ប៉ះ​ណាហ្គាវើល ​ក្រុម​ក្រសួង​ការពារ​ជាតិ ​នឹង​ប្រើ​កីឡាករ​ខ្មែរ​ឱ្យ​ច្រើន

  • 2018-09-14 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ភា សុភក្ត្រា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ថា​ប៉ះ​ណាហ្គាវើល​នៅ​ថ្ងៃ​ស្អែក​នេះ ​នឹង​ដាក់​កីឡាករ​កម្ពុជា​លេង​ឱ្យ​បាន​ច្រើន ​ដើម្បី​ជា​ការ​សម​ជើង ត្រៀម​លេង​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ។

​ក្រុម​ណាហ្គាវើល ​នឹង​ត្រូវ​ប៉ះ​ ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ ​នៅ​ថ្ងៃ​ស្អែក​នេះ ​វេលា​ម៉ោង​៣​រសៀល ​នៅ​កីឡដ្ឋាន​ស្អាត​ចាស់។ ដោយ​នេះ​ជា​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​២០​ហើយ។ ណា​ហ្គា​វើល​កំពុង​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល ​ត្រូវ​ការ​ឈ្នះ​ប្រកួត​នេះ​ដាច់​ខាត ​ខណៈ​ដែល​ក្រសួង​ការពារ​ជាតិ វិញ​អស់​ឱកាស​ប្រជែង​យក​ពាន​លីគ​កំពូល​នេះ​ទៅ​ហើយ។

លោក ភា សុភក្ត្រា ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ទ័ព ​បាន​លើក​ឡើង​ថា​លោក​នឹង​រៀប​ចំ​ប្រព័ន្ធ​លេង​ឱ្យ​បាន​ល្អ​បំផុត ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ ទន្ទឹម​គ្នា​នឹង​នោះ​ដែរ ​លោក​ក៏​បាន​បន្ថែម​ទៀត​ថា ​ប្រកួត​នេះ ​នឹង​ដាក់​កីឡាករ​កម្ពុជា​លេង​ឱ្យ​បាន​ច្រើន​បន្តិច ព្រោះ​ដើម្បី​ឱ្យ​ពួកគេ​យល់​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង ត្រៀម​លេង​ផ្ដាច់ព្រ័ត្រ​ពាន Hun Sen Cup ​ជាមួយ​ក្រុម​ប៉ូលិស​នៅ​ថ្ងៃ​ទី​៦​ខែ​ក្រោយ​។

លោក ​បន្ដ​ទៀត​ថា ​ប្រសិន​បើ​ប្រើ​កីឡាករ​ខ្មែរ​ច្រើន ​ហើយ​ឈ្នះ​ណាហ្គាវើល​ទៀត ​នោះ​ក្រុម​របស់​លោក​មាន​ភាគរយ​កាន់​តែ​ខ្ពស់​ហើយ​ក្នុង​ការ​យក​ពាន​រង្វាន់ Cup ​នា​រដូវ​កាល​នេះ។ ដោយ​ពាន​លីគ​នៅ​សល់​៣​ប្រកួត​នេះ ​ក្រសួង​ការពារ​ជាតិ​នឹង​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ខ្មែរ​លេង​បាន​ច្រើន​បំផុត ​តាម​តំបន់​ទាំង​អស់៕

អត្ថបទ៖ មុន្នីរម្យ