ខួបទទួលបានឯករាជ្យ! រដ្ឋមន្ត្រីរការបរទេសខ្មែរ និងអាមេរិក ឆ្លើយឆ្លងសម្តីគ្នាយ៉ាងកក់ក្តៅ
- 2018-11-09 03:24:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខួបទទួលបានឯករាជ្យ! រដ្ឋមន្ត្រីរការបរទេសខ្មែរ និងអាមេរិក ឆ្លើយឆ្លងសម្តីគ្នាយ៉ាងកក់ក្តៅ
ចន្លោះមិនឃើញ
រដ្ឋាភិបាលអាមេរិកបានចូលរួមអបអរសាទរដល់ប្រជាជនកម្ពុជាក្នុងឱកាសខួបលើកទី៦៥នៃថ្ងៃទទួលបានឯករាជ្យពីរបបអាណាព្យាបាលបារាំង និងបានលើកសរសើរពីចំណងទាក់ទងដ៏រឹងមាំរបស់ប្រជាជនប្រទេសទាំងពីរ។
នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមរិកប្រចាំកម្ពុជានៅថ្ងៃនេះ បានសរសេរថាលោករដ្ឋមន្ត្រីការបរទេសអាមរិក Pompeo បានសម្តែងអំណរសរសើរដល់ប្រជាជនកម្ពុជានៅក្នុងឱការខួបលើកទី៦៥ នៃឯករាជ្យរបស់ប្រជាជនខ្មែរ។
ប្រភពដដែលសរសេរថា៖ «ចំណងទាក់ទងដ៏រឹងមាំរវាងប្រជាជនកម្ពុជានិងប្រជាជនអាមេរិកបានជាប្រយោជន៍ដល់ប្រទេសយើងទាំងពីរ ជារៀងរាល់ឆ្នាំ មានអ្នកទេសចរអាមេរិកចំនួនជាង ១៧០ ០០០ នាក់បានមកឃើញសម្រស់ និងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ចំណែកក្នុងសហរដ្ឋអាមេរិកវិញ យើងទទួលបានការរួមចំណែកយ៉ាងច្រើនពីសហគមន៍ជនជាតិអាមេរិកមានដើមកំណើតខ្មែរ ចំពោះរចនាសម្ព័ន្ធដែលមានលក្ខណៈសម្បូរបែបនិងចំរុះនៃសង្គមរបស់យើង។យើងសង្ឃឹមដូចលោកអ្នកដែរ លើការអភិវឌ្ឍនៃសង្គមមួយដែលត្រឹមត្រូវ មានលទ្ធិប្រជាធិបតេយ្យ វិបុលភាពដែលក្នុងនោះប្រជាជនមានសេរីភាព»។
តាមពិតទៅលិខិតនេះបានធ្វើឡើងតាំងពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ និងទើបស្ថាតទូតផ្សព្វផ្សាយបន្តនៅព្រឹកនេះ។
សម្រាប់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញថា៖«សារលិខិតរបស់ ឯកឧត្តម ប៉ុមភីអូ ផ្តល់ឲ្យយើងទាំងអស់គ្នានូវក្តីសង្ឃឹមសាជាថ្មីថា សហរដ្ឋអាមេរិក នឹងជួយប្រជាជនកម្ពុជាក្នុងការបោះជំហានទៅមុខទៀត ដោយគិតគូរទៅដល់ និងគោរពចំពោះស្មារតីនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា»។
គួរបញ្ជាក់ថាបារាំងបានដាក់អាណាព្យាបាលលើកម្ពុជានៅឆ្នាំ១៨៦៣ និងបានប្រគល់ឯករាជ្យពេញលេញមកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