តារា​ប្រុស​ខ្មែរ​៤​រូប ​​ត្រៀម​អ៊ុត​លទ្ធផល​ជាប់​ឈ្មោះ​សម្ដែង​ឲ្យ​ទូរទស្សន៍​ថៃ​

  • 2018-08-29 10:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​តារា​ប្រុស​ខ្មែរ​ចំនួន​៤​ដួង ​ដូច​ជា ប៉ោ​ហុង ចា​ដេត ម៉ាវីន និងYoung Boy ត្រូវ​បាន​ទូរទស្សន៍​ថៃ​ល្បី​ឈ្មោះ​ជ្រើស​រើស​​ ​ដើម្បី​ត្រៀម​ចូល​រួម​ជា​តារា​កុង​ត្រា​ជាមួយ​តារា​មក​ពី​ប្រទេស​ផ្សេងៗ​ចំនួន​៥ ដូច​ជា​ប្រទេស​កម្ពុជា វៀត​ណាម ​មី​យ៉ាន់​ម៉ា ឡាវ និង​ថៃ។ ក្នុង​ដំណាក់​កាល​នេះ អ្នក​ទាំង​៤រូប​​កំពុង​រង់​ចាំ​លទ្ធ​ផល​សម្រេច​នៅ​ចុង​ខែ​នេះ ដើម្បី​ច្បាស់​ថា ​នឹង​ចូល​រួម​ការងារ​ ក៏​ដូច​ជា​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​ទូរទស្សន៍​ល្បី​ឈ្មោះ​មួយ​នេះ​ ​​​នៅ​ប្រទេស​ថៃ​។

​បើ​តាម​តារា​សម្ដែង​កំពុង​មាន​ប្រជាប្រិយ​ភាព ហៃ ប៉ោ​ហុង ប្រាប់​ថា ខាង​ក្រុម​ហ៊ុន​ទូរទស្សន៍​ថៃ​ល្បី​ឈ្មោះ GMM Thai ​​​បាន​មក​ស្រុក​ខ្មែរ ដើម្បី​ជ្រើស​រើស​តារា​​មាន​សមត្ថភាព​សម្ដែង​ល្អ​បំផុត ​ហើយ​បើ​សិន​ជា​ជាប់​នៅ​វគ្គ​នេះ ​នោះ​នៅ​ចុង​ខែ​សីហា គេ​នឹង​អញ្ជើញ​ឲ្យ​ទៅ​សិក្ខា​សាលា​​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ថៃ ដើម្បី​ពិភាក្សា​ការ​ងារ​បន្ថែម និងធ្វើកុង​ត្រា​។ ​

ចំពោះ ប៉ោ​ហុង ប្រាប់​ថា ៖ “​​បើ​លក្ខខណ្ឌ​កុងត្រា​គេ​ល្អ ខ្ញុំ​នឹង​សម្រេច​ចិត្ត​ចូល​រួម​សហការ​ការងារ​នៅ​ទី​នោះ​ ព្រោះ​កន្លង​មក ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជាមួយ​ថៃ ឃើញ​ថា​ល្អ ។ ម្យ៉ាង​ទៀត​ដើម្បី​ទទួល​បាន​ឱកាស​ទី​ផ្សារ​ការងារ​ និង​​​ការ​បណ្ដុះ​បណ្ដាល​ឲ្យ​​ការ​សម្ដែង​កាន់​តែ​ប៉ិន​ប្រសព្វ"។

ក្នុងចំណោមតារា៤នាក់ខាងលើ ខាងទូរទស្សន៍ថៃសម្រេចជ្រើសរើសយកតែ២នាក់ប៉ុណ្ណោះ ដោយការប្រកាសលទ្ធផលនៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ៕ ​

អត្ថបទ៖ លឹម សុនា