ចង់ទិញ GoPro? ឈប់សិន អាន​អត្ថបទ​នេះចប់​សិន ក៏​មិន​ទាន់ហួស​ពេល​ដែរ

  • 2018-07-12 05:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​ Action Camera ស្លាកយីហោ GoPro កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង រហូត​ដល់​អតិថិជន​មួយ​ចំនួន​បោះបង់​ការ​កាន់​កាមេរ៉ា DSLR មក​ទម្លាប់​ប្រើ​កូន​កាមេរ៉ា​ខ្នាត​តូច​នេះ​វិញ។ ដើម្បី​ប្រាកដ​មុន​ដាក់​ចិត្ត​ជះ​លុយ​ជាង ៤០០ ដុល្លារ ថា​គួរ​ទិញ GoPro ឬ​អត់ Sabay ចែករំលែក​ឲ្យ​ដឹង​ពី​ចំណុច​ខ្លាំង​ទាំង ៨ និង​ចំណុច​ខ្សោយ​ទាំង ៣ ។

៨ ហេតុផល​ដែល​អ្នក​គួរ​ទិញ GoPro:

១.ទំហំ​និង​ទម្ងន់​ខ្លួន:

ជា​ប្រភេទ​កូន​កាមេរ៉ា​មាន​រូបរាង​តូច ស្រាល ងាយ​ស្រួល​ទុក​ដាក់​តាម​ខ្លួន មិន​តែ​ប៉ុណ្ណោះ​សូម្បី​តែ​គ្រឿង​បរិក្ខារ (Accessories) ​ប្រើប្រាស់​ជាមួយ​ត្រកូល Hero ក៏​មិន​ជា​ធំ​ប៉ុន្មាន​ដែរ។ បច្ចុប្បន្ន​ជំនាន់​ចុង​ក្រោយ GoPro Hero6 Black មាន​វិមាត្រ​ខ្លួន ៦,៥ x ៤,៥ x ៣,៥ ស.ម និង​ទម្ងន់​ស្រាល​ត្រឹម ១១៨ ក្រាម។

២.អាវ​ក្រោះ​ការពារ​ទឹក:

ចាប់​ពី​ជំនាន់ Hero5/6 ឡើង​ទៅ GoPro បាន​បំពាក់​មុខងារ​ការពារ​ជម្រាប​ទឹក ដល់​ទៅ​ ៣៣ ហ្វីត​ឬ ១០ ម៉ែត្រ​ចេញ​ពី​ប្រអប់​ស្រាប់ ពោល​គឺ​មិន​តម្រូវ​ឲ្យ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដូច​ត្រកូល​សិស្ស​ប្អូន​ជំនាន់​មុន​ទៀត​ឡើយ។

៣.ភាព​ធុន:

ក្រៅ​ពី​អាវក្រោះ​ការពារ​ទឹក ការ​សាកល្បង​ទម្លាក់​មើល​ភាព​ធុន​ជា​ច្រើន​លើក​ច្រើន​សារ​ពី​អ្នក​ជំនាញ អាច​ស​ឲ្យ​ឃើញ​ថា​កាមេរ៉ា GoPro ពិត​ជា​មាន​ភាព​ធុន​ល្មម​ទទួល​យក​បាន។ ខាង​ក្រោម​ជា​វីដេអូ Drop Test ពី​លើ​រថយន្ត​កំពុង​រត់​នៅ​ល្បឿន ៦៥ គ.ម/ម៉។

៤.អាច​ពាក់​ប្រើប្រាស់:

ដោយ​កត្តា​ទំហំ​ខ្លួន​តូច និង​ស្រាល ជំរុញ​ឲ្យ​កាមេរ៉ា GoPro អាច​យក​ទៅ​ពាក់​នៅ​លើ​ក្បាល ក​ដៃ ទ្រូង ឬ​មួក​សុវត្ថិភាព​បាន​យ៉ាង​ងាយ។ ពេញ​និយម​ខ្លាំង​សម្រាប់​អ្នក​ចូលចិត្ត​ថត​ទិដ្ឋភាព​អំឡុង​ពេល​ធ្វើ​ដំណើរ ឬ​ជិះ​កង់​ឡើង​ភ្នំ។

៥.គុណភាព​រូប​អាច​យក​ជា​ការ:

Hero6 ​បច្ចុប្បន្ន​វិវត្ត​ដល់​ការ​ផ្តិត​យក​រូបភាព​នូវ​ទំហំ 12MP ទាំង​ក្នុង​ទម្រង់ JPEG ឬ RAW បន្សំ​នឹង​បច្ចេកវិទ្យា HDR និង Time-Lapse។

៦.ប្រភេទ​លែន Wide-angle:

លែន​ទំហំ​ធំ​ស្ថិត​នៅ​មុំ ១៧០ ដឺក្រេ សឹង​តែ​អនុញ្ញាត​ឲ្យ​ការ​ប្រើប្រាស់​អាច​ចាប់​យក​រូបភាព​ទាំង​ស្រុង​ដែល​ស្ថិត​នៅ​ពី​មុខ​កាមេរ៉ា។ អម​នឹង​មុខងារ​ពេញ​និយម​មួយ​ដែល​គេ​ងាយ​សម្គាល់​ថា​រូប​សន្លឹក​នោះ​ថត​ចេញ​ពី​ GoPro គឺ Fish-eye Effect ដែល​យើង​ទម្លាប់​ហៅ​ថា​ប្រភេទ​រូប​កោង។

