ការ​ស្រាវជ្រាវ៖ "ប្រជា​ជន​កម្ពុជា ៧% គ្មានទូរសព្ទប្រើ តែមានស៊ីម​កាត Activate ហើយ"

  • 2018-11-07 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​ស្រង់​មតិ​ក្នុង​កម្មវិធី AfterAccess របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន LIRNEasia ដែល​ទើប​ឈ្នះ​ពាន​រង្វាន់​ស្រាវជ្រាវ EQUALSINTech ពី​សហរដ្ឋ​អាមេរិក​ថ្មីៗ​នេះ បាន​ចេញ​ផ្សាយ​នូវ​លទ្ធផល​ការ​ស្រាវជ្រាវ​​បង្ហាញ​ថា ប្រជា​ជន​កម្ពុជា​ចំនួន ៧% ទោះ​គ្មាន​ទូរសព្ទ ក៏​មាន​ស៊ីម​(Activate SIM)ដែរ។

បទបង្ហាញពីតួលេខអ្នកប្រើទូរសព្ទនៅកម្ពុជា គិតត្រឹមខែតុលា ឆ្នាំ ២០១៨

នៅ​ក្នុង​ប្រធានបទ(Mobile Phone Owneship) នៃ​ការ​ស្រាវជ្រាវ​ដែល​ចែក​ជា ៣​ ប្រភេទ​ផ្សេង​គ្នា​គឺ (ស្មាតហ្វូន​ទំនើប, ទូរសព្ទ​ធម្មតា តែ​មាន​ភ្ជាប់​អ៊ីនធើណិត និង​ទូរសព្ទ​ធម្មតា​ៗ បាន​ត្រឹម​តែ​លើក​ទទួល​ពេល​គេ​ខល​ចូល) បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស ១៨ ប្រជាជន​នៃ​ប្រទេស​កម្ពុជា មាន **៤៨%** ប្រើ​ប្រាស់​ស្មាតហ្វូន(ជា​តួលេខ​ខ្ពស់​ជាង​គេ​មួយ​នៅ​អាស៊ី និង​អាហ្រ្វិក លើក​លែង​តែ​អាហ្វ្រិក​ខាង​ត្បូង និង​មីយ៉ាន់​ម៉ា)។ ក្នុង​នោះ​ដែរ មាន **៤២%** ប្រើ​ទូរសព្ទ​មិន​ភ្ជាប់​អ៊ីនធើណិត។

រូបតំណាង

ការ​រក​ឃើញ​សំខាន់ៗ​ផ្សេង​ទៀត​ពី​របាយ​ការណ៍​សម្រាប់ ប្រទេស​កម្ពុជា៖

  • អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃមាន​ដល់​ទៅ ៦៨% ក្នុង​ចំណោម​អ្នក​មាន​អាយុ​ចន្លោះ​ពី ១៥ ដល់ ៦៥ ឆ្នាំ។
  • ២៩% នៃ​អ្នក​ប្រើប្រាស់​ទូរសព្ទ​មាន​អាយុ​ចន្លោះ​ពី ១៥ ដល់ ៦៥ ឆ្នាំ មាន​ស៊ីម​កាត​ប្រើ​ច្រើន​ជាង ១។
  • ៨៥% នៃ​អ្នក​ប្រើប្រាស់​ទូរសព្ទ​មាន​អាយុ​ចន្លោះ​ពី ១៥ ដល់ ៦៥ ឆ្នាំ(មាន​ភ្ជាប់​អ៊ីនធើណិត) បង្ហាញ​ថា ពួក​គាត់​ប្រាប់​ពី​កម្មវិធី​ម្យ៉ាង​នៅ​លើ​ទូរសព្ទ ​បាន​ប្រើប្រាស់​ខ្ពស់​បំផុត​ក្នុង​ចំណោម​ទូទាំង​ប្រទេស​អាស៊ី និង​អាហ្វ្រិក​ទាំង​អស់។
  • ៣០% នៃ​អ្នក​ប្រើប្រាស់​ទូរសព្ទ​មាន​អាយុ​ចន្លោះ​ពី ១៥ ដល់ ៦៥ ឆ្នាំ បាន​ប្រាប់​ថា ពួកគេ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។
  • ៤៨% នៃ​អ្នក​ប្រើប្រាស់​ទូរសព្ទ​មាន​អាយុ​ចន្លោះ​ពី ១៥ ដល់ ៦៥ ឆ្នាំ ប្រើ​ស្មាតហ្វូន​ទំនើប។ ខណៈ ១៤% ​ប្រើ​ត្រឹម​ទូរសព្ទ​ធម្មតា តែ​មាន​ភ្ជាប់​អ៊ីនធើណិត ចំណែក ៤២% ​ប្រើ​ទូរសព្ទ​ធម្មតា​ៗ បាន​ត្រឹម​តែ​លើក​ទទួល​ពេល​គេ​ខល​ចូល។

