ធ្លាប់ដឹងច្រើនរឿងជប៉ុនជួយខ្មែរ ចុះមានធ្លាប់ដឹងថាខ្មែរបានធ្វើអ្វីខ្លះដល់ជប៉ុនទេ?
- 2018-07-19 05:35:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ដឹងច្រើនរឿងជប៉ុនជួយខ្មែរ ចុះមានធ្លាប់ដឹងថាខ្មែរបានធ្វើអ្វីខ្លះដល់ជប៉ុនទេ?
ចន្លោះមិនឃើញ
ទំនាក់ទំនងកម្ពុជា-ជប៉ុនបានឈានដល់កម្រិតដៃគូយុទ្ធសាស្រ្តកាលពីឆ្នាំ២០១៣ ហើយបើនិយាយដល់ការទាក់ទងគ្នារវាងប្រទេសទាំងពីរវិញត្រូវគេជឿងថាមានតាំងពីចុងសតវត្សរ៍ទី១៦មកម្លេះ។ កម្ពុជា ធ្លាប់ជួយជប៉ុនក្នុងបុព្វហេតុមួយចំនួនកាលពីទស្សវត្សរ៍ឆ្នាំ១៩៥០ ហើយជប៉ុនវិញក៏បន្តជួយកម្ពុជារហូងមកដលសព្វថ្ងៃនេះ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់បានផ្សារភ្ជាប់តាំងពីប្រជាពលរហូតដល់កម្រិតមន្ត្រីជាន់ខ្ពស់ និងប្រមុខរដ្ឋនិងរដ្ឋាភិបាល។ ជាក់ស្តែងក្នុងគ្រោះមហន្តរាយនៅជប៉ុនកាលពីដើមខែកក្កដា នេះមិនត្រឹមតែព្រះប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនោះទេ ដែលបានចូលរួមរំលែកទុក្ខដល់ប្រជាជនជប៉ុន ប៉ុន្តែប្រជាជនខ្មែរជាច្រើនក៏បានធ្វើដូចគ្នានេះដែរ។
ទង្វើនេះបានធ្វើឲ្យ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាកាលពីម្សិលមិញចេញវីដេអូរយៈពេលជាងមួយនាទីរបស់ខ្លូន ដោយថ្លែងអំណរគុណដល់ព្រះមហាក្សត្រ ប្រមុខរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តដល់ជនជាតិជប៉ុន ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិកាលពីដើមខែកក្កដា កន្លងទៅនេះ។
កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ មានគ្រោះមហន្តរាយទឹកជំនន់ និងបាក់ដី បណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិចចំនួន២២២នាក់ និងមានមនុស្សជាច្រើនផ្សេងទៀតត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះ។
ក្រោយពីមានហេតុការណ៍នេះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន និងប្រជាពលរដ្ឋផ្សេងទៀតបានចូលរួមផ្ញើសាររំលែកទុក្ខ និងលើកទឹកចិត្តដល់ប្រជាជនជប៉ុន។
ឯកអគ្គរាជទូតជប៉ុន លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា បានចេញវីដេអូខ្លីមួយ កាលពីម្សិលមិញ ដោយថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងអំណរព្រះគុណ អស់ពីដួងចិត្ត ចំពោះព្រះករុណា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗ ទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់ប្រជាជនជប៉ុន ប្រជាជនជប៉ុននឹងរួមគ្នាស្តារឡើងវិញនូវជីវភាពជនរងគ្រោះទាំងអស់(នោះ)»។
ត្រឡប់មកនិយាយដល់ទំនាក់ទំនងកម្ពុជា ជប៉ុនវិញ មានតាំងពីឆ្នាំ១៥៦៩ ពោលគឺ នៅពេលដែលកប៉ាល់របស់កម្ពុជាបានទៅដល់ទឹកដីជប៉ុន ដើម្បីស្វែងរកទំនាក់ទំនងទ្វេភាគី។
