តារាចម្រៀងវ័យក្មេង Hear My Song ច្រៀងដោយកិត្តយស ច្រៀងដោយមោទនភាព នៅពិព័រណ៍ ITET 2014
- 2014-11-16 17:00:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងវ័យក្មេង Hear My Song ច្រៀងដោយកិត្តយស ច្រៀងដោយមោទនភាព នៅពិព័រណ៍ ITET 2014
ចន្លោះមិនឃើញ
ពីមួយបទទៅមួយបទ បទចម្រៀងដែលច្រៀងពីសំណាក់ក្រុមបេក្ខជននិងជយលាភី Hear My Song បានធ្វើឲ្យទស្សនិកជនចូលរួមពិព័រណ៌ ITET 2014 អន្លង់អន្លោចនិងលាន់មាត់សរសើរពីទឹកដមសំនៀង ជាមួយការតែងនិពន្ទទំនុកភ្លេងដ៏សែនពិរោះ។
ឆ្លៀតទំនេរពីការសិក្សា វិរៈបាននាំមិត្តភ័ក្រ្តិមកចួលរួមទស្សនាពិព័រណ៌ ITET 2014 កាលពីរសៀលម្សិលមិញនេះ។ វិរៈបានបង្ហាញការចំណាប់អារម្មណ៍នៅពេលកំពុងស្តាប់បទចម្រៀងដែលច្រៀងដោយក្រុម Hear My Song ថា៖ "អស់ពីមួយបទទៅមួយបទ មិនមានបទណា ដែលមិនធ្វើឲ្យខ្ញុំមិនបណ្តែតអារម្មណ៍តាមនោះទេ"។
យុវជនរូបនេះបន្តថា បទចម្រៀងដែលនិពន្ធដោយកូនខ្មែរ ពិតជាពិរោះមិននឹកស្មានដល់ទេ។ វិរៈសំណូមពរ ឲ្យកូនខ្មែរដែលស្រលាញ់វិស័យសិល្បៈចម្រៀង ខិតខំតែងនិពន្ធបទថ្មីៗឲ្យបានច្រើនបន្ថែមទៀត ដើម្បីលើកតម្កើងមុខមាត់ជាតិ ក៏ដូចជារួមចំណែកអភិវឌ្ឍបទចម្រៀងដែលបង្ហាញអត្តសញ្ញាណខ្មែរដល់ពិភពលោកខាងក្រៅ។
កំពុងបណ្តែតអារម្មណ៍បទចម្រៀង ដែលបង្ហើរសំនៀងពីក្រុមតារាចម្រៀងវ័យក្មេង Hear My Song ដែរ វិចិត្រដែលកំពុងឈរទស្សនាក្បែរឆាកក៏បានបង្ហាញការយល់ឃើញដែរថា ទោះបីមានការខ្វះខាតមួយចំនួន ប៉ុន្តែជាការប្រសើរដែលកូនខ្មែរពេលនេះអាចលើកយកបទចម្រៀង ដែលនិពន្ធដោយខ្លួនឯងផ្ទាល់បង្ហាញដល់អ្នកទស្សនា។
“ពីមុនបទចម្រៀងស្ទើរតែទាំងអស់លួចចម្លងពីបរទេស។ តែពេលនេះវិស័យបទចម្រៀងរបស់ខ្មែរកំពុងរស់រានឡើងវិញ ដោយសារកូនខ្មែរជំនាន់ក្រោយកំពុងដុតដៃដុតជើងតែងបទចម្រៀងនិពន្ធថ្មី ដើម្បីបង្ហាញពីភាពផ្លាសប្តូរដ៏ប្រសើរមួយសម្រាប់ការទទួលបានភាពថ្កុំថ្កើងឡើងវិញនៃវិស័យបទចម្រៀងរបស់ខ្មែរ។
ក្នុងពិព័ណ៍បច្ចេកវិទ្យា ITET 2014 ក្រុមតារាចម្រៀង Hear My Song បានបង្ហើរបទចម្រៀងដែលជាការតែងនិពន្ធថ្មីមិនចម្លងពីបរទេស។ ក្នុងពេលដែលប្រិយមិត្តជាច្រើនបានឈរទស្សនា ពួកគេបានសំណូមពរឲ្យពលរដ្ឋខ្មែរជួយគាំទ្រ សម្រាប់ការតែងបទចម្រៀងថ្មីរបស់ពួកគេ ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំការប្រឹងប្រែងក្នុងការបន្តសាងស្នាដៃជាបន្តបន្ទាប់ ជាពិសេស ដើម្បីភាពរស់រានយូរអង្វែងនៃវិស័យតន្រ្តីរបស់ប្រទេសកម្ពុជា។
អត្ថបទ៖ ប៊ុណ្ណារ៉ា