គំនូរមួយសន្លឹក ជួយយុវតីវ័យក្មេងនេះទទួលបានអាហារូបករណ៍ តម្លៃជាង១ម៉ឺនដុល្លារ
- 2018-08-01 05:11:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំនូរមួយសន្លឹក ជួយយុវតីវ័យក្មេងនេះទទួលបានអាហារូបករណ៍ តម្លៃជាង១ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
យុវតីវ័យ ១៨ ឆ្នាំ បច្ចុប្បន្នជានិស្សិត ឆ្នាំទី ១ ផ្នែក Interior Design របស់វិទ្យាស្ថានសិល្បៈអន្តរជាតិភ្នំពេញ PPIIA ទទួលបានអាហារូបករណ៍ តម្លៃ ១២០០០ ដុល្លារ សម្រាប់ការសិក្សាររយៈពេល ៤ឆ្នាំ តាមរយៈគំនូរមួយផ្ទាំងដែលនាងចូលរួមប្រកួតឈ្នះកាលពីឆ្នាំ ២០១៧។
កញ្ញា លីវ លីលី កូនស្រីអ្នកភ្នំពេញ ក្នុងជីវភាពមធ្យម តែបើនិយាយពីតម្លៃសិក្សា ក្នុងមួយឆ្នាំ ៣០០០ ដុល្លារ ប្រាប់ម៉ាក់ប៉ារបស់នាងនោះ ពួកគាត់ប្រាកដជាមានបញ្ហាច្រើនមិនខាន នេះបើតាមការបញ្ជាក់ពីរូបនាងផ្ទាល់។ មុនពេលទៅប្រឡងបាក់ឌុប កញ្ញា លីលី ទទួលបានព័ត៌មានចៃដន្យមួយប្រាប់ពីការប្រកួតគំនូរ ដើម្បីអាហារូបករណ៍ក្នុងសាលាខាងលើ នាងក៏ឆ្លៀតទៅចូលរួមប្រកួតដោយមិនទាំងប្រាប់គ្រួសារឱ្យដឹងនោះទេ ព្រោះមិនសូវជាសង្ឃឹមខ្ពស់ស្រាប់។
ជាក់ស្តែងគំនូរជាសិល្បៈដែលរូបនាងមិនបានរៀនសូត្រពីមុនមកទេ នារីវ័យក្មេងរូបនេះគ្រាន់តែចូលចិត្តគូររូបតាំងតែពីក្មេង ហើយដោយមានឱកាសដូចខាងលើនាងក៏ទៅសាកល្បង។
រូបគំនូរមួយនោះនាងអង្គុយគូរប្រហែលជាង ២ ម៉ោង កន្លះនៅកៅអី ជ័រ ទាំងគ្មានបដាអ្វីត្រឹមត្រូវដូចវិចិត្រករផង ក៏ត្រូវបានសាលាជ្រើសរើសជាជយលាភីមាស រង្វាន់តម្លៃសិក្សា ១២០០០ ដុល្លាររយៈពេល ៤ឆ្នាំ ក្នុងចំនោមអ្នកចូលរួមជាង ១០០ នាក់។
គំនូរ ដែល លីលី ទទួលបានជយលាភី ជាគំនូរប្រភេទ ព៌ណទឹក ប្រធានបទអំពី មិត្តភាព តែរូបនាងមិនបានថតទុកនោះទេ ហើយគំនូរនោះក៏ត្រូវបានសាលាយកទៅរក្សាទុកឱ្យ និងសម្រាប់ពិព័ណ៌ស្នាដៃម្តងម្កាល។
យុវតីរូបនេះសឹងមិនជឿរខ្លួនឯងថានាងទទួលបានរង្វាន់លើការគូរគំនូរបែបនេះព្រោះកាលដើមឡើយនាងតែងទទួលបានការបង្អាប់ពីសមាជិកគ្រួសារថា«គួររូបហើយយកទៅធ្វើអី?» ហើយក៏ថាការគូររូបសម្រាប់តែមនុស្សប្រុស ឬកូនចៅខ្សែស្រឡាយវិចិត្រករនោះទេ ហើយខាងគ្រួសាររបស់វិចិត្រករវ័យក្មេងរូបនេះវិញ គ្មានបានជាប់ខ្សែ អ្វីសោះជាមួយនឹងសិល្បៈ ពិសេសខាងវិចិត្រករ។
ក្រោយពីឪឮដំណឹងអាហារូបករណ៍នេះភ្លាមម្នាក់ក្នុងគ្រួសារស្ទើរតែមិនជឿ លីលី នោះទេ ព្រោះពួកគាត់មិនបានដឹងថា រូបនាងទៅប្រឡងអ្វីនោះឡើយ ណាមួយមិនទាន់ដឹងថាជាប់បាក់ឌុបឬអត់ផង នេះបើតាមការបញ្ជាក់របស់លីលី។
យ៉ាងណាមិញ លីលី បន្តថា ភាពជោគជ័យនេះបានកើតឡើងដោយសារនាងមានទេពកោសល្យពិតពីធម្មជាតិ និងមានគ្រួសារល្អ ទោះមិនជាប់ខ្សែសិល្បៈ ក៏មិនហាមឃាត់ការរីកចម្រើនរបស់កូន។
លីលី សម្ដែងការដឹងគុណ និងរីករាយបំផុតក្នុងការបានសម្រាលបន្ទុកគ្រួសារយ៉ាងធំលើការចាយវាយលើថ្លៃសិក្សារបស់នាងរយៈពេល៤ឆ្នាំខាងមុខ៕