កាន់តែ​ក្ដៅ! បេក្ខជន​ជាង ១ពាន់នាក់​​ហើយ​បាន​ប្ដឹង​តវ៉ា​នឹង​លទ្ធផល​បាក់​ឌុប

  • 2018-09-14 03:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​នៃ​ការ​ប្រកាស​លទ្ធផល​ថ្មី​នៅព្រឹកនេះ ឯចំនួន​បេក្ខជន​បាន​ដាក់ពាក្យ​បណ្ដឹង​​​បាន​កើន​ឡើង​ដល់​ជាង ១ពាន់​នាក់​​ហើយ​​ គិត​ត្រឹមថ្ងៃ​នេះ ដែលពាក្យ​បណ្ដឹង​ដើម្បី​ប្រឆាំង​នឹង​​នឹង​លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​(បាក់ឌុប)។ នេះ​បើ​តាម​លោក ឌី ខាំ​ប៉ូលី អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​​ យុវជន និង​កីឡា។

  លោក​បាន​បន្ថែម​ថា ចំនួន​បេក្ខជន​ប្ដឹង​តវ៉ា​លទ្ធផល​ប្រលង ភាគ​ច្រើន​មិន​ពេញ​ចិត្ត​លើ​លទ្ធផល​​មុខ​វិជ្ជា​គណិត​វិទ្យា ហើយ​ចំនួន​អ្នក​ដាក់​ពាក្យ​តវ៉ា​​អាច​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត​។ គណៈកម្មការ​កោសល្យវិច័យ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ម្សិលម្ង៉ៃ​ កំពុង​ត្រួត​ពិនិត្យ​ទៅ​លើ​ពាក្យ​តវ៉ា របស់​បេក្ខជន​ទាំងអស់​​។ “គណៈកម្មការ​កោសល្យ​វិច័យ​កំពុង​ធ្វើ​កិច្ច​ការងារ​នេះ​ ហើយ​​ខ្ញុំ​ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​​ផ្លូវការ​​ពី​គណៈកម្មកា​កោសល្យ​វិច័យ​ដែរ។ បើ​តាម​ព័ត៌មាន​ ដែល​ទទួល​បាន​គឺ​ពួក​គាត់​ភាគច្រើន​តវ៉ា​​​លើ​មុខ​វិជ្ជា​គណិត​”។

  លោក​បាន​ឱ្យ​ដឹង​ទៀត​ថា តាម​ពិត​រឿង​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ពោល​គឺ​តែង​កើត​មាន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ។ ប៉ុន្តែ​អ្វី​ដែល​ប្លែក ​គ្រាន់​តែ​ចំនួន​បេក្ខជន​ដាក់ពាក្យ​តវ៉ា​ហាក់​មាន​​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​។ គណៈកម្មការ​នឹង​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច័យ​ រយៈពេល​​មួ​យ​សប្ដាហ៍ ​ហើយ​បេក្ខជន​អាច​​ដាក់​ពាក្យ​តវ៉ា​លទ្ធផល​ប្រលង​រយៈពេល​មួយ​ខែ។

  យ៉ាង​ណា​ក៏ដោយ លទ្ធផល​ថ្មី​បង្ហាញ​ថា បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨ នាក់(តួ​លេខ​ចាស់ ២៩០) B មាន​ចំនួន ២ ២២២ នាក់, C មាន​ចំនួន ៦ ០៤១ នាក់, D មាន​ចំនួន ១៥ ១៨០ នាក់ និង​ E មាន​ចំនួន ៥២ ១៨៣ នាក់។ ក្រសួង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មិន​មាន​ការ​ប្រែប្រួល​ឡើយ។ ការ​ប្រែប្រួល​នេះ គឺ​បណ្ដាល​មក​ពី​កម្មវិធី​កុំ​កុំព្យូទ័រ​របស់​ក្រសួង មិន​បាន​ស្រង់​ពិន្ទុ​គណិតវិទ្យា៕

សូមទស្សនា ថ្នាក់វិទ្យាសាស្ត្រធ្លាក់ជិត១០០០នាក់ ត្រូវជាប់វិញ កុំភ្លេចចាំមើលឈ្មោះថ្ងៃនេះ

អត្ថបទ៖ សុផល