ការ​ពិត ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី Falcao ក៏​មាន​ជាប់​ឈាម​ជ័រ​អង់គ្លេស​ដែរ

  • 2018-06-29 13:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី Radamel Falcao មាន​ជាប់​ឈាម​ជ័រ​អង់គ្លេស។

កីឡាករ​មាន​តា​ទួត​ជា​ជនជាតិ​អង់គ្លេស។

តា​ទួត​របស់​ Falcao មាន​ឈ្មោះ George King កើត​នៅ​ Selby ទីក្រុង Yorkshire ខាង​ជើង និង​បាន​ប្រកប​របរ​ការងារ​ផ្នែក​គណនេយ្យ និង​ក៏​ជា​អ្នក​ចូល​ចិត្ត​លេង​កូនគោល​មួយ​រូប​ផង​ដែរ។ នៅ​ឆ្នាំ ១៩៣២ លោក​ និង​ភរិយា​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​ប្រទេស​កូឡុំប៊ី ដើម្បី​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ The United Fruit Company។

នៅ​ទី​នោះ ប្រពន្ធ​លោក George បាន​ស្លាប់​ពេល​សម្រាល​កូន។ ក្រោយ​មក លោក​ក៏​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ថ្មី​ដែល​មាន​ជាតិ​ជា​កូឡុំប៊ី មាន​ឈ្មោះ​ថា Juliana។ អ្នក​ទាំង​ពីរ​ប្រសូត​បាន​កូន​ចំនួន ៥ នាក់ ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍។ ក្នុង​ចំណោម​នោះ មាន​ម្នាក់​ឈ្មោះ Denis ដែល​ត្រូវ​ជា​យាយ​បង្កើត​របស់​កីឡាករ Falcao។

ដោយ​សម្អាង​លើ​ហេតុផល​ខាង​លើ​នេះ​ឯង កាល​ពី Falcao នៅ​វ័យ​ ១៣ ឆ្នាំ លោក Radamel Garcia ដែល​ត្រូវ​ជា​ឪពុក​កីឡាករ បាន​ស្នើយក​សញ្ជាតិ​អង់គ្លេស​ឲ្យ​កូន​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ទទួល​បាន​ឱកាស​ទៅ​បន្ត​អាជីព​បាល់ទាត់​នៅ​អឺរ៉ុប។ យ៉ាង​នេះ​ក្ដី ទូត​អង់គ្លេស​ប្រចាំ​កូឡុំប៊ី បាន​បដិសេធ​សំណើ​នេះ។ តាម​ច្បាប់​អង់គ្លេស ទាល់​តែ​​មាន​ឪពុក​ម្ដាយ ឬ​ជីដូនជីតា​មាន​សញ្ជាតិអង់គ្លេស​ទើប​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការ​ចូល​សញ្ជាតិ​ប្រទេស​មួយ​នេះ។

តាម​ពិត ទោះ​មិន​បាន​សញ្ជាតិ​​ក្ដី កីឡាករ​មិន​បាន​​ភ្លេច​អំពី​ឈាម​ជ័រ​អង់គ្លេស​របស់​ខ្លួន​ឡើយ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ Mail កាល​ពី​ឆ្នាំ ២០១៤ Falcao បាន​និយាយ​ថា៖ "ខ្ញុំ​មាន​មោទនភាព​ចំពោះ​ឈាម​ជ័រ​អង់គ្លេស​របស់​ខ្ញុំ។ តា (ទួត) របស់​ខ្ញុំ​គឺ​ជា​ជនជាតិ​អង់គ្លេស ហើយ​ក៏​ជា​កីឡាករ​មួយ​រូប​ផង​ដែរ"។

កូឡុំប៊ី​នឹង​ត្រូវ​ប្រកួត​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​ជាមួយ​អង់គ្លេស នា​វេលា​ម៉ោង ១ យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី ៣ កក្កដា​ខាង​មុខ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ The Sun   អត្ថបទ៖ សេរី មង្គល