ជាការឆ្លើយតប កប៉ាល់របស់ជប៉ុន ដែលមានពាណិជ្ជករ៤៤ នាក់បានមកដល់ប្រទេសកម្ពុជាវិញ នៅឆ្នាំ១៦០៤ និងឆ្នាំ១៦៣៥។ នេះបើតាមសំណេររបស់អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន ឯកឧត្តម ពូ សុធារៈ ផ្ញើទៅកាន់កាសែតភ្នំពេញប៉ុស្តិ៍កាលពីដើមឆ្នាំ២០១៨។
ទោះយ៉ាងណា ទំនាក់ទំនងការទូតរាប់ជាផ្លូវការគឺចាប់ពីឆ្នាំ១៩៥៣ ប៉ុន្មានខែមុនកម្ពុជាទទួលបានេករាជ្យ ដែលកម្ពុជា វៀតណាម និងឡាវ បានសម្រេចបង្កើតឲ្យមានទំនាក់ទំនងការទូតជាមួយជប៉ុន។
ប្រទេសជប៉ុនបានចុះចាញ់សង្គ្រាម នៅខែសីហា ឆ្នាំ១៩៤៥ ដែលក្រោយការចាញ់សង្គ្រាមនេះជប៉ុនត្រូវបានប្រទេសជាច្រើនទាមទារឲ្យសងការខូចខាតដោយសង្គ្រាម ក្នុងសម័យសង្គ្រាមលោកលើកទី២។
ដោយឡែកកម្ពុជាក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានបោះបង់សិទ្ធិទាមទារសំណងក្រោយសង្គ្រាមនេះ។ មិនត្រឹមតែប៉ុណ្ណោះទ្រង់បានផ្តល់ជាអង្ករដល់ប្រទេសជប៉ុន និងបានចុះសន្ធិសញ្ញាមិត្តភាពជាមួយជប៉ុននៅចុងទសវត្សរ៍ឆ្នាំ១៩៥០ទៀតផង ខណៈដែលជប៉ុនកំពុងរងគ្រោះធ្ងន់ក្រោយចាញ់សង្គ្រាម និងកំពុងព្យាយាមស្វែងរកទំនុកចិត្តពីប្រទេសតំបន់អាស៊ីឡើងវិញ។
នៅឆ្នាំ១៩៥៧ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishi Nobusuke បានដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ថ្វីត្បិតកម្ពុជាបានបដិសេធសិទ្ធិទាមទារសំណងពីជប៉ុន ប៉ុន្តែក្នុងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កម្ពុជា-ជប៉ុន ឆ្នាំ១៩៥៩ ភាគីជប៉ុនបានផ្តល់ជំនួយជាងបួនលានដុល្លារ និងកម្ចីជាងបួនលានដុល្លារទៀនសម្រាប់វិស័យមួយចំនួន និងការកសាងទំនប់ព្រែកត្នោត។
ក្រោយពេលកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០ ជប៉ុនក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជំម្លោះនៅកម្ពុជា និងផ្តល់ជំនួយផ្សេងៗជាច្រើនលានដុល្លារទៀតផង។
រហូតមកដល់ពេលនេះជប៉ុននៅតែជម្ចាស់ជំនួយដ៏ធំមួយរបស់កម្ពុជា។ គិតពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១០ ជប៉ុនបានផ្តល់ជំនួយហិរញ្ញបទានដល់កម្ពុជាប្រហែលជា១,៧៦ពាន់លានដុល្លារអាមេរិក ដើម្បីដំណើរការស្តារ និងកសាងសន្តិភាពនៅកម្ពុជា។
ដោយឡែកពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ពីជប៉ុនចំនួន២៥១៧,៦៩លានដុល្លារ ដែលក្នុងនោះរួមមានកម្ចីចំនួន២១៣,៩៧លានដុល្លារ ជំនួយឥតសំណង ១៤៧៦,៧១ លានដុល្លារ និង៨២៧,០១ លានដុល្លារទៀត សម្រាប់កិច្ចសហការលើផ្នែកបច្ចេកទេស។ នេះបើតាមឯកសារស្រាវជ្រាវមួយចុះផ្សាយក្នុងសៀវភៅទំនាក់ទំនងអន្តរជាតិកម្ពុជាក្នុងបរិបទតំបន់ និងអន្តរជាតិឆ្នាំ២០១៨៕