គេ​រក​ឃើញ​ថា មាន​តែ ៧% ​ប៉ុណ្ណោះ​ជា​អ្នក​គ្មាន​ទូរសព្ទ​ប្រើ ប៉ុន្តែ​បាន​ភ្ជាប់​ការ​ប្រើ​ស៊ីម(Active SIM) ក្នុង​នោះ​មាន​ ៦% ភ្ជាប់​ស៊ីម ១ និង ១% ភ្ជាប់​ស៊ីម​លើស​ពី ២។

បទបង្ហាញពីតួលេខអ្នកប្រើទូរសព្ទនៅកម្ពុជា គិតត្រឹមខែតុលា ឆ្នាំ ២០១៨

ក្រៅ​ពី​នោះ ក៏​នៅ​មាន​របាយការណ៍​លម្អិត​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​កម្ពុជា​ផង​ដែរ ដូច​ជា Connectivity, Mobile Phone, Social Media, Public Wi-Fi, Online harassment ជាដើម។

ទិន្នន័យ​នៃ​ការ​ស្រាវជ្រាវ​ទាំង​នោះទទួ​ល​បាន​​រួម​មាន​ប្រទេស​ដូចជា អាហ្សង់ទីន កូឡុំប៊ី អាហ្វ្រិក​ខាង​ត្បូង ប៉េរ៉ូ ប៉ារ៉ាហ្គាយ ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្គាណា មីយ៉ាន់ម៉ា កម្ពុជា កេនយ៉ា នេប៉ាល់ បង់ក្លាដេស ហ្គាតេម៉ាឡា តង់ហ្សានី រ្វ៉ាន់ដា ម៉ូហ្សាំប៊ិច។

លោក​ស្រី Helani Galpaya ពេល​ឡើង​ទទួល​ពាន​ | រូបភាព៖ LIRNEasia

ក្នុង​ឱកាស​ចេញ​ផ្សាយ​នូវ​លទ្ធផល​ការ​ស្រាវជ្រាវ​នៅ​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ លោក​ស្រី Helani Galpaya ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន LIRNEasia ប្រចាំ​តំបន់​អាស៊ី បាន​និយាយ​ថា៖ លទ្ធផល​ជាក់លាក់​នឹង​ក្លាយ​ជា​ទិន្នន័យ​ដ៏​សំខាន់​ក្នុង ICT ហើយ​អ្នកស្រី​ជឿ​ជាក់​ថា អ្នក​ធ្វើ​គោល​នយោបាយ និង​អ្នក​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​ទិន្នន័យ​នេះ​ជា​ព័ត៌មាន​សម្រាប់​ការ​ធ្វើ​គោលនយោបាយ និង​នីតិ​វិធី​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​គម្លាត​ យេនឌ័រ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។

អ្នក​ស្រី​បន្ត​ថា ​របាយ​ការណ៍​នេះ អាច​ប្រើ​ប្រាស់​បាន​ជា​ផ្លូវការ​និង​មាន​ប្រសិទ្ធភាព​ទៀត​ផង។

សៀវភៅ AfterAccess ចេញ​ផ្សាយ​ដោយ​ LIRNEasia

ក្រុមហ៊ុន​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន LIRNEasia ជា​បណ្ដុំ​អ្នក​ផ្ដល់​គំនិត​គោលនយោបាយ ទាក់ទង​និង​បច្ចេកវិទ្យា​ព័ត៌មាន ICT ផ្ដល់​ទិន្នន័យ​ថ្មីៗ​លើ​ការ​ប្រើប្រាស់​ទូរសព្ទ​និង​ប្រព័ន្ធ​អ៊ីនធើណិត ដែល​ទើប​ឈ្នះ​ពាន​រង្វាន់​ស្រាវជ្រាវ EQUALSINTech ពី​ទីក្រុង​ញ៉ូវ​យក សហរដ្ឋ​អាមេរិក។

សៀវភៅ AfterAccess មាន​ចំណងជើង​ថា៖ ICT access and use in Asia and the Global South បាន​ចងក្រង​ឡើង​ជា ៧ ​មាតិកា​មាន​ដូចជា Study about AfterAccess, Connectivity, Mobile Phone, Social Media, Public Wi-Fi, Online harassment ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​មាន​សហការ​ជាមួយ និង​បាន​បង្កើត​ឡើង​តាម​រយៈ​ជំនួយ​ឥត​សំណង​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​អន្តរជាតិ (IDRC) រដ្ឋាភិបាល​កាណាដា មូលនិធិ Ford មូលនិធិ​ក្រុមហ៊ុន​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ស៊ុយអែត (SIDA) និង​ក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ (DFID) ចក្រភព​អង់គ្លេស៕

អត្ថបទ៖ រក្សា