៧.ការ​ថត​វីដេអូ​ដល់​កម្រិត 4K:

កាមេរ៉ា DSLR ធុន​កណ្តាល​ខ្លះ ថ្លៃ​ដល់​ជាង ៧០០-៨០០ ដុល្លារ ក៏​នៅ​មិន​អាច​ថត​វីដេអូ 4K បាន​នៅ​ឡើយ។ ធៀប​នឹង Hero6 អាច​ថត​ដល់​កម្រិត 4K នៅ​លក្ខខណ្ឌ 60fps, 1080p នៅ​លក្ខខណ្ឌ 240fps អម​នឹង​មុខងារ​ទប់​លំនឹង​បាន​យ៉ាង​ប្រសើរ លាយ​ឡំ​រន្ធ​ស្រូប​សំឡេង​ចំនួន ៣។

៨.មុខងារ WiFi:

មិន​បាច់​ហត់​នឹង​ការ​ដោះ SD Card ទៅ​ចម្លង​រូប​ចូល​ក្នុង​កុំព្យូទ័រ ដោយ​បច្ចេកវិទ្យា​កំពុង​អភិវឌ្ឍ​ជំរុញ​ឲ្យ GoPro គាំទ្រ​មុខងារ WiFi អាច​ផ្ទេរ​ចេញ​រូបភាព​ទៅ​លើ​ស្មាតហ្វូន​បាន​យ៉ាង​ងាយស្រួល អម​ការ​បញ្ជា​ដោយ​ផ្ទាល់​ថែម​ទៀត​ផង។

៣ ហេតុផល​ដែល​អ្នក​មិន​គួរ​ទិញ GoPro:

១.ការ​ចំណាយ​ពេលវេលា​ច្រើន:

បើ​អ្នក​ធ្លាប់​តែ​កាន់ DSLR ឬ​កាមេរ៉ា​ទូរសព្ទ ហើយ​ងាក​មក​ប្រើប្រាស់ GoPro ពិត​ណាស់​ដែល​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ពី​តិចនិក​ថត​ឲ្យ​បាន​ល្អ។ ប្រភេទ Action Camera មួយ​នេះ មាន​លក្ខណៈ​ខុស​ប្លែក​ទៅ​នឹង​កាមេរ៉ា​ដទៃ ចំណុច​នេះ​ហើយ​អតិថិជន​ពិត​ជា​ត្រូវ​ការ​ចាំ​បាច់​គ្រូ​ជំនួយ YouTube និង Google។

២.ពិបាក​ក្នុង​ការ​កាន់:

ប្រសិន​កាន់​ត្រឹម​តួ​ខ្លួន ក្នុង​កាលៈទេសៈ​ខ្លះ​ក៏​ពិបាក​នឹង​ចុច​ប្រើប្រាស់ បែប​នេះ​ហើយ​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រូវ​ទិញ​ដង​ជំនួយ (Selfie Stick ឬ Extend Pole) ហើយ​បើ​អាច​គួរ​ទិញ​តេឡេ​បញ្ជា​ពី​ចម្ងាយ​មួយ​ផ្សេង​ទៀត ប៉ុន្តែ​គិត​ទៅ​ការ​ចំណាយ​លុយ​បន្ថែម​ក៏​រាង​ក្រាស់ក្រែល​ដែរ។

៣.គ្មាន Viewfinder និង​ថាមពល​ថ្ម​តូច:

អ្នក​កាន់ DSLR បើ​ឲ្យ​មក​សាក​ប្រើ GoPro អាច​ជា​ហត់​នឿយ​បន្តិច ក្នុង​ទម្លាប់​ពុំ​ផ្តិត​យក​រូបភាព​តាម​រយៈ Viewfinder ដែល​ជា​ជំនួយការ​ចាំ​បាច់​ដ៏​ងាយស្រួល​មួយ​ក្នុង​ការ​ថត ពោល​គឺ​អ្នក​ប្រើប្រាស់​ត្រូវ​ប្តូរ​មក​សម្លឹង​ឲ្យ​ជាប់​លើ​អេក្រង់ LCD ទំហំ​តូច​ត្រឹម ២ អ៊ីញ។ កត្តា​មួយ​ផ្សេង​ទៀត​ទាក់ទង​នឹង​ថាមពល​ថ្ម​ទំហំ ១ ២២០mAh លើ Hero6 ថត​នៅ​កម្រិត ១ ០៨០p លក្ខខណ្ឌ ៦០fps អាច​ប្រើ​បាន​ត្រឹម ១ ម៉ោង ៤៥ នាទី ធៀប​នឹង​ 4K យ៉ាង​យូរ​ត្រឹម ៧០ នាទី ជា​រួម​អ្នក​គួរ​ត្រៀម​ថវិកា​ទិញ​ថ្ម​បម្រុង​ទើប​ជា​រឿង​ល្អ។

ប្រភព: https://clicklikethis.com/should-i-get-a-gopro/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ clicklikethis   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី