គូជក់ចិត្ត​ លន បញ្ញា​ ប៉ះ​ ម៉ឺន​ មេឃា​ អ្នក​ចាញ់​ហាលអាវ​ត្រឹម​នេះ​

  • 2018-09-14 07:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប៉ះ​គ្នា​រវាង​កីឡាករ​កំពុង​ឡើង​ថ្វីដៃ​ លន​ និង​ ម៉ឺន​ មេឃា​ ក្នុង​ជុំ​ទី៣​នៃ​ពាន​រង្វាន់​សង្វៀន​ប៉ុស្តិ៍លេខ៥​ នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ហើយ។​ គូ​នេះ​ទៀត​សោធ​អាច​ជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ​ ព្រោះ​ម្នាក់​ៗ​ត្រូវ​ការ​ឈ្នះ​ដាច់ខាត​ឡើង​ទៅ​វគ្គ​បន្ត។​

លន បញ្ញា(ក្រហម)

លន​ បញ្ញា​ ត្រូវ​បាន​មហាជន​អ្នក​និយម​ប្រដាល់​ចាប់​អារម្មណ៍​គួរសម​តាម​រយៈ​សមត្ថភាព​ប្រកួត​ដ៏​ល្អ​កម្រ​និង​ចាញ់​ ខណៈ​ការ​ប្រកួត​ម្ដងៗ​ជក់ចិត្ត​បើ​ទោះ​ជា​គេ​វ៉ៃ​ត្រឹម​ទម្ងន់​ ៥៧​ ឬ​៦០​គីឡូក្រាម​ក្ដី។​ កីឡាករ​រូប​នេះ​មាន​កាយសម្បទា​ខ្ពស់​ល្អ​ អាច​ចេញ​ស្នៀត​ប្រយុទ្ធ​បាន​ទាំង​អស់​ ប៉ុន្តែ​មិន​ជា​សូវ​មាន​ទម្ងន់​ឡើយ។​

ម៉ឺន មេឃា(ខៀវ)

ចំណែក​ ម៉ឺន​ មេឃា​ ក៏​ជា​កីឡាករ​ល្អ​ និង​ល្បី​គួរសម​ដែរ​ ក្រៅ​តែ​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ក៏​ជា​ជម្រើស​ជាតិ​ថ្នាល់​ប្រដាល់​សកល​ផង​ដែរ។​ កូន​ប្រុស​របស់​លោក​ អេ​ ភូថង​ រូប​នេះ​គឺ​ឃើញ​ឈ្នះ​ការប្រកួត​ជា​ហូរហែ​ផង​ដែរ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ ស្នៀត​ល្អ​របស់​ជើង​ខ្លាំង​ខាង​លើ​ គឺ​កណ្ដាប់ដៃ​ និង​ទាត់។​ ការ​ប៉ះ​គ្នា​ល្ងាច​ស្អែក​នេះ​ នឹង​ល្អ​មើល​តែ​ម្ដង​ អាច​និយាយ​បាន​ថា​គូ​នេះ​គឺ​ ៥០​-៥០​ ដូច​គ្នា​ អ្នក​ណាវ៉ៃ​បាន​ច្រើននោះ​នឹង​ឈ្នះ​។​

លន បញ្ញា(ក្រហម)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ជុំ​ទី៣​នៃ​ពាន​រង្វាន់​ TV5​ លើ​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ​ គឺ​មាន​២គូ​ លន​ បញ្ញា​ ប៉ះ​ ម៉ឺន​ មេឃា​ ខណៈ​ ពុទ្ធ​ សំបូរ​ ប៉ះ​ លិញ​ ភារម្យ​ នា​ថ្ងៃ​សៅរ៍​ ទី១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ។ អ្នក​ឈ្នះ​នឹង​បាន​ឡើង​ទៅ​ជុំ​ទី៤ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​