តើ«កាស និង​កាក់» ខុស​គ្នាយ៉ាងម៉េច?

  • 2018-06-22 02:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ពេល​ថ្មីនេះ​​​ធនាគារជាតិ​បាន​ចេញសេចក្តីជូនដំណឹង​ទាក់ទងនឹង​ការ​ផ្សព្វ​ផ្សាយ ការ​ចរាចរទិញ​លក់ ទូទាត់​ ជួញដូរ កាស​អេឡិច​ត្រូនិចដូច​ជា KH Coin Suncoin K Coin និង​ One-Coin ជាដើម ដែល​ថា​ការ​ផ្សព្វ​ផ្សាយ​គ្មាន​អាជ្ញាបណ្ណពីអាជ្ញាធរ​ជា​សកម្មភាព​ខុសច្បាប់។

(រូបតំណាង)

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​សង្កេត​ឃើញ​ថា​ពេល​ថ្មីៗនេះមាន​ការ​ផ្សព្វ​ផ្សាយ​ពីការ​ចរាចរាចរទិញ លក់ ជួញដូរ ទូទាត់​កាសអេឡិច​ត្រូ​និច​ប្រ​ភេទនេះ។

ទោះ​យ៉ាងណា​ពេល​ចេញ​សេចក្តីប្រ​កាសនេះ​នៅ​លើទំព័រហ្វេសប៊ុក​ធនគាជាតិ ក៏មាន​ដែរ​អ្នកប្រើប្រាស់​បណ្តាញសង្គមខ្លះ​ដាក់ជា​សំណួរ និង​ចម្ងល់​លើពាក្យ «កាស» ថាតើជា​ «កាស ឬកាក់» ដោយ​បាន​ឃើញ​មាន​ពាក្យ «Coin» នៅ​ជាមួយ​ដែរ។

បើ​ពិនិត្យ​ក្នុង​ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា មាត្រាទី៤៣ មាន​ប្រើពាក្យ «កាស»នេះដែរ ដោយថា​«ក្រដាសប្រាក់ និង​កាស ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែនចំពោះក្រដាសប្រាក់ និងមានព្រំដែនចំពោះកាសក្នុងលក្ខខណ្ឌកំណត់ដោយធនាគារកណ្តាល»។

បើ​តាម​វចនានុក្រមសម្តេច ជូន ណាត «កាស» មានន័យ​ថា​ « រូបិយ​វត្ថុ​ស​ម្រាប់​​ចាយ ​មាន​សណ្ឋាន​​មូល ​ប្រហោង​កណ្ដាល ​៤ ជ្រុង ​ធ្វើ​ដោយ​ស្ពាន់ ទង់ដែង សាំង្កសី មក​អំពី​ស្រុក​ចិន ឬ​ស្រុក​អណ្ណាម សព្វ​ថ្ងៃ​ក្នុង​ដែន​កម្ពុជា លែង​ប្រើ​រូបិយ​វត្ថុ​នេះ​តាំង​អំពី​មាន​សេន»។

សម្រាប់​ពាក្យ​«កាក់» ​វិញ​ក្នុង​វនានុក្រម​ពន្យល់ថា៖ « ឈ្មោះ​ប្រាក់​ដែល​ប្រើ​ក្នុង​ប្រទេស​កម្ពុជា​មាន ៣ យ៉ាង​គឺ ចំនួន​តម្លៃ ១០ សេន ២០ សេន ៥០ សេន»។

ចំណែក «សេន ឬ Cent» ក្នុង​វនានុគ្រម​ពន្យល់ថា «លុយ​តូច គឺ​លុយ​ចំនួន​មួយ​រយ​ជា​មួយ​រៀល​ក្នុង​ប្រទេស​ឥណ្ឌូចិន : ទិញ​ម្ហូប​អស់​១​រៀល​ហាសិប​សេន (១៛, ៥០); ទិញ​នំ​អស់​១​រៀល ៥ សេន (១៛, ០៥)» ៕​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម