Huawei ជឿថាបន្ទះឈីបថ្មីរបស់ខ្លួន អាចបំបាក់ Snapdragon 845 បាន
- 2018-09-01 03:58:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ជឿថាបន្ទះឈីបថ្មីរបស់ខ្លួន អាចបំបាក់ Snapdragon 845 បាន
ចន្លោះមិនឃើញ
ក្នុងកម្មវិធីតាំងបង្ហាញផលិតបច្ចេកវិទ្យា IFA ឆ្នាំ ២០១៨ នេះ Huawei បានបង្ហាញចេញបន្ទះឈីបថ្មីរបស់ខ្លួន Kirin 980 ដែលមានបំពាក់នូវចំណុចពិសេសៗដំបូងគេក្នុងលោកជាច្រើន។
Kirin 980 ជាបន្ទះឈីបដំបូងគេក្នុងលោកមានទំហំ ៧ ណាណូម៉ែត្រ, ដំបូងគេដែលមានបំពាក់នូវ CPU Cortex-A76 និង GPU Mali-G76, ដំបូងគេដែលអាចទ្រាំទ្រនឹងប្រព័ន្ធ Cat.21 មានល្បឿនដល់ ១,៤ Gbps និងដំបូងគេអាចទ្រាំទ្រនឹង RAM ប្រភេទ LPDDR4X។
បន្ទះឈីបជំនាន់ថ្មីនេះត្រូវបាន Huawei យកទៅប្រៀបនឹងបន្ទះឈីប Snapdragon 845 ដែលមានប្រើនៅលើស្មាតហ្វូន Android កំពូលៗជាច្រើន។ បន្ទះឈីប Kirin 980 នេះមានកម្រិត Latency ទាបជាង Snapdragon 845 ដល់ទៅ ២២% ដែលមានន័យថាវាអាចបើកកម្មវិធីបានលឿនជាងមុន។
សម្រាប់ការលេងហ្គេមវិញ Kirin 980 អាចផ្ដល់ជូននូវ Frame Rate ខ្លាំងជាង Snapdragon 845 ដល់ទៅ ២២% និងសន្សំសំចៃថាមពលបានប្រសើរជាង Snapdragon ប្រមាណ ៣២% ឯណោះ។
ការចាប់យករូបភាពក៏បានបង្កើនសមត្ថភាពឲ្យខ្លាំងលើសមុនដែរ។ Kirin 980 មានប្រើប្រាស់ Image Singal Processor ចំនួនពីរ ដែលមានន័យថាអាចផលិតរូបភាពបានលឿនជាងបន្ទះឈីប Kirin 970 បានដល់ ៤៦% និងសន្សំសំចៃថាមពលពេលថតបានប្រសើរជាងមុន ២៣%។ ឈីប Kirin 980 នេះក៏មានបំពាក់នូវបច្ចេកវិទ្យា AI ដែលវៃឆ្លាតជាងមុនផងដែរ។
Kirin 980 នេះអាចផ្ដល់ជូននូវល្បឿន Wi-Fi លឿនបំផុតដល់ទៅ ១៧៣២ Mbps ធៀបនឹង Snapdragon 845 ផ្ដល់ល្បឿនបានត្រឹម ៨៦៦ Mbps ប៉ុណ្ណោះ។ ស្មាតហ្វូន Huawei ដែលនឹងប្រើបន្ទះឈីប Kirin 980 មុនគេ មានដូចជា Huawei Mate 20 ដែលគ្រោងចេញនៅខែតុលា និង Honor Magic 2៕