ក្រុមហ៊ុនទី១ ផ្ដល់ប្រាក់លើកចិត្តដល់ម្ចាស់មេដាយ Asian Games ជាង២ម៉ឺនដុល្លារ
- 2018-09-06 02:58:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនទី១ ផ្ដល់ប្រាក់លើកចិត្តដល់ម្ចាស់មេដាយ Asian Games ជាង២ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន ណាហ្គាវើល ជាក្រុមហ៊ុនទី១ហើយ បានឧបត្ថម្ភប្រាក់លើកទឹកចិត្តដល់អត្តពលិកកម្ពុជា ដែលបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី។ អ្នកឈ្នះមេដាយមាស ក្នុង១នាក់បាន ១ម៉ឺនដុល្លារ ហើយចំពោះមេដាយសំរឹទ្ធ១ គឺទទួលបាន ៣០០០ដុល្លារ ផងដែរនាល្ងាចម្សិលមិញនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការអូឡាំពិកកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនឯកជនខាងលើនេះ គឺជាក្រុមហ៊ុនទី១ហើយ ដែលបានចំណាយថវិកាលើកទឹកចិត្តកីឡាករ កីឡាការិនីកម្ពុជាដែលបានឈ្នះមេដាយនៅ Asian Games។ ការជួយឧបត្ថម្ភនេះ ពីសំណាក់ក្រុមហ៊ុនមួយនេះ ក៏មិនមែនលើកទី១ឡើយ ពោលកាលពីស៊ីហ្គេម ២០១៧ និងសកម្មភាពកីឡាមួយចំនួនកន្លងមកក៏មានជាការលើកទឹកច្រើនដែរ។
ក្នុងនាមតំណាងឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏សូមថ្លែងអំណរគុណជាខ្លាំងទៅដល់ក្រុមហ៊ុនខាងលើ ដែលតែងតែជួយរាល់ចលនាកីឡារបស់កម្ពុជា។ ឯកឧត្ដម ក៏សំណូមពរទៅបណ្ដាក្រុមហ៊ុននានាឲ្យចូលរួមជួយឧបត្ថម្ភដល់អត្តពលិករបស់កម្ពុជាដែលបានទទួលបានជ័យជម្នះ ដើម្បីជាការលើកទឹកចិត្តទៅដល់ពួកគេ និងជាការជំរុញឲ្យកីឡាករ កីឡាការិនីផ្សេងៗទៀតរឹតតែខំប្រឹង។ ប្រសិនបើខាងក្រុមហ៊ុនណាចង់ជួយឧបត្ថម្ភម្ចាស់មេដាយទាំងពីរនាក់នេះ អាចទំនាក់ទំនងមកកាន់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បាន។
រំលឹកដែរថា កម្ពុជាបានឈ្នះមេដាយមាស២គ្រឿង និងសំរឹទ្ធ១គ្រឿង ពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីលើកទី១៨នៅប្រទេសឥណ្ឌូណេស៊ីថ្មីនេះ។ សម្រាប់កម្មវិធីប្រគល់ប្រាក់លើកទឹកចិត្តនេះធ្វើឡើងនៅល្ងាចម្សិលមិញនៅក្នុងសណ្ឋាគារណាហ្គាលវើលទី២ ជាប់រង្វង់មូលសម្ដេចសង្ឃ ជូន ណាត។ កីឡាការិនី ខាន់ ចេសា បានទឹកប្រាក់ ១ម៉ឺនដុល្លារ រីឯ សាលី អ៊ូម៉ើត បានទឹកប្រាក់ ១៣០០០ដុល្លារ(មាស១ សំរឹទ្ធ១) ខណៈ NOCC ក៏បាន ១៥០០ដុល្លារផងដែរ៕