោះបង់ឡើយ។ លោក ថ្លែងថា "រកនេះមិនកើត ខ្ញុំរករបរផ្សេងទៀត ខ្ញុំមិនក្រទេ"។ ប្រសិនបើប្រិយមិត្តចង់ទំនាក់ទំនងទិញត្រីធម្មជាតិពី ឡាយអិន សូមទំនាក់ទំនង ០៩៩ ៨៨៨៨ ៩៨៕
អត្ថបទ៖ ទារិកា