ប្រវត្តិ​​អ្នក​ម្នាង​ អ៊ុក ផល្លា អតីត​តួអង្គ​អប្សរា​ស​ដ៏​ល្បី​ល្បាញ​

  • 2018-06-18 03:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកម្នាង អ៊ុក ផល្លា កើត​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៩ ជា​អតីត​តួ​អង្គ​អប្សរា​ស ក្នុង​របាំ​ព្រះ​រាជ​ទ្រព្យ​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ នាអំឡុងឆ្នាំ១៩៩០។ អ្នក​ម្នាង​មាន​ចូល​ហាត់​របាំ​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​តាំង​ពី​អាយុ​៩​ឆ្នាំ​មក​ម្ល៉េះ ហើយ​បាន​ចេញ​សម្តែង​លើក​ដំបូង​ក្នុង​វ័យ​១៣​ឆ្នាំ។ នាដការ​ដ៏​ល្បី​ល្បាញ​រូប​នេះ​មិន​ត្រឹម​តែ​មាន​ទេព​កោសល្យ​លើ​ផ្នែក​របាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​រូប​ឆោម​ស្រស់​សោភា​ទៀត​ផង។

តួឯក​របាំ​អប្សរា អ៊ុក ផល្លា បាន​រៀប​ពិពាហ៍​ពិពាហហ៍​ជាមួយ​ឯកឧត្តម វេង សេរីវុឌ្ឍ ដែល​កាល​ណោះ ​មាន​តួនាទី​ជា​រដ្ឋមន្រ្តី​ក្រសួង ទេសចរណ៍។ មិន​យូរ​ប៉ុន្មាន​ជីវិត​អាពាហ៍​ពិពាហ៍​របស់​អ្នក​នាង អ៊ុក ផល្លា បាន​ដល់​ផ្លូវ​បំបែក។

ក្រោពី​បែកបាក់​ពី​អតីត​ស្វាមី​ ឯកឧត្តម វេង សេរីវុឌ្ឍ អ្នកនាង​អ៊ុក ផល្លា ត្រូវ​បាន​សម្តេច​ក្រុម​ព្រះ​នរោត្តម រណ​ឬទ្ធិ សព្វ​ព្រះទ័យ និង​បាន​សាង​ជីវិត​គ្រួសារ​ជាមួយ​គ្នា​ក្រោយ​ពី​ព្រះ​អង្គ​បាន​លែង​លះ​ជាមួយ​អ្នក​ម្នាង មារី រណឫទ្ធិ។ អ្នកម្នាង អ៊ុក ផល្លា និង​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ មាន​បុត្រ​២​ព្រះ​អង្គ​ គឺ នរោត្តម ​រណ​វង្ស និង ​នរោត្តម​ សុធា​ឫទ្ធិ។

នៅ​ក្នុង​២០១៨ នេះ អ្នក​ម្នាង​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជាមួយ​ព្រះ​ស្វាមី សម្តេច​ក្រុម​ព្រះ នរោត្តម​រណឫទ្ធិ​ ដោយ​អ្នក​ម្នាង​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ពេញ​សិទ្ធិ​ លំដាប់​លេខ​រៀង​ទី​១​ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មណ្ឌល​ព្រៃវែង សម្រាប់​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី​៦​ នាថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ។

ជា​អកុសល​អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួល​មរណៈភាព​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ដោយ​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ខណៈ​អ្នក​ម្នាង​រួម​ដំណើរ​ជាមួយ​ព្រះ​ស្វាមី យាង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាជន​ដែល​ជា​សមាជិក សមាជិកា គណបក្ស​ហ្វុនស៊ិចប៉ិច នៅ​ខេត្ត​ព្រះ​សីហនុ៕

អត្ថបទ៖ ដេត ធន្នី